កីឡាជាតិ
ជាតិ
Pacquiao ប្រាប់ សម្តេច ហ៊ុន ម៉ាណែត ថាខ្លួននឹងជួយលើក«គុនខ្មែរ» ![រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត](https://image.thmeythmey.com/pictures/2024/05/31/untitled-1.jpg)
រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត
×![]()
Manny Pacquiao ស្តេចប្រដាល់ហ្វីលីពីន នឹងចូលរួមលើកស្ទួយ និងជំរុញវិស័យកីឡាប្រដាល់គុនខ្មែរ។ Pacquiao ប្រាប់សម្តេច ហ៊ុន ម៉ាណែត ដូច្នេះ នៅវិមាន៧មករា ក្នុងឱកាសទស្សនកិច្ចលើកទី២របស់ខ្លួននៅទឹកដីកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុក វត្តមាន កំពូលកីឡាករប្រដាល់ពិភពលោក ជាការលើកស្ទួយវិស័យកីឡា និងទេសចរណ៍កម្ពុជា។
Pacquiao បានធ្វើដំណើរមកកាន់ទឹកដីកម្ពុជាជាលើកទីពីរ នៅថ្ងៃទី៣០ ខែឧសភា និងបានចួលជួបសម្តេចហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃដដែលនោះ។ ក្នុងជំនួបនោះ អតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន បានរៀបរាប់ពីបទពិសោធន៍ក្នុងអាជីពកីឡាប្រដាល់សកលរបស់ខ្លួន ទៅកាន់សម្តចនាយករដ្ឋមន្ត្រី។
Pacquiao បានប្រាប់សម្តេចថា កីឡាប្រដាល់ជាប្រភេទកីឡាមួយមានលក្ខណៈពិសេស និងលំបាក ដែលទាមទារឱ្យមានការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ទើបអាចក្លាយជាកីឡករប្រដាល់អាជីព ដែលមានកេរ្តិ៍ឈ្មោះល្បីបាន។
![](https://image.thmeythmey.com/pictures/2024/05/31/a__2_.jpg)
ស្របពេលគ្នានោះដែរ អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក៨ស្ថាប័នផ្សេងគ្នាសន្យាចូលរួមលើកស្ទួយ និងជំរុញវិស័យកីឡាប្រដាល់គុនខ្មែរថែមទៀតផង ដ្បិតគុនខ្មែរជាផ្នែកមួយនៃកីឡាប្រដាល់។ លើសពិនេះ Pacquiao នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗរបស់កម្ពុជា ដើម្បីចែករំលែកបទពិសោទន៍ និងស្មារតីក្នុងកីឡាប្រដាល់ ដែលខ្លួនបានឆ្លងកាត់ក្នុងអាជីពជាអ្នកប្រដាល់ពិភពលោក ជាច្រើនឆ្នាំ។
ដោយឡែក សម្តេច ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីរីករាយចំពោះវត្តមាន Pacquiao លើទឹកដីកម្ពុជា ជាលើកទី២។ សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ស្តេចប្រដាល់ហ្វីលីពីនវ័យ៤៥ឆ្នាំរូបនេះ នឹងក្លាយជាការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និង ហ្វីលីពីន តាមរយៈប្រជាជន និងប្រជាជន។
អ្នកប្រដាល់ និងអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីនរូបនេះ ធ្លាប់មកកម្ពុជាម្ដងរួចមកហើយ ដោយអមដំណើរលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន អំឡុងបំពេលទស្សនកិច្ចផ្លូវរដ្ឋ កាលពីឆ្នាំ២០១៦៕
![](https://image.thmeythmey.com/pictures/2024/05/31/a__3_.jpg)
© រក្សាសិទ្ធិដោយ thmeythmey.com