កីឡាអន្តរជាតិ
អន្តរជាតិ
អេស្ប៉ាញ បានកៅអីវគ្គ១៦ក្រុម ក្រោយសងសឹកអុីតាលីបានសម្រេច
21, Jun 2024 , 10:19 am        
រូបភាព
ក្រុមជម្រើសជាតិអេស្ប៉ាញ ក្រុមទីពីរបន្ទាប់ពីម្ចាស់ផ្ទះអាល្លឺម៉ង់ ដែលកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024 បន្ទាប់ពីពួកគេឈ្នះម្ចាស់ការពារតំណែងជើងឯកអ៊ីតាលី ១-០ នៅជំនួបជុំទី២ពូល B។ អង់គ្លេស នៅតែមានឱកាសខ្ពស់ឈានទៅវគ្គខ្វែង ទោះត្រូវដាណឺម៉ាកតាមស្មើ ១-១ ស្របពេលស្លូវេនី និងស៊ែប៊ី បញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ដូចគ្នា។



អេស្ប៉ាញ​ នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនដោយបន្តរកបានជ័យជម្នះលើអ៊ីតាលី ១-០ តាមរយៈការវាយសម្រុកដោយគុណភាព។ ១គ្រាប់របស់អេស្ប៉ាញ សម្រេចបានដោយបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារអ៊ីតាលី Riccardo Calafiori។
 
សងសឹកអ៊ីតាលីបានសម្រេច បានជួយអេស្ប៉ាញបានកៅអីវគ្គ១៦ក្រុម ស្វ័យប្រវត្តិក្រោយឈ្នះទាំងពីរប្រកួតដំបូងមាន៦ពិន្ទុ។ អ៊ីតាលី មាន៣ពិន្ទុ រួមជាមួយ អាល់បានី និងក្រូអាស៊ី ដែលមាន១ពិន្ទុដូចគ្នា ត្រូវប្រជែងគ្នាដណ្តើមចំណាត់ថ្នាក់ទី២ ឬលេខ៣ល្អនៅជំនួបចុងក្រោយវគ្គសន្សំពិន្ទុ។ ជំនួបចុងក្រោយ អេស្ប៉ាញជួបអាល់បានី ស្របពេលអ៊ីតាលី តទល់ស៊ែប៊ី។
  


ពូល C ឯណោះវិញ តោកំណាចអង់គ្លេស នៅមិនទាន់បានកៅអីទៅវគ្គខ្វែងនៅឡើយទេ ក្រោយណាដឺម៉ាក តាមបានស្មើ ១-១។ ប្រធានក្រុម Harry Kane ជាអ្នកសម្រេចទីនាំមុខឱ្យក្រុមលោក Gareth Southgate នៅនាទី១៨ មុនពេល Morten Hjulmand ស៊ុតពីចម្ងាយយ៉ាងល្អឱ្យដាណឺម៉ាកនៅនាទី៣៤។ ក្នុងពូល C នេះ ស្លូវេនី និងស៊ែប៊ី ក៏បញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ផងដែរ។
 
លទ្ធផលស្មើទាំងពីរគូនៅជំនួបជុំទីពីពូល C នេះ បានធ្វើឱ្យអង់គ្លេសនៅតែមានប្រៀបក្នុងការទទួលបានកៅអីទៅវគ្គ១៦ក្រុម ដោយមាន៤ពិន្ទុ ឈរកំពូលតារាងបណ្តោះអាន្ន តាមពីក្រោយដោយដាណឺម៉ាក និងស្លូវេនី ដែលមាន២ពិន្ទុដូចគ្នា ស្របពេលស៊ែប៊ីមាន១ពិន្ទុ នៅបាតតារាង។
 
ជំនួបកាត់សេចក្តីចុងក្រោយ អង់គ្លេសជួបស្លូវេនី ឯដាណឺម៉ាកប៉ះស៊ែប៊ី។ ទាំង៤ក្រុមនេះសុទ្ធតែមានឱកាសឆ្លងផុតវគ្គចែកពូល ដោយគ្រាន់តែឱកាសតិច និងច្រើនប៉ុណ្ណោះ៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com