កីឡាជាតិ
ជាតិ
គណៈកម្មាធិការរៀបចំម៉ារ៉ាតុន៖ កម្ពុជាមានសក្ដានុពល ប៉ុន្ដែត្រូវការប្រជាពលរដ្ឋចូលរួម
24, Jun 2024 , 8:59 am        
រូបភាព
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិ-ភ្នំពេញ
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិ-ភ្នំពេញ
លោក សែម ផល្លា តំណាងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុន បាននិយាយថា កម្ពុជា កំពុងប្រកួតប្រជែងជាមួយប្រទេសជាសមាជិកម៉ារ៉ាតុនអន្ដរជាតិ ជាង១៧០ប្រទេស។ ប៉ុន្ដែការប្រកួតប្រជែងនេះ នឹងមិនអាចឈ្នះគេទេ ប្រសិនជាមិនមានការចូលរួម និងយោគយល់ពីប្រជាពលរដ្ឋ។

តំណាងអ្នករៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុន បាននិយាយថា កម្ពុជា មានធម្មជាតិ និងទីតាំងល្អ សម្រាប់ការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុន ដូចជាព្រៃឈឺ ប្រាសាទ និងវាលស្រែ អមដោយផ្ទះប្រជាជនក្នុងតំបន់។ កម្ពុជា បានរៀបចំព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុន និង ម៉ារ៉ាតុន រយៈពេល២៩ឆ្នាំមកហើយ ដែលជាពេលវេលាមួយវែងជាងប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន។ លោក សែម ផល្លា លើកឡើងថា ប្រទេសឡាវ និងម៉ាឡេស៊ី ក៏ធ្លាប់អញ្ជើញមន្ដ្រីកីឡាកម្ពុជា ទៅជួយរៀបចំព្រឹត្តិការណ៍នេះផងដែរ។
 
កម្ពុជា ធ្លាប់បានរៀបចំព្រឹត្តិការណ៍នេះ រយៈពេលយូមកហើយ ប៉ុន្ដែលទ្ធផលនៅតែមិនទាន់ពេញចិត្ត ព្រោះតែចំនួន នៃអ្នកចូលរួម មិនទាន់ច្រើនដូចជាប្រទេសដែលទើបបង្កើតព្រឹត្តិការណ៍នេះ។ នេះបើតាមលោក ផល្លា។
តំណាងអ្នករៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុនរូបនេះ បានបន្ថែមថា៖ «កីឡាករ-កីឡាការិនីរបស់យើង ចង់បានកន្លែងរត់មានទេសភាពរួមផ្សំ ធម្មជាតិផង ទេសភាពសង្គមផង និងទេសភាពដទៃទៀត។ នោះ មានពីរបែបក្នុងនោះ គឺធម្មជាតិសុទ្ធ ដូចជានៅតំបន់អង្គរវត្តរបស់យើង គឺពួកគាត់សរសើរមែនទែន ដោយសារគាត់រត់ចូលក្នុងក្រុង មើលសកម្មភាពរបស់ប្រជាជនក្នុងក្រុង អបអរសាទពួកគាត់ ហើយបន្ទាប់មកទៀតរត់ចូលតំបន់បេតិកភណ្ឌពិភពលោករបស់យើង ហើយចេញមកទៀត ឃើញមានភូមិប្រជាជន ហើយពួកគាត់ស្វាគមន៍អ្នករត់ ដូចជាក្មេងៗកុមារា-កុមារី ស្វាគមកីឡាករ-កីឡាការិនីរបស់យើង ហើយរត់ឆ្លងកាត់តំបន់វាលស្រែ នៅតាមដងផ្លូវ នេះហើយជាអំណោយទាន ដែលទាក់ទាញអ្នកចូលរួម។»។ 
 
បើទោះជាទីតាំងអំណោយផលក្តី ក៏តំណាងអ្នករៀបចំរូបនេះ កត់សម្គាល់ឃើញថា កម្ពុជានៅតែពិបាកប្រកួតប្រជែងជាមួយប្រទេសជាសមាជិកម៉ារ៉ាតុនអន្ដរជាតិពិភពលោក ព្រោះដោយសារបញ្ហាចរាចរណ៍ជាចម្បង។ លោក សែម ផល្លា ពន្យល់ថា ប្រជាជនក្នុងតំបន់មួយចំនួន ខ្វះការយោគយល់ នៅពេលដែលប៉ូលីសបិទផ្លូវ ដើម្បីឲ្យអ្នករត់ម៉ារ៉ាតុន បានឆ្លងកាត់។ បើតាមលោក ផល្លា កន្លងមក ធ្លាប់មានករណីអ្នករត់ម៉ារ៉ាតុន ត្រូវបានម៉ូតូកៀរ ហើយអ្នកបើកបរខ្លះ ក៏រំខានដល់កីឡាករ-កីឡាការិនីទាំងនោះផងដែរ។
  

ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិ នៅខេត្តសៀមរាប

លោក សែម ផល្លា បន្ដទៀតថា កម្ពុជានឹងបាត់បង់អ្នកចូលរួមម៉ារ៉ាតុន បើខ្វះការចូលរួមពីប្រជាជន។ «បញ្ហារបស់យើងប្រឈមមុខសព្វថ្ងៃ គឺបញ្ហាចរាចរណ៍។ ជួនកាលប៉ូលីស បិទផ្លូវដើម្បីអ្នករត់បានឆ្លង ប៉ុន្ដែប្រជាជនគាត់ម៉ួម៉ៅ គាត់ជេស្ដីឲ្យប៉ូលីសទៀត។ យើងខំប្រឹងណាស់ ដើម្បីទាក់ទាញភ្ញៀវមក។ ប៉ូលីសបិទផ្លូវតែមួយភ្លែត ដើម្បីឲ្យអ្នករត់ បានឆ្លងកាត់ដើម្បីកុំឲ្យមានប៉ះ ប៉ុន្ដែនៅតែមានម៉ូតូបុកពីក្រោយអ្នករត់ទៀត។ ភ្នំពេញម៉ារ៉ាតុន យើងមិនដែលបានផ្កាយ៥ទេ។ នៅពេលកីឡាករ-កីឡាការិនីយើង របួសដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺកេរ្ដិ៍ឈ្មោះរបស់យើង នឹងមានបញ្ហាធំ ព្រោះគាត់នឹងផ្សាយតាមបណ្ដាញសង្គម។ ឥទ្ធិពលអាក្រក់ នឹងធ្លាក់មកយើង ហើយអ្នករត់មួយចំនួន ដែលចង់ចូលរួមនៅកម្ពុជា ក៏ពួកគាត់ខ្លាចដែរ ហើយគាត់នឹងទៅប្រទេសផ្សេងៗ ដែលមានសុវត្ថិភាពជាង។ ដូច្នេះ យើងខាតផលប្រយោជន៍របស់យើង។ ផលប្រយោជន៍នេះ សម្រាប់សង្គមយើងទេ។»។ លោក សែម ផល្លា ពន្យល់ដូច្នេះ។
 
ក្នុងនាមជាសមាជិក នៃស្ថាប័នម៉ារ៉ាតុនពិភពលោក លោក ផល្លា បញ្ជាក់ថា កម្ពុជា គឺមានសិទ្ធពេញលេញក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដូចជាប្រទេស និងទីក្រុងធំៗ ដែរ។ ដូច្នេះហើយរាល់ពេលចប់ព្រឹត្តិការណ៍ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នេះ តែងរាយការណ៍ និងធ្វើបទបង្ហាញទៅកាន់ស្ថាប័នម៉ារ៉ាតុនពិភពលោក។ រូបភាពស្អាតៗ នឹងត្រូវចុះផ្សាយលើទស្សនាវដ្ឋី The Distance Running។ ទស្សនាវដ្ដីនោះ នឹងត្រូវចែកតាមប្រទេសជាង១៧០ ដែលជាសមាជិក ហើយរូបភាពទាំងនោះ គឺជាសំឡេងបង្ហាញពីគុណភាព នៃការធ្វើម៉ារ៉ាតុននៅកម្ពុជា។ 
  

ព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trail នៅក្រុងអង្គរ

លោក ផល្លា បកស្រាយដូច្នេះថា៖«យើង ជាសមាជិកពេញសិទ្ធដូចគេ យើងមានសិទ្ធរៀបចំដូចប្រទេស និងទីក្រុងធំៗ ដូចជាប៉ារីស, ញូយ៉ក, ប៊ូស្ដុន តូក្យូ ឬប៊ែកឡាំង ជាដើម។ យើង ត្រូវប្រណាំងប្រជែងជាមួយគេ។ ពេលចប់ព្រឹត្តិការណ៍នោះ យើងត្រូវផ្សាយរូបភាពចេញទៅក្រៅ។ យើង តែងធ្វើរបាយការណ៍ និងបទបង្ហាញទៅស្ថាប័នម៉ារ៉ាតុនពិភពលោក ដោយត្រូវភ្ជាប់រូបភាពក្នុងនេះ។ បើរូបភាពយើង ជាប់កង់ម៉ូតូ យើងនឹងមិនអាចប្រើបានទេ។ ប្រសិនជាយើង ហ៊ានតែផ្ញើររូបបែបនេះទៅ គឺគេលុបចោលតែម្ដង គេមិនអាចផ្សាយឲ្យយើងទេ នៅលើទំព័រ Distance Running ដែលជាទស្សនាវដ្ដីចេញផ្សាយ»៕
 

Tag:
 ម៉ារ៉ាតុង
  Marathon
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com