កីឡាអន្តរជាតិ
អន្តរជាតិ
Varga ឆ្លងផុតការវះកាត់ផ្ទៃមុខ និងចេញពីមន្ទីរពេទ្យឆាប់ៗ
25, Jun 2024 , 3:39 pm        
រូបភាព
ខ្សែប្រយុទ្ធក្រុមហុងគ្រី Barnabas Varga បានទទួលការវះកាត់បញ្ហារបួសផ្ទៃមុខជោគជ័យ ថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីរូបគេបានរងរបួសធ្ងន់ធ្ងរ ក្រោយពេលប៉ះទង្គិចគ្នាខ្លាំងជាមួយនឹងអ្នកចាំទីស្កុតឡែន ក្នុងការប្រកួតដែលហុងគ្រីយកឈ្នះលទ្ធផល ១​-០ លើស្កុតឡែន នៃព្រឹត្តិការណ៍ Euro 2024។



កីឡាករវ័យ ២៩ឆ្នាំ បានជួបបញ្ហារបួសធ្ងន់ធ្ងរត្រង់ក្បាល និងផ្ទៃមុខ នៅពេលរូបគេបានប៉ះទង្គិចគ្នាខ្លាំងជាមួយនឹងអ្នកចាំទីស្កុតឡែន Angus Gunn ក្នុងប្រអប់គ្រោះថ្នាក់នាទី៦៨ ហើយធ្វើឱ្យ Varga បានបាត់បង់ស្មារតី និងទទួលបានសង្គ្រោះបន្ទាន់ភ្លាមៗលើទីលានដោយក្រុមគ្រូពេទ្យ រយៈពេល ១០នាទី មុនបញ្ជូនទៅមន្ទីរពេទ្យ។
 
ខ្សែប្រយុទ្ធ Varga នាថ្ងៃទី២៥ ខែមិថុនា រូបគេទទួលបានការវះកាត់បញ្ហារបួស បានដោយជោគជ័យ បន្ទាប់ពីស្ថានការណ៍របួសរបស់គេមិនមានសភាពប្រែប្រួល។
 
«យោងតាមព័ត៌មានវេជ្ជបណ្ឌិតនៃស្ថាប័នជំនាញខាងរបួសមុខ អន្តរាគមន៍មិនមានភាពស្មុគស្មាញ ដូច្នេះរូបគេអាចនឹងចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី២៦ ខែមិថុនា។»។ នេះបើតាមប្រកាសរបស់សហព័ន្ធបាល់ទាត់ហុងគ្រី នៅលើបណ្តាញសង្គម X។
 
ចំណែកមិត្តស្រីរបស់ខ្សែប្រយុទ្ធ Varga ក៏បានបង្ហោះសារអរគុណដល់អ្នកគាំទ្រ និងស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ក្តីបារម្ភដូច្នេះថា៖«សូមអរគុណចំពោះសារដែលគាំទ្រ Barni បានបញ្ចប់ការវះគាត់ ហើយក៏ទទួលបានការសម្រាកតិចតួច តែយ៉ាងណាអ្វីៗនឹងល្អប្រសើរឡើង។»។ 
 
បញ្ហាកើតឡើងធ្ងន់ធ្ងរដូច្នេះ ប្រធានក្រុមហុងគ្រី Dominik Szoboszlai បានរិះគន់យ៉ាងខ្លាំង ចំពោះក្រុមការងារជួយសង្គ្រោះបន្ទាន់ ចំពោះពេលវេលាត្រូវរង់ចាំឱ្យអាជ្ញាកណ្តាលការប្រកួតអនុញ្ញាតជាមុនសិន ដើម្បីអាចចូលមកផ្តល់ការសង្គ្រោះ។ ប្រធានក្រុមវ័យ ២៣ឆ្នាំ ក៏បានស្នើសុំ UEFA ឱ្យកែប្រែពិធីការទាំងនេះចេញផងដែរ។ 
 
ទោះបីជាបានព្យាបាលរបួសរួចហើយក្តី ប៉ុន្តែ Varga នឹងមិនអាចលេងការប្រកួតដែលនៅសល់របស់ហុងគ្រី ស្ថិតក្នុងព្រឹត្តិការណ៍ Euro 2024 ទៀតបានឡើយ ប្រសិនបើហុងគ្រីអាចបន្តដំណើរទៅកាន់វគ្គ ១៦ក្រុម ក្នុងនាមជាក្រុមលេខ ៣ ល្អ។ 
 
ហុងគ្រី យកឈ្នះស្កុតឡែន បញ្ជប់ចំណាត់ថ្នាក់លេខ ៣ ល្អក្នុងពូល ខណៈស្កុតឡែនបានត្រឹមលេខ ៤ ហើយពួកគេត្រូវរង់ចាំអុតមើលលទ្ធផលថាតើពួកគេនឹងស្ថិតនៅក្នុងចំណោមក្រុមលេខ ៣ ល្អ ចំណោម ៤ក្រុម ឬយ៉ាងណា ដើម្បីទៅកាន់វគ្គ ១៦ក្រុម៕

Tag:
 Euro 2024
  Barnabas Varga
© រក្សាសិទ្ធិដោយ thmeythmey.com