កីឡាអន្តរជាតិ
អន្តរជាតិ
ចូលហ្វឹកហាត់វិញក្រោយរបួសច្រមុះ! Mbappe ថាគ្មានជោគជ័យណា មិនជួបឧបសគ្គឡើយ
20, Jun 2024 , 11:59 am        
រូបភាព
ខ្សែប្រយុទ្ធ Kylian Mbappe វិលត្រឡប់ចូលហ្វឹកហាត់វិញជាមួយជម្រើសជាតិបារាំង ដោយ ការរុំបង់​បិទរបួសត្រង់ច្រមុះ បន្ទាប់ពីរូបគេបានជួបបញ្ហារបួសបាក់ខ្ទង់ច្រមុះ ​កាលពីជំនួបទល់នឹងក្រុមអូទ្រីស ក្នុងព្រឹត្តិការណ៍ Euro 2024 វគ្គចែកពូល D។



​Mbappe ពេលថ្មីៗនេះបានបង្ហោះរូបភាពនៅលើបណ្តាញសង្គម ដោយបានហាក់បីជាការបង្ហាញការតាំងចិត្តរបស់គេ សម្រាប់ការប្រជែងឱ្យក្រុមបារាំងនៅក្នុងព្រឹត្តិការណ៍ Euro 2024 ខណៈដែលពិភពលោកកំពុងតែរង់ចាំមើល ថាតើ Mbappe អាចនឹងមានវត្តមានឡើងវិញឬទេ? ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ។
 
ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ សរសេរសារបញ្ចេញមតិដែលបង្ហោះនិងបានអះអាងដូច្នេះថា៖«គ្មានការជោគជ័យណាដែលកើតឡើង ដោយគ្មានបញ្ហានោះឡើយ។»។ ការបង្ហោះរបស់ Mbappe  បានធ្វើឡើង ក្រោយពេលរូបគេបានចាកចេញពីមន្ទីពេទ្យ ហើយវិលត្រឡប់ទៅដល់ទីលានហ្វឹកហាត់របស់ក្រុមវិញ ក្រោយ ១ថ្ងៃ តាំងពីពេលប៉ះទង្គិចរហូតរបួសបាក់ខ្ទង់ច្រមុះរួច ក្នុងជំនួបបារាំងឈ្នះលើអូទ្រីសលទ្ធផល ១-០។
  


Mbappe បានចូលហ្វឹកហាត់ឡើងវិញ និងដំបូងគេ មុនពេលក្រុមបានចូលមកដល់រយៈពេល ៣០នាទី ស្ថិតក្នុងទីកន្លែងស្នាក់នៅរបស់ក្រុមជម្រើសជាតិបារាំង Home Deluxe Arena ក្នុងទីក្រុង Paderborn។ បញ្ហារបួសរបស់ Mbappe កើតឡើងនៅការប្រកួតចុងវគ្គទី២ ទៅហើយ ដោយពេលនោះរូបគេបានព្យាយាមប្រជែងគ្រាប់បាល់លើអាកាសពីមុខសំណាញ់ទៅអូទ្រីស ហើយបានប៉ះទង្គិចគ្នាជាមួយកីឡាករខ្សែការពារ Kevin Danso។
 
Mbappe ត្រូវបានគេប្រទះឃើញ រូបគេបានរត់ហាត់ជាមួយគ្រាប់បាល់តែម្នាក់ឯក ជាមួយក្រុមគ្រូបង្វឹក ហើយបន្ទាប់មកបានទៅជជែកជាមួយនឹងលោក Didier Deschamps ជាគ្រូបង្វឹកផ្ទាល់ មុនពេលការហ្វឹកហាត់ស៊ុតបាល់ជុំគ្នាជាក្រុមចូលមកដល់។
 
ជម្រើសជាតិបារាំង នឹងត្រូវមានការប្រកួតបន្ទាប់ទល់នឹងក្រុមហូឡង់ នៅថ្ងៃទី២១ ខែមិថុនា ខណៈដែលក្រុមនៅមិនទាន់បញ្ជាក់ថានឹងមានវត្តមានរបស់ ​Mbappe សម្រាប់ការប្រកួតនោះឬបែបណា៕

Tag:
 Kylian Mbappe
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com