កីឡាជាតិ
ជាតិ
អ្នកជិះកង់សប្បុរសធម៌ ទីវ តារារិទ្ធ សម្រេចបាន ១០០០គីឡូម៉ែត្រហើយ ក្នុងដំណើរឆ្ពោះទៅអឺរ៉ុប
19, Jun 2024 , 11:29 am        
រូបភាព
គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងដំណើរជិះកង់សប្បុរសធម៌ឆ្ពោះទៅកាន់ទ្វីបអឺរុប ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ លោក ទីវ តារារិទ្ធ សម្រេចបានរយៈចម្ងាយ ១០០០គីឡូម៉ែត្រហើយ និងកំពុងស្ថិតនៅភាគខាងត្បូង នៃប្រទេសឡាវ។ អ្នកជិះកង់ផ្សងព្រេងរូបនេះ លើកសរសើរប្រជាជនឡាវ មានចិត្តល្អ និងរួសរាយរាក់ទាក់។



អស់៤ថ្ងៃហើយ នៃការជិះកង់រៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ របស់លោក ទីវ តារារិទ្ធ ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។ មុនពេលចេញដំណើរ លោក តារារិទ្ធ រំពឹងថានឹងជិះកង់លើចម្ងាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ និងឆ្លងកាត់ ២៥ប្រទេស។ 
 
គិតត្រឹមពេលនេះ អ្នកជិះកង់ផ្សងព្រេងវ័យ ៣៥ឆ្នាំ ធ្វើដំណើរបាន ១០០០គីឡូម៉ែត្រ និងកំពុងស្ថិតនៅភាគខាងត្បូង នៃប្រទេសឡាវ។ លោក តារារិទ្ធ ដែលកំពុងស្ថិតនៅភាគខាងត្បូង ប្រទេសឡាវនេះ បានបញ្ជាក់ថា តំបន់ដែលលោកកំពុងឆ្លងកាត់នេះ មានអាកាសធាតុក្ដៅ ដែលធ្វើឲ្យហត់ និងឆាប់ស្រេកទឹក។
 
ជិះកង់ឆ្លងកាត់ប្រទេសឡាវ អ្នកផ្សងព្រេងរូបនេះ មើលឃើញថា ប្រជាជនឡាវមានទឹកចិត្តល្អ និងរួសរាយរាក់ទាក់ ដូចជាការចេះប្រាប់ពីព័ត៌មាននានា ទាក់ទងជាមួយការធ្វើដំណើរ, ការបង្ហាញស្នាមញរញឹម និងការផ្ដល់ទីតាំងស្នាក់នៅ ជាពិសេសការចូលរួមបរិច្ចាគថវិកាសប្បុរសធម៌ ជាដើម។ 
 
បុរសវ័យ៣៥ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ មិថុនា ថា៖«ខ្ញុំ បានជួបបងប្អូនប្រជាជនឡាវនៅតាមផ្លូវច្រើន ពួកគាត់មានសណ្តានចិត្តល្អ និងរួសរាយរាក់ទាក់។ ជនជាតិឡាវជាជនជាតិមួយស្លូតបូតស្មោះត្រង់។ ខ្ញុំមានបទពិសោធន៍ច្រើនតាំងពីឆ្នាំមុន គឺពួកគាត់ចូលចិត្តជួយយកអាសារ និងញញឹមច្រើន។ ជាឧទាហរណ៍ពេលខ្ញុំសូមព្រះសង្ឃសំណាក់នៅវត្តអារ៉ាម គាត់តែងតែអនុញ្ញាត្តិ។ ពេលខ្ញុំសូមខ្ទះសំណាកតាមវាលស្រែពួកគាត់ញញឹម និងឲ្យសំណាក់។ ប៉ូលីសឡាវដូចគ្នា ញញឹម និងយកអាសារ។»។ 
 
នៅទីនោះ លោក តារារិទ្ធ ចូលចិត្តស្នាក់នៅតាមវត្ត ឬខ្ទមតាមវាលស្រែ ព្រោះស្ងប់ស្ងាត់ល្អ។ បរិយាកាសនេះ ធ្វើឲ្យលោកងាយស្រួលបំពេញកិច្ចការបន្ថែមទៀត ដូចជាផលិតវីដេអូ និងចងក្រងឯកសារពីការធ្វើដំណើររបស់ខ្លួន។ «ខ្ញុំចូលចិត្តជ្រើសរើសកន្លែងដេកនៅតាមវត្តអារ៉ាម និងវាលស្រែដែលមានខ្ទម។»។ បុរសវ័យ ៣៥ឆ្នាំរូបនេះ បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលឆ្នាំ២០២៣ លោក ទីវ តារារិទ្ធ បានជិះកង់ជុំវិញតំបន់អាស៊ាន។ អ្នកជិះកង់រៃអង្គាសសប្បុរសធម៌រូបនេះ បានឆ្លងកាត់ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ។ ឆ្លងកាត់៦ប្រទេសនេះ លោក តារារិទ្ធិ រៃអង្គាសបានប្រាក់ ៥៦ ២៥៧ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ រីឯ បេសកកម្មឆ្ពោះទៅទ្វីបអឺរ៉ុប អ្នកជិះកង់រូបនេះ គ្រោងជិះលើចម្ងាយផ្លូវ ជាង២ម៉ឺនគីឡូម៉ែត្រ ដោយឆ្លងកាត់២៥ប្រទេស ជាមួយក្តីរំពឹងថា អាចទទួលបានថវិកាពីសម្បុរសធម៌ ២៥ម៉ឺនដុល្លារ៕

Tag:
 ជិះកង់ដើម្បីកុមារ
  ទីវ តារារិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com