ជាតិ
សេដ្ឋកិច្ច
ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង២ នឹងបញ្ចប់បញ្ហាខ្វះទឹកស្អាតនៅភ្នំពេញ ​និងតាខ្មៅ
25, Jun 2024 , 8:19 pm        
រូបភាព
ភ្នំពេញ៖ ការដាក់ឱ្យដំណើរការ «រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២» នឹងបញ្ចប់ទាំងស្រុងរាល់បញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ​ ខេត្តកណ្ដាល។ នេះជាការអះអាងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។



នៅក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីបាក់ខែងជំហានទី២ នៅថ្ងៃទី២៥ មិថុនា លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រោងចក្រនេះ មានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥,០០០ម៉ែត្រគីប ក្នុងមួយថ្ងៃ។ បើបូករួមនឹងផលិតភាពដែលមានស្រាប់​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតបាន ៩៨២,០០០ម៉ែត្រីគីប។

ចំនួននេះ បានឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការប្រើប្រាស់របស់ពលរដ្ឋ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។​
 
លោក ថ្លែងដូច្នេះថា៖«ការដាក់ឱ្យរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២នាពេលនេះ គឺជាការបិទបញ្ចប់ទាំងស្រុងនូវបញ្ហាកង្វះទឹកស្អាតនៃផ្ទៃសេវាគ្រប់ណ្ដប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលធ្លាប់បានកើតមានជាអន្លើនាពេលកន្លងទៅ នៅក្នុងភូមិសាស្រ្តខ្លះនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល»។ 
 
ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបើកការដា្ឋនសាងសង់ «រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣» មួយទៀត នៅថ្ងៃដដែលនេះ។

គម្រោងនេះ មានតម្លៃ ២៥៧លានដុល្លារ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥,០០០ម៉ែត្រគីប និងគ្រោងបញ្ចប់ការសាងសង់នៅត្រីមាសទី៣ ឆ្នាំ២០២៧។

បន្ទាប់ពីគម្រោងទី៣នេះបញ្ចប់ លោក អូន ព័ន្ធមុនីរ័ត្ន រំពឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតបាន ១៩៥,០០០ម៉ែត្រគីបក្នុងមួយថ្ងៃ បន្ថែមទៀត។ 
 
សូមជម្រាបថា គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង៣ជំហាននេះ គ្រោងចំណាយថវិកាប្រមាណ ៦៦០លានដុល្លារ ដោយមានការចូលរួមគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ចំនួន៤១០លានដុល្លារ, ធានាគារវិនិយោគអឺរ៉ុប (EIB) ១០០លានដុល្លារ, ឥណនទានឥតសំណងពីសហភាពអឺរ៉ុប ​២៦លានដុល្លារ និងក្រៅពីនោះ គឺជាថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕ 

Tag:
 ទឹកស្អាត
 
© រក្សាសិទ្ធិដោយ thmeythmey.com