អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លេខាបក្សកុម្មុយនីស្តប្រចាំក្រុងហាណូយ លាលែងពីតំណែង ព្រោះពាក់ព័ន្ធអំពើពុករលួយ
20, Jun 2024 , 2:39 pm        
រូបភាព
លោក ឌិញ ទៀន ស៊ុង​ អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាម ។ រូបភាព ៖ Vietnamnet
លោក ឌិញ ទៀន ស៊ុង​ អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាម ។ រូបភាព ៖ Vietnamnet
លេខាបក្សកុម្មុយនីស្តវៀតណាមប្រចាំទីក្រុងហាណូយ លោក ឌិញ ទៀន ស៊ុង (Đinh Tiến Dũng) បានលាលែងពីតំណែង។ អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរូបនេះបានបំពានវិស័យបក្ស ជុំវិញអំពើពុករលួយក្នុងការជួញដូរមូលបត្របំណុលសាជីវកម្មរដ្ឋ។

 
លោក ឌិញ ទៀន ស៊ុង ជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបំផុតដែលត្រូវបានដកចេញពីតំណែង ខណៈបក្សកុម្មុយនីស្តវៀតណាម កំពុងបោសសម្អាតអំពើពុករលួយរលួយមន្ត្រីជាន់ខ្ពស់នៅប្រទេស។ ថ្មីៗនេះ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញ ហ្វេ និងប្រធានាធិបតី លោក វ៉ វាន់ ធឿង បានចុះចេញពីតំណែងនៅពាក់កណ្តាលអាណត្តិ។
 
ការិយាល័យបក្សបានសម្រេចឲ្យ លោក ស៊ុង អាយុ ៦៣ឆ្នាំ លាលែងពីតំណែង ដោយសារបំពានវិន័យនៅក្រសួងហិរញ្ញវត្ថុដែលលោកធ្លាប់កាន់តួនាទីជារដ្ឋមន្ត្រីអំឡុងឆ្នាំ ២០១៦-២០២១។ នេះបើតាមសារព័ត៌មាន​ Bao Chinh Phu។​
 
លោក ស៊ុង ជាសមាជិកនៃការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតនៅវៀតណាម។ លោកត្រូវបានផ្តល់អនុសាសន៍ដើម្បីទទួលវិន័យពីគណៈកម្មាធិការអធិការកិច្ចមជ្ឈិម កាលពីថ្ងៃទី១៥ ខែមិថុនា បន្ទាប់កិច្ចប្រជុំរយៈពេល២ថ្ងៃនៅទីក្រុងហាណូយ ដើម្បីអនុវត្តសេចក្តីណែនាំស្តីពីការទប់ស្កាត់អំពើពុករលួយ។
 
គេ​មិន​ទាន់​ដឹង​ច្បាស់​ថា លោក ស៊ុង នឹង​ត្រូវ​ដក​ចេញ​ពី​ការិយាល័យ​នយោបាយនៃបក្សកុម្មុយនីស្ត​ ឬ​ក៏​អត់។ មន្រ្តីជាន់ខ្ពស់នៅក្រសួងហិរញ្ញវត្ថុចំនួន ៦រូបត្រូវបានដកចេញចាប់តាំងពីចុងឆ្នាំ២០២២ អំឡុងយុទ្ធនាបង្ក្រាបប្រឆាំងអំពើពុករលួយ និងការរុះរើថ្នាក់ដឹកនាំសំខាន់ៗនៅវៀតណាម។
 
បើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការមជ្ឈិមបក្ស ក្រសួងហិរញ្ញវត្ថុក្នុងឆ្នាំ ២០១៦-២០២១ ដែលកាន់តំណែងដោយលោក ស៊ុង​ បានអនុវត្តមុខងារ និងភារកិច្ចដែលបានប្រគល់ជូនដោយមិនត្រឹមត្រូវ និងមិនពេញលេញក្នុងការគ្រប់គ្រងការជួញដូរមូលបត្របំណុលសាជីវកម្មរដ្ឋ ស្របពេលមន្ត្រីមួយចំនួននៅក្រសួងនេះបានបំពានច្បាប់គណបក្ស។​
 
គួរបញ្ជាក់ថា មុនពេលលោក ស៊ុង​ កាន់តំណែងជាលេខាបក្សប្រចាំទីក្រុងហាណូយ មានឥស្សរជន ២រូបក៏ត្រូវបានបក្សកុម្មុយនីស្តដាក់វិន័យដែរ គឺអតីតឧបរដ្ឋមន្រ្តីលោក ហ័ង ជុង ហាយ (អណត្តិ ២០១៦ - ២០២០) និងអតីតប្រធានរដ្ឋសភាលោក វឿង ឌិញ ហ្វេ (អណត្តិ ២០២០-២០២១)៕ 

Tag:
 វៀតណាម
  តំណែង
  បក្សកុម្មុយនិស្ត
© រក្សាសិទ្ធិដោយ thmeythmey.com