កីឡាអន្តរជាតិ
អន្តរជាតិ
Martial នឹងចែកផ្លូវពីបិសាចក្រហម ក្រោយរួមរស់៩ឆ្នាំ
28, May 2024 , 4:39 pm        
រូបភាព
កីឡាករខ្សែប្រយុទ្ធ Anthony Martial នឹងចាកចេញពីក្រុម Manchester United នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់ត្រានៅក្នុងខែមិថុនា ខាងមុខ។ នេះបើតាមការអះអាងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង នាថ្ងៃទី២៧ ខែឧសភា។



ចូលរួមជាមួយក្លិបរហស្សនាមបិសាចក្រហម កាលពីឆ្នាំ ២០១៥ កីឡាករសញ្ជាតិបារាំង វ័យ២៨ឆ្នាំ រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៩០គ្រាប់ ពីការបង្ហាញខ្លួន ៣១៧លើក។
 
ការចាកចេញរបស់ Martial ក៏ត្រូវបានគេរំពឹងទុកតាំងពីដើមរដូវកាលមកម្ល៉េះ ខណៈដែលរូបគេជួបបញ្ហារបួសញឹកញ៉ាប់ នាប៉ុន្មានរដូវកាលចុងក្រោយ ហើយថែមទាំងធ្លាក់ទម្រង់លេងខ្លាំង។ បញ្ហាធ្វើឱ្យគេបាត់ឈ្មោះពីបញ្ជីរបស់ក្រុមបិសាចក្រហមក្រោមការដឹកនាំរបស់លោក Erik ten Hag។
 
ស្ថិតក្នុងជ័យជម្នះពានរង្វាន់ FA Cup ដែលក្រុម Manchester United យកឈ្នះលទ្ធផល ២-១ លើក្រុម Man City Martial គ្មានវត្តមានជាមួយនឹងក្រុមឡើយ។ ក្រោយពេលក្រុមឈ្នះពាន Martial បានបង្ហោះសារនៅលើបណ្តាញសង្គម និយាយពីការលាគ្នា ជាមួយក្លិបដែលរួមរួសរយៈពេល ៩ឆ្នាំ។
 
Martial បាននិយាយដូច្នេថា៖«ជាអារម្មណ៍ដ៏ពិបាក និងអស្ចារ្យមួយ ដែលខ្ញុំបានសរសេរទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះ ក្នុងការលាគ្នា។ បន្ទាប់ពីរយៈពេល ៩ឆ្នាំ ដ៏អស្ចារ្យជាមួយក្លិប ពេលវេលាមកដល់ហើយ»។ 
 
Martial ជាកីឡាករបារាំងទីពីរ ដែលបានប្រកាសចាកចេញពីក្លិបបិសាចក្រហម ក្រោយចប់រដូវកាល ២០២៣-២៤ ដោយកាលពីដើមខែឧសភា ខ្សែការពារ Raphael Varane បានប្រកាសពីការចាកចេញរបស់គេ តាមរយៈឃ្លីបវីដេអូ លើគេហទំព័រក្លិប៕

Tag:
 Anthony Martial
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com