ជាតិ
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាពីមហាជន ជាង២លានដុល្លារ
19, Jun 2024 , 7:59 pm        
រូបភាព
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន(ខាងស្ដាំ) និងលោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងសន្និសីទសារព័ទ៌មាននៅថ្ងៃទី១៩មិថុនា ឆ្នាំ២០២៤ នៅក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន(ខាងស្ដាំ) និងលោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងសន្និសីទសារព័ទ៌មាននៅថ្ងៃទី១៩មិថុនា ឆ្នាំ២០២៤ នៅក្រសួងព័ត៌មាន។
ភ្នំពេញ៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាគពីមហាជនជាង២លានដុល្លារ ហើយ ។ យុទ្ធនាការនេះនឹងបន្តរហូតដល់ដាច់ខែមិថុនា។

 
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ មិថុនា លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា យុទ្ធនាការខាងលើ ទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមជួយកុមារ ក្នុងការព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា។ បើតាមលោក ណារិទ្ធ ថវិកាដែលទទួលបានពីយុទ្ធនាការនេះ មានជាង២លានដុល្លារ ដែលលើសពីការរំពឹងទុក។ 
 
យ៉ាងណាក៏ដោយ ក្នុងដំណើរការកៀងគរថវិកាជួយសង្គ្រោះកុមារនេះ មានការលំបាកខ្លះដែរ សម្រាប់សម្បុរសជនខ្លះ នៅក្រៅប្រទេស ដែលពិបាកក្នុងផ្ទេរឆ្លងប្រទេស។ នេះបើតាមលោក ចន ណារិទ្ធ ដែលបារម្ភខ្លាចមានជនខិលខូច ក្លែងបន្លំគណនី ដើម្បីប្រមូលថវិកាជួយសង្គ្រោះកុមារ។ 
 
ក្នុងសន្និសីទសារព័ត៌មាន លោក ចន ណារិទ្ធ បានស្នើសុំបែបនេះ៖ «យុទ្ធនាការនេះ សម្រាប់ជួយគន្ធបុប្ផា! ដូចនេះ នៅពេល Scan ផ្ទេរប្រាប់តាមទៅ គឺចេញឈ្មោះមូលនិធិគន្ធបុប្ផាកម្ពុជាតែម្ដង ហើយក្រៅពីយុទ្ធនាការនេះ គ្រប់ការជួយដល់គន្ធបុប្ផា គឺចេញបែបនេះ ដូចគ្នា»។ 
 
ដើម្បីចូលរួមកៀងគរថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រសួងព័ត៌មាននឹងបន្តជួយផ្សព្វផ្សាយ និងសហការជាមួយបណ្ដាញសារព័ត៌មានដទៃទៀត។ លោក នេត្រ ភក្ត្រា បានលើកឡើងថា ការចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ព្យាបាលកុមារដោយឥតគិតថ្លៃ គឺបើកទ្វារចាំទទួលជំនួយពីសម្បុរជនគ្រប់ពេល។ 
 
រដ្ឋមន្ត្រីព័ត៌មាន បានអំពាវនាវបែបន៖ «យុទ្ធនាការជាសកម្មភាពដែលយើងធ្វើក្នុងពេលមានកំណត់ សម្រាប់មូលនិធិកុមារកម្ពុជា បើកទ្វារចំហជានិច្ច ក្នុងការទទួលយកនូវបេះដូងសម្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋ ដែលបានជួយសង្គ្រោះជីវិតកុមារ ទារក ស្ត្រី ជាច្រើនដែលកំពុងសម្រាលបុត្រប្រកបដោយសុវត្ថិភាព។ ដូច្នេះ សូមបន្តចូលរួមបន្ថែមទៀត»។ 
 
សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គំនិតផ្តួចផ្តើមឡើងរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងមួយឆ្នាំៗ គន្ធបុប្ផា ត្រូវការថវិកាប្រមាណ៤២លានដុល្លារ ទើបអាចដំណើរការទៅបាន ខណៈបុគ្គលិកនៅទីនោះ មាន២៦០០នាក់។ កាលពីឆ្នាំ២០២៣ មានកុមារជាង១លាននាក់បានទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៕ 

Tag:
 បរិច្ចា
© រក្សាសិទ្ធិដោយ thmeythmey.com