កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស និងបារាំង ខ្សត់គ្រាប់បាល់នៅវគ្គចែកពូល Euro 2024
26, Jun 2024 , 2:04 pm        
រូបភាព
ដំណឹងល្អសម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិល្បីៗភាគច្រើនសុទ្ធតែឆ្លងផុតវគ្គចែកពូលពានរង្វាន់អឺរ៉ុប UEFA Euro 2024 ទាំងនៅសល់ការប្រកួត។ ប៉ុន្តែដំណឹងអាក្រក់ ក្រុមមួយចំនួនជាពិសេសអង់គ្លេស និងបារាំង ដែលគេរំពឹងថាជាបេក្ខភាពឈ្នះជើងឯកច្រើនជាងគេ ភាគច្រើនបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ និងឈ្នះក្នុងចំនួនគ្រាប់បាល់តិចបំផុត។



អេស្ប៉ាញ អាល្លឺម៉ង់ និងព័រទុយហ្កាល់ ឈានទៅវគ្គ១៦ក្រុម ជាមួយការបង្ហាញខ្លួនយ៉ាងល្អ ដោយទទួលបានលទ្ធផលលេចធ្លោនៅវគ្គចែកពូល។ ដោយឡែក អង់គ្លេស និងបារាំង បើទោះឆ្លងផុតវគ្គពូល ប៉ុន្តែក្រុមទាំងពីរហាក់មិនសូវបង្ហាញពីភាពខ្លាំងរបស់ខ្លួនឡើយ ដោយឆ្លងកាត់៣ប្រកួតរកបាន៥ពិន្ទុ ឈ្នះមួយ ស្មើ២ដូចគ្នា។
 
ទាំងពីរក្រុមនេះ ដែលគេជឿជាក់ថាមានភាគរយខ្ពស់ក្នុងការទទួលបានជើងឯកពានអឺរ៉ុប នៅអាល្លឺម៉ង់ឆ្នាំ២០២៤នេះ សល់សំណល់គ្រាប់បាល់តែមួយគ្រាប់ដូចគ្នា ដែលជាចំនួនតិចបំផុត។ អង់គ្លេស ដែលសប្បូរទៅដោយកីឡាករឆ្នើមៗនិងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល C ឈ្នះស៊ែប៊ី ១-០ មុនស្មើដាណឺម៉ាក ១-១​ និងស្មើស្លូវេនី ០-០។ បារាំង ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ពូល D ឈ្នះអូទ្រីស ១-០ ស្មើហូឡង់ ០-០ និងស្មើប៉ូឡូញ ១-១។
 
តាមរយៈលទ្ធលទាំងបីប្រកួតនៅវគ្គចែកពូល បង្ហាញថាក្រុមតោកំណាច និងមាន់គក ខ្សត់គ្រាប់បាល់ដូចគ្នា។
 
សម្រាប់ក្រុមដែលមានភាគរយខ្ពស់បន្ទាប់ពីអង់គ្លេស និងបារាំង ដែលបានកៅអី១៦ក្រុម មាន អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្កាល់ និងបារាំងសុទ្ធ សុទ្ធតែនៅម្ខាងរួមគ្នា ដែលមានតែមួយក្រុមគត់អាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ ខុសពីម្ខាងទៀតដែលមាន អង់គ្លេស ហូឡង់ និងអ៊ីតាលី។
 
លទ្ធផល​ ធ្វើឱ្យ​បារាំង​នឹង​ជួប​ការ​លំបាក​ជាង​មុន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រជើងឯកអឺរ៉ុប ដែលធ្វើឡើង​នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ដោយ​មាន​អេស្ប៉ាញ និង​អាល្លឺម៉ង់ ហើយ​បារាំង និង​ព័រទុយហ្កាល់​អាច​ជួប​គ្នា​នៅ​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រថែមទៀត។
 
អង់គ្លេស ឯណោះវិញ អាចមានលទ្ធភាពទៅកាន់វគ្គផ្តាច់ព្រ័ត្រច្រើន ប្រសិនបើពួកគេជួបស្លូវ៉ាគីវគ្គ១៦ក្រុម វគ្គ៨ក្រុមជាមួយស៊្វីស និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយអូទ្រីស។ ទោះយ៉ាងណា ក្រុមលោក Gareth Southgate ក៏អាចមានភាគរយជួប ហូឡង់ក្នុងវគ្គ១៦ក្រុមចុងក្រោយ ផងដែរ៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com