កីឡាជាតិ
ជាតិ
លោក ភា សុភក្រ្តា៖ ខ្ញុំនឹងដកខ្លួនពីសកម្មភាពជម្រើសជាតិ បើដឹកនាំ U19 មិនល្អនៅ Asean U19
17, Jun 2024 , 5:59 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក លោក ភា សុភក្រ្តា
រូបភាព៖ ហ្វេសប៊ុក លោក ភា សុភក្រ្តា
«ខ្ញុំចាយពេលជាមួយក្រុមជម្រើសជាតិច្រើនឆ្នាំហើយ មិនអាចត្រូវការយកបទពិសោធន៍ទៀតទេ យើងត្រូវយកការងារទៅធ្វើតែម្តង»។ នេះជាការអះអាងរបស់លោក ភា សុភក្រ្តា មុនបន្ថែមថា ខ្លួននឹងដកខ្លួនពីសកម្មភាពជម្រើសជាតិ បើដឹកនាំក្រុមអាយុក្រោម១៩ឆ្នាំ U19 កម្ពុជា មិនបានល្អ ក្នុងយុទ្ធនាការពានរង្វាន់ ASEAN U19 Boys’ Championship 2024 នៅឥណ្ឌូណេស៊ី។



សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្តល់ការទុកចិត្តលើ លោក ភា សុភក្រ្តា ដោយបន្ថែមការងារឱ្យគ្រូបង្វឹកក្រុមកងយោធពលខេមរភូមិន្ទរូបនេះ ទទួលភារកិច្ចដឹកនាំ U19 កម្ពុជា តតាំងជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រខាងកើត ក្នុងពូល A ក្នុងព្រឹត្តិការណ៍ ASEAN U19។
 
ក្នុងតួនាទីជាគ្រូបង្គោលក្រុម U19 កម្ពុជា លោក ភា សុភក្រ្តា បានព្យាយាមតាមដានកីឡាករដែលចូលរួមប្រកួតជម្រើសជើងឯកយុវជន ខេមបូឌានលីគ Cambodian Youth League អាយុក្រោម ១៩ឆ្នាំ ដើម្បីពិនិត្យ និងវាយតម្លៃកីឡាករ ដែលខ្លួននឹងត្រូវជ្រើសរើសចូលក្រុមជម្រើសជាតិ U19 កម្ពុជា។
 
ព្រឹត្តិការណ៍ដំបូងក្នុង ASEAN U19 គ្រូបង្គោលក្រុម Tiffy Army FC រូបនេះ បានបង្ហាញពីការត្រៀមខ្លួនយ៉ាងម៉ត់ចត់ ក្នុងគោលដៅធ្វើយ៉ាងណានាំ U19 កម្ពុជាទទួលបានលទ្ធផលផ្លែផ្កាពីព្រឹត្តិការណ៍យុវជនអាស៊ីអាគ្នេយឆ្នាំ ២០២៤នេះ។
 
ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយដែលបានបង្ហោះលើផេកហ្វេសប៊ុក Cambodian Youth League នៅថ្ងៃទី១៧ ខែមិថុនា លោក សុភក្រ្តា អះអាងថាខ្លួនមិនត្រូវការយកបទពិសោធន៍អ្វីទៀតទេពីក្រុម U19 នៅ ASEAN U19។ «ខ្ញុំមានបទពិសោធន៍ច្រើនហើយក្នុងនាមជាជំនួយការក្រុមជម្រើសជាតិ ពោលតាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣។ ៥ឆ្នាំ គឺគ្រាប់គ្រាន់ហើយសម្រាប់តំណែងជាគ្រូបង្គោល U19។ ដូច្នេះ បើខ្ញុំដឹកនាំមិនបានល្អ ខ្ញុំនឹងដកខ្លួនពីសកម្មភាពជម្រើសជាតិតែម្តង»។ លោក សុភក្រ្តា បន្ថែម។
 
បើសិនបរាជ័យនៅ ASEAN U19 មិនមែនមានន័យថាលោក សុភក្រ្តា បោះបង់អាជីពជាគ្រូបង្វឹកចោលនោះទេ ដោយលោកនឹងផ្តោតតែលើការអភិវឌ្ឍន៍យុវជនរបស់ក្លិប។
 
ការប្រកួតជើងឯក Asean U19 Championship 2024 ដែលធ្វើឡើងនៅឥណ្ឌូណេស៊ី នឹងចាប់ពីថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ មានក្រុមសរុបចំនួន១២ចូលរួម ដោយចែកចេញជា៣ពូលពី A ដល់ C ក្នុងមួយពូលមាន៤ក្រុម ដោយពូល A មាន ម្ចាស់ផ្ទះឥណ្ឌូណេស៊ី កម្ពុជា ហ្វីលីពីន និងទីម័រខាងកើត។ ពូល B មាន ឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្ត្រាលី និងពូល C មានម៉ាឡេស៊ី ថៃ ព្រុយណេ និងសិង្ហបុរី។
 
 ជំនួបបើកឆាកពូល A កម្ពុជា ត្រូវតតាំង ទីម័រខាងកើត នៅថ្ងៃទី១៧ ខែកក្កដា វេលាម៉ោង៣រសៀល ស្របពេលម្ចាស់ផ្ទះឥណ្ឌូណេស៊ី ទទួលហ្វីពីន និងវេលាម៉ោង ៧ និង៣០នាទី៕

Tag:
 Asean U19
© រក្សាសិទ្ធិដោយ thmeythmey.com