សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
UN៖ ១១៣ប្រទេស មិនមានមេដឹកនាំជាស្រ្តី
26, Jun 2024 , 8:59 am        
រូបភាព
លោកស្រី Sima Bahous នាយកប្រតិបត្តិនៃអង្គការសហប្រជាជាតិស្ត្រី ។ រូបភាព ៖ UN
លោកស្រី Sima Bahous នាយកប្រតិបត្តិនៃអង្គការសហប្រជាជាតិស្ត្រី ។ រូបភាព ៖ UN
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ២៣ភាគរយនៃតំណែងរដ្ឋមន្ត្រីជុំវិញពិភពលោកត្រូវបានកាន់កាប់ដោយស្ត្រី។ ប្រទេសចំនួន១៤១ មានតិចជាង១ភាគ៣ នៃតំណែងស្រ្តីក្នុងជួរគណៈរដ្ឋមន្ត្រី។

 
តាមរបាយការណ៍ទិន្នន័យសកលឆ្នាំ២០២៤ ស្តីពីមេដឹកនាំនយោបាយស្ត្រីដោយអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (UN Women) ប្រទេសចំនួន ១១៣ នៅលើពិភពលោកមិនមានមេដឹកនាំនយោបាយជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលនោះទេ។ បច្ចុប្បន្នមាន  ២៦ប្រទេសប៉ុណ្ណោះដែលមានមេដឹកនាំជាស្ត្រី។
 
របាយការណ៍ខាងលើត្រូវបានផ្សព្វផ្សាយក្នុងទិវាអន្តរជាតិនារីក្នុងការទូត ២៤ មិថុនា ដែលជាថ្ងៃទទួលស្គាល់ និងគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីក្នុងវិស័យការទូត។
 
យោងតាមរបាយការណ៍ដដែល គិតត្រឹមថ្ងៃទី១ ខែមករាឆ្នាំ២០២៤  ២៣ភាគរយនៃមុខតំណែងរដ្ឋមន្ត្រីនៅលើពិភពលោកត្រូវបានកាន់កាប់ដោយស្ត្រី។ នៅក្នុងប្រទេសចំនួន១៤១ មានមិនដល់ ១ភាគ៣ នៃស្រ្តីនៅក្នុងតំណែងគណៈរដ្ឋមន្ត្រី។ ប្រទេសចំនួន ៧ មិនមានស្ត្រីនៅក្នុងជួរគណៈរដ្ឋមន្ត្រី។
 
ការគ្រប់គ្រងអំណាចរបស់បុរសក្នុងកិច្ចការការទូត និងកិច្ចការបរទេស ក៏ពង្រីកដល់តំណាងអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ស្ត្រីកាន់តំណែងតំណាងអចិន្ត្រៃយ៍ ២៥ភាគរយនៅការិយាល័យនៅញូវយ៉ក (អាម៉េរិក), ៣៥ភាគរយនៅទីក្រុងហ្សឺណែវ (ស្វីស) និង ៣៣,៥ភាគរយនៅទីក្រុងវីយែន (អូទ្រីស)។
 
បើតាមសេចក្តីប្រកាសព័ត៌មាន UN Women ទោះបីជាមានការរីកចំរើនក៏ដោយ ស្ត្រីនៅតែត្រូវបានផាត់ចេញពីមុខតំណែងនៃអំណាច និងការទូត ខណៈដែលមុខតំណែងខ្ពស់ៗមានឥទ្ធិពល និងអំណាចធ្វើការសម្រេចចិត្តត្រូវបានកាន់កាប់ជាចម្បងដោយបុរស។
 
លោកស្រី Sima Bahous នាយកប្រតិបត្តិនៃអង្គការសហប្រជាជាតិស្ត្រីបានសង្កត់ធ្ងន់ថា ៖« ការងាររបស់យើងត្រូវបានដឹកនាំដោយភាពជឿជាក់ថា នៅពេលស្ត្រីដឹកនាំពិភពលោកគឺមានភាពប្រសើរជាងសម្រាប់មនុស្សគ្រប់គ្នា និងភពផែនដី» ។
 
បើតាមលោកស្រី Sima Bahous បរិបទនៃប្រទេសជាច្រើនដែលរៀបចំការបោះឆ្នោតនៅឆ្នាំនេះ ចាំបាច់ត្រូវកំណត់ថា ការចូលរួមរបស់ស្រ្តីដោយស្មើភាពក្នុងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ដែលជាគន្លឹះក្នុងការលើកកម្ពស់ជីវិតសម្រាប់មនុស្សគ្រប់រូប។
 
ការបោះឆ្នោត និងការតែងតាំងស្ត្រីឱ្យកាន់តំណែងជាអ្នកដឹកនាំ បង្ហាញពីឆន្ទៈនយោបាយដ៏រឹងមាំសម្រាប់សមភាពយេនឌ័រ ក៏ដូចជាការប្តេជ្ញាចិត្តរួមក្នុងការដោះស្រាយបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះ។
 
សេចក្តីប្រកាសព័ត៌មានរបស់ UN Women បញ្ជាក់ថា ការរំលឹកខួប ៣០ឆ្នាំ ចាប់តាំងពីការអនុម័តសេចក្តីប្រកាសទីក្រុងប៉េកាំង និងវេទិកាសម្រាប់សកម្មភាព (១៩៩៥-២០២៥) ទីភ្នាក់ងារបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធានាឱ្យស្ត្រីដឹកនាំមានការរីកចម្រើន និងជំរុញការផ្លាស់ប្តូរជាវិជ្ជមាន រួមទាំងការកាន់មុខតំណែងខ្ពស់ៗ៕ 

Tag:
 ស្រ្តី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com