សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិក កាណាដា និងសិង្ហបុរី ជាទិសដៅចំណាកស្រុករបស់សេដ្ឋីចិន
20, Jun 2024 , 11:07 am        
រូបភាព
ប្រជាជនចិននៅទីក្រុង New York អបអរពិធីចូលឆ្នាំចិន។ រូបភាព ៖ Xinhua
ប្រជាជនចិននៅទីក្រុង New York អបអរពិធីចូលឆ្នាំចិន។ រូបភាព ៖ Xinhua
សេដ្ឋីចិនប្រហែល ១៣ ៨០០នាក់បានធ្វើចំណាកស្រុកនៅឆ្នាំ២០២៣។ ចំនួននេះ រំពឹងថានឹងកើនឡើងដល់ ១៥ ២០០នាក់ នៅឆ្នាំ២០២៤ ភាគច្រើនសេដ្ឋីទាំងនេះជ្រើសគោលដៅទៅរស់នៅអាម៉េរិក សិង្ហបុរី​ និងកាណាដា។

 
តាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនប្រឹក្សាផ្នែកចំណាកស្រុកពិភពលោក Henley & Partners ចិនជាប្រទេសដែលមានអត្រាខ្ពស់ជាងគេ ចំពោះអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតដែលចាកចេញពីប្រទេសក្នុងឆ្នាំ២០២៣។ នៅឆ្នាំនេះ សេដ្ឋីចិនរំពឹងនឹងចាកចេញពីស្រុកប្រមាណ ១៥ ២០០នាក់។ 
 
ក្រុមអ្នកស្រាវជ្រាវរបស់ Henley & Partners បានបង្ហាញនៅក្នុងរបាយការណ៍ថា ភាពមិនច្បាស់លាស់របស់សេដ្ឋកិច្ចចិន និងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ ជាហេតុផលចម្បងដែលសេដ្ឋីនៅចិនជ្រើសការចំណាកស្រុក ដែលភាគច្រើនទៅរស់នៅអាម៉េរិក កាណាដា និងសិង្ហបុរី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
តាមនិយមន័យរបស់ Henley & Partners បុគ្គលដែលមានទ្រព្យសម្បត្តិច្រើន (HNWI) ជាអ្នកដែលមានទ្រព្យសម្បត្តិដែលអាចវិនិយោគបានចាប់ពី១លានដុល្លារ ឬច្រើនជាងនេះ។
 
«វាពិបាកក្នុងការកំណត់ថាតើបុគ្គលអ្នកមានកំពូលៗទាំងនេះមានទ្រព្យសម្បត្តិប៉ុន្មាន។ នៅក្នុងបទពិសោធរបស់យើង ភាគច្រើននៃអ្នកទាំងនេះមានទ្រព្យសម្បត្តិប្រហែល ៣០លានដុល្លារទៅ១ពាន់លានដុល្លារ»។ លោក Andrew Amoils នាយកស្រាវជ្រាវនៅ New World Wealth ដែលជាក្រុមហ៊ុនសហការជាមួយ Henley & Partners ដើម្បីបោះផ្សាយរបាយការណ៍ខាងលើ។ 
 
អ្នកមានមួយចំនួនធំដែលចាកចេញពីប្រទេសនេះអាចបង្កើនសម្ពាធលើសេដ្ឋកិច្ចចិនដែលកំពុងធ្លាក់ចុះ។ វិបត្តិដែលអូសបន្លាយពេលថ្មីៗនេះបានធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនដួលរលំ ធ្វើឱ្យទ្រព្យសម្បត្តិជាតិធ្លាក់ចុះ ស្របពេលដែលសម្ពាធបំណុលកើនឡើងលើរដ្ឋាភិបាលក្នុងតំបន់។
 
នៅដើមឆ្នាំ២០២៤ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា ចិនកំពុងប្រឈមមុខនឹងអស្ថិរភាព ដោយសារតែវិបត្តិអចលនទ្រព្យ។ នៅខែមេសា ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Fitch Ratings បានទម្លាក់ទស្សនវិស័យឥណទានជាតិរបស់ចិនទៅជាអវិជ្ជមាន ដែលស្រដៀងគ្នាទៅក្រុមហ៊ុន Moody's Investors Service កាលពីខែធ្នូឆ្នាំមុន។
 
អំឡុងពេលជំងឺរាលដាលកូវីដ-១៩  សេដ្ឋីចិនបានផ្អាកការធ្វើចំណាកស្រុក និងផ្ទេរទ្រព្យសម្បត្តិទៅក្រៅប្រទេស ប៉ុន្តែនិន្នាការនេះបានត្រឡប់មកវិញយ៉ាងឆាប់រហ័សបន្ទាប់ពីការរឹតបន្តឹងការធ្វើដំណើរត្រូវបានដកចេញ។
 
សិង្ហបុរី ជាគោលដៅទាក់ទាញសម្រាប់ប្រជាជនចិនដែលមានទ្រព្យសម្បត្តិច្រើនតាំងពីយូរមកហើយ ដោយសារទីតាំងជិត ទំនាក់ទំនងវប្បធម៌ និងភាសាស្រដៀងគ្នា។ 
 
​យ៉ាង​ណាក៏ដោយ ប្រទេស​កោះ​នេះ​បាន​រឹត​បន្តឹង​បទ​ប្បញ្ញត្តិ​លើ​លំហូរ​ប្រាក់​ពី​​ចិន។ ថ្មីៗនេះ សិង្ហបុរីបានបដិសេធមិនផ្តល់អាជ្ញាប័ណ្ណដល់បុគ្គលជនជាតិចិន២នាក់ដែលចង់បង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់អ្នកមាន បន្ទាប់ពីមានរឿងអាស្រូវលាងលុយកខ្វក់។ ការបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ជាមធ្យោបាយដ៏ពេញនិយមមួយដើម្បីទទួលបានសញ្ជាតិសិង្ហបុរីសម្រាប់ប្រជាជនចិនដែលមានទ្រព្យសម្បត្តិ។
 
ក្រៅពីអាម៉េរិក កាណាដា និងសិង្ហបុរី នៅក្នុងរបាយការណ៍ Henley & Partners បានបង្ហាញថា មានការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនជនជាតិចិន រួមទាំងអ្នកមាន និងវណ្ណៈកណ្តាល ដែលចាប់អារម្មណ៍ធ្វើចំណាកស្រុកទៅជប៉ុន។
 
លោក Amoils បាននិយាយថា ជីវិតរស់នៅជប៉ុនមានភាពទាក់ទាញយ៉ាងខ្លាំងជាមួយនឹងសួនសាធារណៈដ៏ស្រស់ស្អាត និងទីលានវាយកូនហ្គោល។ ជប៉ុនក៏ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានសុវត្ថិភាពបំផុតមួយនៅក្នុងពិភពលោក។ នេះបើយោងតាមសន្ទស្សន៍សន្តិភាពសកល។
 
របាយការណ៍ដដែល បានបញ្ជាក់ថា ស្រដៀងចិនដីគោកដែរ ហុងកុងបានបាត់បង់សេដ្ឋីប្រហែល ៥០០នាក់កាលពីឆ្នាំមុន ស្របពេលមានការបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានភាពនយោបាយនៅទីនេះ។ Henley និង Partners ព្យាករថា និន្នាការនេះនឹងបន្តនៅឆ្នាំនេះ។
 
ចំណែក អង់គ្លេស បាន​​ព្យាករ​ថា ​នឹង​មាន​ចំនួន​សេដ្ឋី​ចំណាកស្រុក​ច្រើន​ជាង​គេ​ទី​២ ​លើ​ពិភពលោក​ក្នុង​ឆ្នាំ២០២៤ ដោយ​មាន​មនុស្ស​ចំនួន ៩៥០០នាក់​ ដែលតាម​ពី​ក្រោយ​​ចិន ខណៈកូរ៉េខាងត្បូង នឹងបាត់បង់ ១២០០នាក់៕ 

Tag:
 សេដ្ឋី
  ចិន
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com