សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បក្សកាន់អំណាចថៃ បញ្ជាក់ជាថ្មីពីបំណងចូលជាសមាជិក BRICS
17, Jun 2024 , 7:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa ចូលរួមក្នុងកិច្ចសន្ទនា BRICS ជាមួយប្រទេសកំពុងអភិវឌ្ឍន៍នៅថ្ងៃទី ១១ ខែមិថុនា។ រូបភាព ៖ Ministry of Foreign Affairs of the Kingdom of Thailand
រដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa ចូលរួមក្នុងកិច្ចសន្ទនា BRICS ជាមួយប្រទេសកំពុងអភិវឌ្ឍន៍នៅថ្ងៃទី ១១ ខែមិថុនា។ រូបភាព ៖ Ministry of Foreign Affairs of the Kingdom of Thailand
ប្រធានគណៈកម្មាធិការអន្តរជាតិនៃបក្សភឿថៃ ដែលជាបក្សកំពុងកាន់អំណាច លោកស្រី Nalini Thavisin ទើបតែបានអះអាងសារជាថ្មីអំពីបំណងរបស់ថៃក្នុងការចូលរួមជាមួយក្រុម BRICS នាពេលខាងមុខ។ បើតាមមន្រ្តីបក្សភឿថៃរូបនេះ រដ្ឋាភិបាលក្រុងបាងកកត្រៀមខ្លួនជាស្រេច ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្លុកសេដ្ឋកិច្ចមួយនេះ។

 
ថ្លែងក្នុងវេទិកាអន្តរភាគីអន្តរជាតិក្រោមប្រធានប ទ​ «World Majority for a Multipolar World» លោកស្រី Nalini Thavisin មន្រ្តីបក្សភឿថៃ បានលើកឡើងថា ថៃត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស BRICS ក៏ដូចជាប្រទេសទាំងអស់ដែលគាំទ្រដល់លទ្ធិពហុភាគីនិយម ដែលជឿជាក់សន្តិភាពដែលមិនអាចបំបែកបាន និងសន្តិសុខ។ 
 
«ខ្ញុំសូមរំម្លឹកអ្នកម្តងទៀតថា យើងជាគណបក្សនយោបាយឈានមុខគេនៅថៃ ហើយយើងនឹងរីករាយបង្ហាញនូវបំណងចង់ចូលរួមជាមួយក្រុម BRICS នាពេលខាងមុខ»។ សារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តីលោកស្រី Nalini Thavisin បែបនេះ។ 
 
កាលពីថ្ងៃទី១៣ ខែមិថុនា រដ្ឋមន្ត្រីការបរទេសថៃលោក Maris Sangiampongsa បានផ្ញើរលិខិតមួយច្បាប់ទៅសមភាគីរុស្ស៊ីលោក Sergey Lavrov ដោយបង្ហាញពីបំណងចង់ក្លាយជាសមាជិកផ្លូវការនៃក្រុម BRICS ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Sangiampongsa បានបង្ហាញនូវការរំពឹងថា ថៃនឹងត្រូវបានគាំទ្រនៅក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៅថ្ងៃទី ២២-២២ ខែតុលា។
 
គណបក្សរូបរួមជាតិរុស្ស៊ីកំពុងរៀបចំវេទិកាអន្តរភាគីអន្តរជាតិមួយក្នុងទម្រង់ជាមួយក្រុម BRICS និងបណ្តាប្រទេសដៃគូនៅទីក្រុង Vladivostok នៅថ្ងៃទី ១៧-១៨ ខែមិថុនា។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំតំណាងជាង ១៥០នាក់នៃកម្លាំងនយោបាយនាំមុខគេមកពី ៣២ប្រទេស។
 
វេទិកានេះ នឹងពិភាក្សាអំពីបញ្ហានៃការកសាងសណ្តាប់ធ្នាប់ពិភពលោកដោយយុត្តិធម៌ ការពង្រឹងគោលការណ៍សន្តិសុខស្មើគ្នា និងភាពមិនអាចបំបែកបានដែលជាគោលការណ៍សំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រូបិយប័ណ្ណ និងហិរញ្ញវត្ថុរវាងប្រទេសភាគច្រើនក្នុងពិភពលោក។
 
គួរបញ្ជាក់ថា BRICS ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ជាមួយនឹងសមាជិកចំនួន៤ មានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន ក្រោយមកបានបន្ថែមអាហ្វ្រិកខាងត្បូងមួយទៀតនៅឆ្នាំ២០១០ ។ ក្រៅពីភូមិសាស្ត្រនយោបាយ ប្លុកផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ពហុភាគី។ 
 
ប្លុក BRICS បានបន្ថែមសមាជិកថ្មី៦ ទៀតចាប់នៅឆ្នាំ២០២៤ រួមមាន អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម  ដែលស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក និង ២៩ភាគរយនៃផលិតផលក្នុងស្រុកសរុបសកល ប៉ុន្តែមិនទាន់មានភាពរីកចម្រើនដូចប្លុក G7 នោះទេ៕
 

Tag:
 ថៃ
  BRICS
© រក្សាសិទ្ធិដោយ thmeythmey.com