ជាតិ
អត្ថបទពាណិជ្ជកម្ម
MG Cambodia ប្រកាស កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈនិងប្រគល់រថយន្ដ MG GT ស៊េរីឆ្នាំ២០២៤ ជាកាដូ
17, Jun 2024 , 3:29 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤៖ MG Cambodia ដែលជាក្រុមហ៊ុនយីហោចក្រភពអង់គ្លេសដ៏ល្បីមួយនៅក្នុងឧស្សាហកម្មរថយន្តបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងប្រកាសជាផ្លូវការ កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈរបស់រថយន្ត MG ប្រចាំប្រទេសកម្ពុជា។ ខណៈ កញ្ញា ស៊ីន យូប៊ីន គឺជាតារាកម្ពុជាតែម្នាក់គត់ ដែលបានទទួលស្គាល់ជាអន្តរជាតិក្នុងកិច្ចសហការការងារជាមួយក្រុមហ៊ុនដ៏ធំលំដាប់អន្តរជាតិជាច្រើនដូចជា៖ LVMH Group ដែលមានដូចជាម៉ាកយីហោ Dior និង BVLGARI ព្រមជាមួយម៉ាកយីហោអន្តរជាតិផ្សេងៗទៀតដូចជា Pedro, Fendi Casa, Calvin Klein, Samsung និងម៉ាកយីហោផ្សេងៗទៀតជាច្រើន ជាមួយគ្នានោះដែរ គេក៏សង្កេតឃើញថាកញ្ញាធ្លាប់បានលេចមុខនៅលើគ្របទស្សនាវដ្តីលំដាប់ពិភពលោកដូចជា Bazzaar ជាដើម ទាំងនោះហើយជាមូលហេតុដែលកញ្ញាគឺជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់យីហោរថយន្ត MG របស់ចក្រភពអង់គ្លេសផងដែរ។

កម្មវិធីនេះ បានប្រារព្ធឡើងនៅអគារតាំងបង្ហាញរថយន្ត MG សាខាទឹកថ្លា ដែលរៀបចំឡើងដើម្បីអបអរសាទរ និងការទទួលស្វាគមន៍កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈរបស់រថយន្ត MG ដែលនេះជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតរវាងក្រុមហ៊ុនរថយន្ត MG ដ៏មានប្រជាប្រិយភាពនៅកម្ពុជា និងតារាដ៏ល្បីប្រចាំប្រទេសក្នុងការនាំយកនូវទស្សនៈវិស័យរួមគ្នាដើម្បីបង្កើនភាពរីកចម្រើនទៅមុខជាមួយគ្នា។​ ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃតំណាងក្រុមហ៊ុន អឹមជី ខេមបូឌា លោក អ៊ុំ គីម និង កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈក្នុងការចាប់ផ្តើមនៃភាពជាដៃគូនិងការសហការគ្នា។ ជាមួយគ្នានោះដែលក៏មានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុន​, អ្នកសារព័ត៌មាន, អ្នកគាំទ្រ និងភ្ញៀវកិត្តិយសជាច្រើន ដែលបានផ្តល់កិត្តិយសចូលរួមធ្វើជាសាក្សីក្នុងឱកាសដ៏វិសេសវិសាលមួយនេះ ជាមួយនឹងការទទួលទានអាហារឆ្ញាញ់ៗ និងការប្រគុំតន្ត្រីវីយូឡុងកំដរអារម្មណ៍ បានបង្កើតនូវបរិយាកាសកម្មវិធីកាន់តែរីករាយ និងអនុញ្ញាតឱ្យភ្ញៀវកិត្តិយសចូលរួមអបអរសាទរដល់ក្រុមហ៊ុន MG និងទូតសុច្ឆន្ទៈថ្មី។ បន្ថែមពីលើឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន MG ក៏បានប្រគល់រថយន្ត MG GT ស៊េរីថ្មីឆ្នាំ២០២៤ ជាកាដូរដល់ កញ្ញា ស៊ីន យូប៊ីន ដែលជាទូតសុច្ឆន្ទៈផ្លូវការរបស់ខ្លួន និងបង្ហាញថាកញ្ញាក៏ប្រើប្រាស់រថយន្ត MG ផងដែរ។
 
លោក អ៊ុំ គីម អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន អឹមជី ខេមបូឌា បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូរថា៖ «ដោយបានឃើញពីទេពកោសល្យដ៏អស្ចារ្យរបស់ កញ្ញា ស៊ីន យូប៊ីន និងការបង្ហាញថា MG បានចូលរួមគាំទ្រ និងលើកស្ទួយដល់សិល្បៈកម្ពុជា ដែលមានភាពវ័យក្មេង និងមានអត្តចរិកលក្ខណៈល្អ មានឆន្ទៈ និងការតាំងចិត្តដ៏មោះមុតដូចជា កញ្ញា ស៊ីន យូប៊ីន ជាដើម។ ដូចដែលកញ្ញាបានសម្រេចនូវសមិទ្ធផល និងក្តីស្រមៃជាច្រើន ចាប់តាំងពីកញ្ញាជា Freshie Girls រហូតក្លាយជាតារាល្បីប្រចាំប្រទេស និងទទួលស្គាល់ដោយម៉ាកយីហោអន្តរជាតិជាច្រើន ព្រមទាំងអាចបង្ហាញខ្លួននៅលើឆាកអន្តរជាតិបានទៀតផង។ ប្រៀបដូចទៅនឹង MG ដែលជាម៉ាកយីហោរបស់ចក្រភពអង់គ្លេស មានអាយុកាល១០០ឆ្នាំនៅលើឆាកអន្តរជាតិ និង១៤ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងកំណើននៃការលក់ ការពង្រីកបន្ថែមនូវសាខាអគារតាំងបង្ហាញថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ហើយឆាប់ៗនេះយើងនឹងមានការបន្ថែមសាខាថ្មីមួយទៀតក្នុងខេត្តបាត់ដំបង ដែលនឹងផ្តល់បទពិសោធថ្មីដ៏ល្អមួយកម្រិតទៀតដល់ក្រុមគ្រួសារ MG របស់យើង។ វាពិតជារីករាយនិងមានមោទនភាពបំផុតសម្រាប់យើងខ្ញុំក្នុងការប្រកាសទូតសុឆន្ទៈដ៏អស្ចារ្យរបស់យើង ហើយយើងជឿជាក់ថាយើងនឹងអាចសម្រេចបានលទ្ធផលល្អជាច្រើនជាមួយគ្នាចាប់ពីពេលនេះតទៅ។»



នាឱកាសនោះ កញ្ញា ស៊ីន យូប៊ីន បានរៀបរាប់ថា៖ «ជាកិត្តិយសខ្លាំងណាស់សម្រាប់ខ្ញុំ ដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់ MG ប្រចាំនៅប្រទេសកម្ពុជា​ និងសូមអរគុណខ្លាំងមែនទែនដែលបានផ្តល់ភាពជឿជាក់លើនាងខ្ញុំ ក្នុងការធ្វើដំណើរជាមួយគ្រួសារ MG ហើយខ្ញុំពិតជាសូមកោតសរសើរដល់ក្រុមហ៊ុន​ MG ដែលបានជ្រើសរើសនិងលើកស្ទួយសិល្បៈខ្មែរស្របតាមអនុសាស្ត្ររបស់ប្រមុខរដ្ឋាភិបាលរបស់យើងដែលលោកបានលើកឡើងថា តារាសិល្បៈខ្មែរយើងគឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សា ការពារ និងអភិវឌ្ឍន៍បន្ត និងជាបុគ្គលដ៏សំខាន់ក្នុងការផ្សព្វផ្សាយលើគ្រប់វិស័យទាំងអស់មិនថានៅក្នុងស្រុក ឬទៅកាន់ឆាកអន្តរជាតិនោះទេ។
 
«កត្តាចម្បងដែលធ្វើឱ្យនាងខ្ញុំព្រមព្រៀងក្លាយជាទូតសុច្ឆន្ទៈរបស់ MG គឺ MG មានវត្តមាននៅប្រទេសកម្ពុជារយៈពេល ១៤ឆ្នាំមកហើយ ពីមួយឆ្នាំទៅមួយឆ្នាំគឺមានតែភាពរីកចម្រើននិងរក្សាកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺ ដែលសបញ្ផាក់អំពីការទទួលស្គាល់ពីប្រជាជនកម្ពុជា រហូតក្លាយជា Top​ 3 លើរថយន្តទំនើបលក្ខណៈគ្រួសារនៅកម្ពុជា ដែលមានន័យថាការខិតខំកសាងកេរ្តិ៍ឈ្មោះ និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់នៅកម្ពុជា ដែលនេះហើយជាការផ្តល់ទំនុកចិត្តដល់ខ្ញុំដូចគ្នាដែរ ហើយកញ្ញានឹងរួមគ្នាជាមួយក្រុមហ៊ុនដើម្បីផ្សព្វផ្សាយអំពីរថយន្តដែលមានគុណភាពជូនអតិថិជន។ ចំណុចមួយវិញទៀតគឺ MG បាននាំចូលនូវរថយន្តអគ្គិសនីចំនួន ៣ ម៉ូឌែលសុទ្ធសឹងតែស្រស់ស្អាត និងល្អខ្លាំងមែនទែន ហើយក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈនិងជាតារាប្រចាំប្រទេសកម្ពុជាក៏សុំអំពាវនាវដល់បងប្អូនទាំងអស់ប្រសិនជាអាចសូមងាកមកប្រើប្រាស់រថយន្តអគ្គិសនីទាំងអស់គ្នាដើម្បីបើកបរដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន។ ហើយនាងខ្ញុំផ្ទាល់នឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការផ្សព្វផ្សាយអំពីរថយន្ត MG ដល់ប្រជាជនកម្ពុជាឱ្យកាន់តែទូលំទូលាយ និងនាំនូវអ្វីដែលថ្មីៗជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។» នេះបើតាមការលើកបន្ថែមរបស់ កញ្ញា ស៊ីន យូប៊ីន។
 


ជាមួយការចូលរួមពី កញ្ញា ស៊ីន យូប៊ីន សំទុះនៃការលក់របស់រថយន្ត MG នឹងត្រូវពន្លឿន និងដំណើរឆ្ពោះទៅរកភាពរីចម្រើនជាមួយការទទួលស្គាល់នូវម៉ាកយីហោកាន់តែទូលំទូលាយ និងវត្តមាននៅលើទីផ្សារកាន់តែច្រើនឡើង។ ភាពជាដៃគូនេះសន្យាថានឹងនាំមកនូវទស្សនវិស័យថ្មីៗ និងការអាប់ដេតយុទ្ធនាការប្រកបដោយភាពច្នៃប្រឌិតក្នុងការជំរុញឱ្យយីហោ MG ក្លាយជាអ្នកនាំមុខគេនៅក្នុងឧស្សាហកម្មរថយន្តថ្មី។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺមិនត្រឹមតែបង្ហាញពីជំពូកថ្មីសម្រាប់រថយន្ត MG ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់នូវជំហានបន្ទាប់ឆ្ពោះទៅកាន់ការអភិវឌ្ឍដ៏គួរឱ្យចាប់អារម្មណ៏នៅក្នុងឧស្សាហកម្មរថយន្តនៅប្រទេសកម្ពុជាផងដែរ៕
 
(អត្ថបទពាណិជ្ជកម្ម)















© រក្សាសិទ្ធិដោយ thmeythmey.com