កីឡាអន្តរជាតិ
អន្តរជាតិ
Szoboszlai ទើសចិត្តនឹងការយឺតយ៉ាវរបស់គ្រូពេទ្យលើទីលាន អំឡុងមិត្តរួមក្រុមហុងគ្រីរបួសធ្ងន់ធ្ងរ
25, Jun 2024 , 8:59 am        
រូបភាព
Dominik Szoboszlai ប្រធានក្រុមជម្រើសជាតិហុងគ្រី បានស្នើសុំឱ្យសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA កែប្រែពិធីការ ឬច្បាប់លើសិទ្ធិរបស់ក្រុមគ្រូពេទ្យនៅលើទីលាន ឱ្យមានភាពរហ័សរហួនខ្លាំងជាងនេះ បន្ទាប់ពីកីឡាករ Barnabas Verga ជួបបញ្ហារបួសធ្ងន់ធ្ងរ ពេលការប៉ះទង្គិកជាមួយអ្នកចាំទី Angus Gunn។



ហុងគ្រី យកឈ្នះការប្រកួត ដោយគ្រាប់ស៊ុតបញ្ចូលទីចុងម៉ោង ៩០+១១ ជាពេលវេលាបន្ថែម បន្ទាប់ពីកីឡាករ Barnabas Varga ជួបបញ្ហារបួសធ្ងន់ធ្ងរ ក្រោយប៉ះទង្គិចជាមួយអ្នកចាំទីស្កុតឡែន។ Varga ត្រូវបានក្រុមគ្រូពេទ្យចំណាយពេលជិត ១០នាទី ដើម្បីសង្គ្រោះបន្ទាន់ក្នុងទីលានមុនបញ្ជូនទៅមន្ទីរពេទ្យ។
 
ការប៉ះទង្គិចរបស់ Varga ទល់អ្នកចាំទី Gunn ទាមទារឱ្យមានការសង្គ្រោះបន្ទាន់ភ្លាមៗ នៅលើទីលានពីសំណាក់ក្រុមគ្រូពេទ្យ ប៉ុន្តែត្រូវបានបង្អាក់ពេលប៉ុន្មានវិនាទី ព្រោះតែរង់ចាំការអនុញ្ញាតពីសំណាក់អាជ្ញាកណ្តាលក្នុងទីលាន។ បើតាមការអះអាងរបស់គ្រូបង្វឹកក្រុមហុងគ្រី លោក Marco Rossi កីឡាករ Varga រងរបួសបាក់ឆ្អឹងមួយចំនួននៅផ្ទៃមុខ និងត្រង់ច្រមុះ ខណៈសហព័ន្ធបាល់ទាត់ហុងគ្រី បញ្ជាក់ថាស្ថានភាពកីឡាករនៅធម្មតា គ្មានអ្វីប្រែប្រួលខ្លាំង។
 
ស្ថិតក្នុងកិច្ចសម្ភាសក្រោយចប់ការប្រកួត Szoboszlai បានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយពីហេតុការណ៍ និងបានទាមទារឱ្យUEFA កែប្រែពិធីការខ្លួន លើសិទ្ធិចូលទីលានរបស់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់។​ កីឡាករ Liverpool បង្ហាញជំនឿចិត្តថា ក្រុមគ្រូពេទ្យជួយសង្គ្រោះគួរតែ ត្រូវបានចូលទីលានលឿនរហ័ស ដោយមិនចាំបាច់មានសញ្ញាពីមន្ត្រីអាជ្ញាកណ្តាល ដោយរូបគេចាត់ទុកថា ១វិនាទីៗ គឺសុទ្ធសឹងតែជាពេលសំខាន់បំផុត មិនអាចធ្វេរប្រហែសបាន។ 
 
«រូបគេមិនអីនោះទេ គេស្ថិតក្នុងមន្ទីពេទ្យ ហើយគេត្រូវការព្យាបាលរបួសនៅលើផ្ទៃមុខ និងច្រមុះ ខ្ញុំគិតថាគេនឹងទទួលបានការព្យាបាលនៅថ្ងៃស្អែក។ វាមើលទៅពិតជាអាក្រក់ណាស់ មិនល្អទាល់តែសោះ ខ្ញុំមានអារម្មណ៍មិនល្អផងដែរ។ ខ្ញុំមិនដឹងទេថាពិធីការបែបណា របៀបរបស់វាបែបណា តែប្រសិនបើគ្រូពេទ្យរបស់យើងថាត្រូវការនរណាម្នាក់ក្នុងការជួយភ្លាមៗ នោះខ្ញុំមិនដឹងនិយាយបែបម៉េចនោះទេ ពួកគេគួរតែអនុញ្ញាតចូលទីលានដោយលឿនបំផុត។ វាមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំ តែខ្ញុំគិតថាយើងត្រូវតែផ្លាស់ប្តូរវា។»។ Szoboszlai បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
Szoboszlai ប្រធានក្រុមហុងគ្រី ជាមនុស្សម្នាក់ក្នុងហេតុការណ៍ រួមជាមួយកីឡាករហុងគ្រីដទៃ ដែលបានជួយដល់ការសង្គ្រោះរបស់ Varga ហើយរូបគេថែមទាំងបានជួយសែង Varga ជាមួយក្រុមសង្គ្រោះដើម្បីបញ្ជូនមិត្តរួមក្រុមទៅមន្ទីពេទ្យក្រោយការសង្គ្រោះបន្ទាន់៕

Tag:
 ហុងគ្រី
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com