អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកគីម ជុងអ៊ុនជូន​ឆ្កែ Pungsan មួយគូទៅលោក ពូទីន​ ក្នុងដំណើរនៅកូរ៉េខាងជើង
20, Jun 2024 , 8:59 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក ពូទីន ទស្សនាសត្វឆ្កែ Pungsan នៅបរិវេណវិមានរដ្ឋ Kumsusan ទីក្រុងព្យុងយ៉ាង ថ្ងៃទី ១៩ ខែមិថុនា។ រូបភាព ៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក ពូទីន ទស្សនាសត្វឆ្កែ Pungsan នៅបរិវេណវិមានរដ្ឋ Kumsusan ទីក្រុងព្យុងយ៉ាង ថ្ងៃទី ១៩ ខែមិថុនា។ រូបភាព ៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជូនអំណោយសត្វឆ្កែ Pungsan មួយគូដែលជាប្រភេទពូជសត្វឆ្កែតំណាងជាតិ ដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

 
រូបភាពជាច្រើន ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី២០ ខែមិថុនា បានបង្ហាញពី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើរក្នុងសួនច្បារនៅឯវិមានរដ្ឋ Kumsusan និងទស្សនាសត្វឆ្កែពណ៌សមួយគូ។ 
 
វាជាសត្វឆ្កែ Pungsan មួយគូ ដែលជាប្រភេទពូជឆ្កែពិសេសរបស់កូរ៉េខាងជើងសម្រាប់ផ្តល់ជាអំណោយដល់ប្រធានាធិបតីរុស្ស៊ី។ មេដឹកនាំទាំងពីរបានប្តូរវេនគ្នាបើករថយន្ត Limousine Aurus ដែលផលិតនៅរុស្ស៊ី។ លោក គីម ជុងអ៊ុន និង​លោក ពូទីន ក៏​បាន​ទៅ​ទស្សនា​ក្រោល​សត្វ​ជាមួយ​គ្នា និង​ឲ្យ​ចំណី​សេះផងដែរ។
 
ចំណែក លោកពូទីន បានផ្តល់អំណោយ ជារថយន្តប្រណិត Aurus និងពែងតែ ទៅលោកគីម។ 
ការផ្តល់យានជំនិះជាអំណោយដល់លោក គីម ជាការបំពានលើការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការផ្គត់ផ្គង់ ការលក់ និងការផ្ទេរវត្ថុប្រណិតទៅឱ្យកូរ៉េខាងជើង ក្រោមសេចក្តីសម្រេចដែលបានអនុម័តកាលពីខែធ្នូ ឆ្នាំ២០១៧។
 
ឆ្កែ Pungsan ជាប្រភេទពូជឆ្កែដែលមានប្រភពមកពីតំបន់ភាគខាងជើងរបស់កូរ៉េខាងជើង។ ឆ្កែប្រភេទនេះ មានភាពល្បីល្បាញដោយសារភាពវៃឆ្លាត និងភាពស្មោះត្រង់ ហើយត្រូវបានចាត់ទុកថាជាសម្បត្តិជាតិរបស់កូរ៉េខាងជើង។
 
នៅក្នុងឆ្នាំ២០១៨ ទីក្រុងព្យុងយ៉ាងក៏បានផ្តល់ឱ្យប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីនសត្វឆ្កែ Pungsan មួយគូដែលមានឈ្មោះថា Gomi និង Songgang នៅក្នុងពេលដែលទំនាក់ទំនងរវាងកូរ៉េទាំងពីរមានភាពល្អប្រសើរ។ 
 
ប្រធានាធិបតីរុស្ស៊ីជាមេដឹកនាំដែលស្រឡាញ់សត្វ ជាពិសេសសត្វឆ្កែ។ លោកត្រូវបានគេផ្តល់ឱ្យឆ្កែជាច្រើនដង ដោយមេដឹកនាំនៃប្រទេសផ្សេងៗ ហើយលោក ពូទីន ផ្ទាល់តែងតែផ្តល់សត្វឆ្កែដល់ក្មេងៗនៅពេលទទួលបានសំបុត្រស្នើសុំ។
 
គួរបញ្ជាក់ថា លោក ពូទីន បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅថ្ងៃទី១៩ ខែមិថុនា ហើយត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ។ មេដឹកនាំប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយនឹងបទប្បញ្ញត្តិអាចបញ្ជូនទ័ព និងជំនួយយោធា ប្រសិនបើភាគីណាមួយរងការវាយប្រហារ៕ 
 

Tag:
 កូរ៉េខាងជើង
  រុស្ស៊ី
  គីម ជុងអ៊ុន
  ឆ្កែ
© រក្សាសិទ្ធិដោយ thmeythmey.com