ជាតិ
យុវជនត្រូវតែដឹងពីប្រវត្តិសាស្រ្តខ្លួន ដើម្បីបញ្ចៀសការជាន់ដានចាស់​
26, Jun 2024 , 8:29 am        
រូបភាព
ដោយ៖ ញ៉ សុខហឿន​

ភ្នំពេញ៖​ ការរៀនប្រវត្តិសាស្ត្រ អាចធ្វើឱ្យអ្នកជំនាន់ក្រោយ ស្វែងយល់អំពីការរស់នៅ ទំនៀមទម្លាប់ ប្រពៃណី ការគិត និងព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតឡើងនៅក្នុងប្រទេសនី​មួយៗ ដោយមានទាំងចំណុចល្អ និងមិនល្អ។ ការរៀនប្រវត្តិសាស្រ្ត ក៏អាចជួយអ្នកសិក្សា បញ្ចៀសទង្វើ និងការជាន់ដានមិនល្អនៅក្នុងប្រវត្តិសាស្ត្រដែរ។



ឆ្លៀតពេលពីការសិក្សាយុវជនវ័យ ១៩ឆ្នាំ លាវ ពីអុិ តែងតែចំណាយពេល អានសៀវភៅអំពីប្រវត្តិសាស្ត្រ ជាពិសេសទៅកន្លែងប្រវត្តិសាស្រ្ត ដូចជាសារៈមន្ទីរជាតិនៃកម្ពុជាជាដើម។ តាមរយៈវត្ថុដែលដាក់តាំងនៅក្នុងសារៈមន្ទីរជាតិផ្ទាល់ ពីអុិ អាចផ្សារភ្ជាប់រូបភាពជាក់ស្ដែងទៅមេរៀន ដែលបានអាននៅក្នុងសៀវភៅ។ យុវជនដែលកំពុងសិក្សាផ្នែកប្រវត្តិវិទ្យាឆ្នាំទី២ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ ក៏​ចង់ឃើញយុវជនដទៃទៀត សិក្សាពីប្រវត្តិសាស្រ្តប្រទេសឱ្យបានច្បាស់ ដើម្បីកុំឱ្យធ្វើទង្វើមិនល្អ ដែលជាន់ដានប្រវត្តិសាស្រ្ត។ 
 
សារមន្ទីរជាតិ បានតាំងពិព័រណ៍មិនអចិន្រ្ទៃយ៍ រយៈពេល ៦ ខែ ដោយបង្ហាញ​វត្ថុបុរាណចំនួន ៩៩វត្ថុ ក្នុងនោះមានវត្ថុបុរាណធ្វើពីថ្មចំនួន៥ ,ធ្វើពីសំរឹទ្ធចំនួន២២ និងធ្វើពីមាស ដែលជាគ្រឿងអលង្ការ មានចំនួន៧២ ដែលបានផលិតនៅក្នុងសម័យកាលផ្សេៗគ្នា។ ដោយសារចង់ដឹងច្បាស់ពីប្រវត្តិសាស្រ្ត និងវត្ថុបុរាណទាំងនេះ ពីអុី មិនឱកាសនេះ រំលងផុតឡើយ ដោយរូបគេ បានចំណាយពេលមួយថ្ងៃ ដើម្បីមកទស្សនាពិព័រណ៍នេះ។​ 

យុវជន លាវ ពីអុិ ដែលកំពុងសិក្សាផ្នែកប្រវត្តិវិទ្យាឆ្នាំទី២ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

យុវជនរូបនេះ បាននិយាយប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ដូច្នេះថា៖«នៅពេលខ្ញុំអានមេរៀននៅក្នុងសៀវភៅ​ ប្រៀបដូចជាបានរៀនតែទ្រឹស្ដីតែមិនបានអនុវត្ត។ ប៉ុន្តែនៅពេលខ្ញុំចូលមកក្នុង[សារៈមន្ទីរជាតិនៃកម្ពុជា] ខ្ញុំអាចមើលរូបបញ្ជាក់បន្ថែម ដើម្បីផ្សារភ្ជាប់នឹងការសិក្សា ហើយងាយស្រួលនៅក្នុងការចង់ចាំរបស់ខ្ញុំដែរ។ ​ពេលថ្មីៗនេះ ខ្ញុំទើបតែចាប់អារម្មណ៍រចនាបថភ្នំដា ដែលមានបដិមាកាច់ចង្កេះដូច្នេះ។ នៅពេលដែលខ្ញុំអានតែទ្រឹស្ដី ខ្ញុំមិនបានយល់ថា កាច់ចង្កេះ ​និងចងក្បិនបែបណាទេ។ ប៉ុន្តែនៅពេលដែលខ្ញុំមកមើលផ្ទាល់ ធ្វើឱ្យខ្ញុំបានចេះដឹងច្រើនជាងមុន»។
 
និយាយបណ្ដើរ ភ្នែកសំឡឹងទៅមើលចម្លាក់ព្រះពុទ្ធតូចៗ ដែលបានដាក់តាំងនៅក្នុងទូកកញ្ចក់បណ្ដើរ ពីអុិ យល់ឃើញថា យុវជនគួរ តែសិក្សាអំពីប្រវត្តិសាស្រ្តទាំងក្នុង និងក្រៅប្រទេស​ឱ្យបានច្រើន ដើម្បីបានដឹងរឿងរ៉ាវ នៅក្នុងសម័យអតីតកាលនីមួយៗ។​ 
 
ការរៀនប្រវត្តិសាស្ត្រ គឺមានអត្ថប្រយោជន៍ច្រើន សម្រាប់យុវជន នៅក្នុងប្រជាជាតិមួយ។ នេះជាការលើកឡើងរបស់ លោក ឈត ប៊ុនថង ដែលបានលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយ អានប្រវត្តិសាស្រ្តខ្មែរ ឱ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់ស្នាដៃឯកសារពាក់ព័ន្ធនានា។
 
ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា​ បាននិយាយថា៖​«យើងត្រូវអានឱ្យបានច្រើន​ ចៀសវាង អានតែជ្រុងណាមួយ ឬក៏ស្នាដៃណាមួយ ហើយយើងសន្និដ្ឋានថា ប្រវត្តិសាស្រ្តនោះពិត​។ ជាធម្មតា សមត្ថភាពរបស់អ្នកសរសេរមានដែនកំណត់​​ នៃការស្រាវជ្រាវនៃទិន្នន័យដែលគាត់ប្រមូលបានប៉ុនណាគាត់សរសេរប៉ុណ្ណឹង។ ទីពីរ បើសិនគាត់លំអៀងទៅភាគីណាមួយ  គាត់សរសេរល្អអំពីក្រុមគាត់។ ដូច្នោះបើយើងអានតែស្នាដៃមួយ អំពីហេតុការណ៍ ឬព្រឹត្តការណ៍ រឿងរ៉ាវដែលកើតឡើងនៅក្នុង អតីតកាល គឺមិនគ្រប់គ្រាន់ទេ ដែលនាំឱ្យយើងយល់ខុស»។ 

លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា​
 
បច្ចុប្បន្នស្នាដៃប្រវត្តិសាស្រ្ត មានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង ហើយថ្មីៗនេះ ក៏មានស្នាដៃជាភាសារុស្សុីទៀតដែរ។ លោកបណ្ឌិតរូបនេះ បានបន្ថែមថា ការសិក្សាប្រវត្តិសាស្រ្ត ជួយឱ្យយុវជនបានដឹង និងយល់កាន់តែច្បាស់ ពីចំណុចល្អ និងអាក្រក់។ ចំណុចណា គួរយកគំរូតាម និងមិនគួរត្រាប់តាម។ បើតាមលោក ប៊ុនថង អ្នកជំនាន់ក្រោយ អាចធ្វើឱ្យល្អជាងអ្នកជំនាន់មុន ដូច្នេះហើយ ទើបទាមទារឱ្យយុវជន ត្រូវដឹងអំពីប្រវត្តិសាស្ត្រឱ្យបានច្រើន ដើម្បីសង្គមជាតិទាំងមូល។​
 
លោក ឈត ប៊ុនថង បន្ត​និយាយថា៖ «ការចងក្រងប្រវត្តិសាស្ត្រដោយមនុស្សតែម្នាក់ មិនអាចបានគ្រប់ជ្រុងជ្រោយទេ ព្រោះចំណេះដឹង និងឯកសារអ្នកសរសេរមានកំណត់។ ដូច្នោះយើងត្រូវអានឱ្យបានច្រើនស្នាដៃ។​​ យុវជនគួរតែចេះឱ្យលើសពីមួយភាសា ព្រោះប្រវត្តិសាស្ត្រខ្មែរ បានចងក្រងទៅជាភាសាអង់គ្លេស​ ហើយជនជាតិរុស្សុី ក៏បានសរសេរប្រវត្តិសាស្រ្តខ្មែរដែរ។ ដូច្នោះជាការពិបាកបន្តិច បើចង់អានឱ្យបានគ្រប់ជ្រុងជ្រោយ ដោយអានតែភាសាខ្មែរ»។ 
 
តែយ៉ាងណា លោក ប៊ុនថង ក៏បានអំពាវនាវទៅដល់យុវជនជំនាន់ក្រោយ ដែលសិក្សាពីប្រវត្តិសាស្រ្តហើយ ក៏មិនត្រូវយកប្រទេសជិតខាងធ្វើជាសត្រូវដែរ។ « ព្រោះប្រវត្តិសាស្ត្រដែលបានកើតឡើងនៅសម័យមុន គឺបានកើតឡើងរួចហើយ មិនអាចទៅកែប្រែអ្វីបានទេ។ យុវជន ត្រូវរស់នៅក្នុងសម័យបច្ចុប្បន្ន ថែរក្សាទឹកដី វប្បធម៌ និងអរិយធម៌ដែលមានតម្លៃ ដែលកំពុងមាន​ ពីព្រោះបច្ចប្បន្ន គឺជាសម័យសកលភាវូបនីយកម្ម ដែលមានអន្តរកម្ម រវាង​ជាតិ និងអន្តរជាតិ»។ នេះបើតាមលោក ប៊ុនថង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com