កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀងបានកៅអី AFC Challenge League ដោយមិនបាច់ជម្រុះ
20, Jun 2024 , 3:09 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងឡើងទៅប្រកួតប្រជែងវគ្គចែកពូលពានរង្វាន់ AFC Challenge League ដោយស្វ័យប្រវត្តិតែម្តង ពោលគឺមិនបាច់ប្រកួតជម្រុះឡើយ។ ការចាប់ឆ្នោតវគ្គចែកពូល នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហា នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្នុងក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។



តាមរយៈការចុះផ្សាយរបស់ AFC លើគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី២០ ខែមិថុនានេះ ក្រុមជើងឯកលីគកំពូលកម្ពុជាព្រះខ័នរាជស្វាយរៀង រួមទាំងក្រុម៥ទៀតក្នុងតំបន់ខាងកើត មាន Madura United FC របស់ឥណ្ឌូណេស៊ី Shan United FC របស់មីយ៉ាន់ម៉ា Tainan City FC របស់ឆាយន្នីសតៃប៉ិ ក្រុមពីលីគកំពូលឡាវ Young Elephants FC និងមួយក្រុមទៀតពីលីគកំពូលម៉ុងហ្គោលី ទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គចែកពូល AFC Challenge League រដូវកាល ២០២៤-២៥។
 
AFC Challenge League រដូវកាលដំបូង មាន១៨ក្លិបចូលរួម ដោយចែកចេញជាពីរតំបន់ ខាងលិច និងខាងកើត។ ខាងលិចមាន១២ក្រុម ចែកចេញជា៣ពូល ក្នុងមួយពូល៤ក្រុម និងខាងលិចមាន៦ក្រុម ចែកជាពីរពូល ក្នុងមួយពូលមាន៣ក្រុម។ 
 
ក្នុងចំណោម១៨ក្រុម មានតែ៤ក្រុមប៉ុណ្ណោះត្រូវប្រកួតជម្រុះ play-off ក្នុងនោះមាន FC Abdysh-Ata (កៀហ្ស៊ីស៊ី) Church Boys United (នេប៉ាល់) Paro FC (ប៊ូតង់) និង Attack FC (អាហ្វហ្គានីស្ថាន)។
 
ពានរង្វាន់កម្រិតទី៣ក្នុងតំបន់អាស៊ីនេះ នឹងចាប់ឆ្នោតវគ្គចែកពូលនៅថ្ងៃទី២២ ខែសីហា នៅទីស្នាក់ការ AFC ហើយការប្រកួតប្រជែងវគ្គចែកពូល នឹងចាប់ផ្តើមពីចន្លោះថ្ងៃទី ថ្ងៃទី២៦ ខែតុលា និងថ្ងៃទី២ ខែវិច្ឆិកា។ ៦ក្រុមពីតំបន់ខាងកើត និង២ក្រុមពីតំបន់ខាងលិច នឹងបន្តទៅជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយ៕

Tag:
 AFC Challenge League
  ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com