ជាតិ
ជនរងគ្រោះដោយសារមីននៅកម្ពុជា កើនឡើងជិត៦០ភាគរយ
03, Jun 2024 , 4:39 pm        
រូបភាព
រយៈពេល៥ខែ ឆ្នាំ២០២៤ មានមនុស្សចំនួន៣០នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះមាន ៨នាក់បានស្លាប់ របួស១៨នាក់ និងធ្លាក់ខ្លួនពិការ៤នាក់។ អត្រាគ្រោះថ្នាក់នេះ កើនឡើង៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានជនរងគ្រោះត្រឹម១៩នាក់ប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរមីន នៅថ្ងៃទី៣ ខែមិថុនានេះ។



បើតាមអាជ្ញាធរមីន ករណីទាំងអស់នេះ កើតចេញពីសកម្មភាពលេងគ្រាប់ ៦៤ភាគរយ, ការរកស្បៀងអាហារ ១៣ភាគរយ, ការសម្អាតដីធ្វើកសិកម្ម ១០ភាគរយ, ការធ្វើសំណង់ ១០ភាគរយ និងការដុតភ្លើង៣ភាគរយ។ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ រដ្ឋាភិបាលកម្ពុជា បានសហការជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន បន្តសកម្មភាពរំដោះផ្ទៃដី និងការផ្សព្វផ្សាយអំពីផលប៉ះពាល់របស់មីន និងគ្រាប់មិនទាន់ផ្ទុះ ដល់សហគមន៍ ដើម្បី«ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់នៅបន្តរងគ្រោះទៀត»។
 
ជាមួយគ្នានេះ អាជ្ញាធរមីនបានអំពាវនាវកុំឱ្យពលរដ្ឋចូលទៅតំបន់ណា ដែលមិនដឹងប្រវត្តិច្បាស់លាស់ ត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន។ 
 
សូមបញ្ជាក់ មកដល់ពេលនេះ មាន១៥ខេត្តហើយបានប្រកាសក្លាយជា«ខេត្តអស់មីន» ក្នុងរួមមាន កែប កំពង់ស្ពឺ មណ្ឌលគិរី ក្រចេះ កំពង់ចាម ស្ទឹងត្រែង ព្រៃវែង ភ្នំពេញ ព្រះសីហនុ ខេត្តត្បូងឃ្មុំ ស្វាយរៀង ខេតាកែវ កំពត កំពង់ឆ្នាំង និងកណ្តាល។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៧៩ ដល់ខែឧសភា ឆ្នាំ២០២៤ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសរុប៦៥.០៦៧នាក់ ក្នុងនោះរងគ្រោះដោយសារមីន៧៩ភាគរយ និងសំណល់ជាតិផ្ទុះពីសង្រ្គាម២១ភាគរយ៕ 
 

Tag:
 អាជ្ញាធរមីន
  លី ធុជ
  សំណល់ជាតិផ្ទុះ
© រក្សាសិទ្ធិដោយ thmeythmey.com