សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុន រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦០លាននាក់នៅឆ្នាំ២០២៤​
21, Jun 2024 , 9:29 pm        
រូបភាព
មនុស្សម្នាដើរលើផ្លុវមួយកន្លែងនៅទីក្រុងតូក្យូ ។ រូបភាព ៖ Xinhua
មនុស្សម្នាដើរលើផ្លុវមួយកន្លែងនៅទីក្រុងតូក្យូ ។ រូបភាព ៖ Xinhua
ទោះបីជាមានភ្ញៀវទេសចរអន្តរជាតិទៅកម្សាន្តនៅជប៉ុនមានចំនួនច្រើន ទីភ្នាក់ងារទេសចរណ៍ជប៉ុននៅតែចង់បានភ្ញៀវរហូតដល់ ៦០លាននាក់នៅឆ្នាំ២០២៤ ដោយផ្តោតលើអតិថិជនមានការចំណាយខ្ពស់។

 
ប្រធានទីភ្នាក់ងារទេសចរណ៍ជប៉ុន (JTA) លោក Ichiro Takahashi បានបញ្ជាក់ថា ជប៉ុននៅតែមានកន្លែងជាច្រើនដែលភ្ញៀវអន្តរជាតិមិនទាន់ស្គាល់ ឬមិនធ្លាប់បានទៅទស្សនា។ បើតាមលោក Takahashi ជប៉ុននឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ៦០លាននាក់នៅឆ្នាំនេះ ពោលគឺច្រើនជាងពីរដងកាលពីឆ្នាំមុនចំនួន ២៥លាននាក់។ 
 
« គោលដៅនៃការមកទស្សនាចំនួន ៦០លាននាក់អាចសម្រេចបាននៅឆ្នាំនេះ ប្រសិនបើជប៉ុនមានយុទ្ធសាស្រ្តត្រឹមត្រូវក្នុងការទាក់ទាញភ្ញៀវទេសចរ»។ លោក Takahashi បានសង្កត់ធ្ងន់បែបនេះ។ 
 
នៅក្នុងខែឧសភា ជប៉ុនបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៣លាននាក់ កើនឡើង ៦០ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលមានរយៈពេល ៣ខែជាប់គ្នាសម្រាប់វិស័យទេសចរណ៍ប្រទេសនេះ បានស្វាគមន៍ចំនួនភ្ញៀវទេសចរដ៏ច្រើន។ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ (JNTO) នៅថ្ងៃទី២០ ខែមិថុនា។ 
 
ប្រាក់​យ៉េនចុះ​ខ្សោយ ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​រីក​ចម្រើន។ អ្នកទេសចរបានសម្រុកទៅកាន់ជប៉ុន ដើម្បីរីករាយជាមួយសេវាកម្មលំដាប់ខ្ពស់ និងទិញទំនិញដែលមានគុណភាព។ ប៉ុន្តែទំហំសេដ្ឋកិច្ចជប៉ុនមានត្រឹម១១,១ពាន់លានដុល្លារ នៅត្រីមាសទី១នេះ​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ SCMP។
 
ភ្ញៀវទេសចរដែលទៅជប៉ុនច្រើនជាងគេមាន ចិន ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម អាម៉េរិក សិង្ហបុរី និង​វៀតណាម។ ម្ហូប​អាហារ និង​ទេសភាព​ធម្មជាតិ​ជា​កន្លែង​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ជប៉ុន។ នេះ​បើ​តាម​លោក Dalia Feldman នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទេសចរណ៍ Tourist Japan។
 
ដើម្បីទាញយកអត្ថប្រយោជន៍ពីប្រាក់យ៉េនទន់ខ្សោយ និងចំនួនភ្ញៀវទេសចរដ៏ច្រើន ភោជនីយដ្ឋាននៅជប៉ុនបានចាត់ថ្នាក់ភ្ញៀវទេសចរ និងអ្នកស្រុកដើម្បីទូទាត់តម្លៃធ្វើឱ្យមានតុល្យភាពផលប្រយោជន៍រវាងក្រុមទាំងពីរ។ 
 
អភិបាលក្រុង Hokkaido លោក Hajime Fujikura កាលពីថ្ងៃទី១៧ ខែមិថុនា បានស្នើរឲ្យគិតថ្លៃភ្ញៀវអន្តរជាតិ ៣ដងនៃថ្លៃចូលទស្សនាប្រាសាទ Himeji ជាងភ្ញៀវក្នុងស្រុក ដោយបង្កើនតម្លៃពី ៦,៣ដុល្លារ ដល់១៩ដុល្លារ។ ទន្ទឹមនេះ អភិបាលខេត្ត Nagasaki លោក Yamanashi Kotaro បាននិយាយថា វិស័យទេសចរណ៍គួរតែផ្តោតលើការទាក់ទាញ ជាពិសេសអ្នកទេសចរដែលចំណាយខ្ពស់៕ 

Tag:
 ជប៉ុន
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com