ជាតិ
កវី វ៉ែន សុន ដាច់សរសៃឈាមខួរក្បាល កំពុងសង្គ្រោះបន្ទាន់នៅពេទ្យរុស្សី
26, Jun 2024 , 5:19 pm        
រូបភាព
ភ្នំពេញ៖ អាការជំងឺរបស់ព្រឹទ្ធាចារ្យ គរុវិជ្ជាចារ្យកវីនិពន្ធ វ៉ែន សុន ពុំទាន់បានធូរស្បើយឡើយ ដោយឈាមនៅបន្តហូរក្នុងខួរក្បាល បណ្ដាលមកពីជំងឺដាច់សរសៃឈាមខួរក្បាល។ កូនស្រីទី៧របស់ព្រឹទ្ធាចារ្យ ថាពិបាកឱ្យឪពុកត្រឡប់មកស្ថានភាពដើមវិញណាស់។ បច្ចុប្បន្នព្រឹទ្ធាចារ្យ កំពុងព្យាបាលនៅពន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត​។


អ្នកស្រី វ៉ែន សុផល្លី ត្រូវជាកូនស្រីទី៧ របស់ព្រឹទ្ធាចារ្យ គរុវិជ្ជាចារ្យកវីនិពន្ធ វ៉ែន សុន បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ​ថា ឪពុករបស់អ្នកស្រី មានអាការកន្ត្រាក់ដៃជើង កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៦ម្សិលមិញ។ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ គ្រូពេទ្យបញ្ជាក់ថា ព្រឹទ្ធាចារ្យបានដាច់សរសៃឈាមក្នុងខួរក្បាល និងសង្ស័យមានដុះដុំសាច់ក្នុងខួរក្បាលផង។
 
អ្នកស្រីពន្យល់៖«ពេទ្យថាឈាមបុកឡើងទៅខួរក្បាល បណ្ដាលឱ្យសម្ពាធឈាមឡើងខ្លាំង នាំឱ្យដាច់សរសៃឈាមខួរក្បាល។ ពេទ្យសន្និដ្ឋានថា អាចមានដុំសាច់ក្នុងខួរក្បាល ប៉ុន្តែពុំទាន់ប្រាកដខ្លាំងទេ ដោយសារតែឈាម នៅតែបន្តហូរនៅក្នុងខួរក្បាលមិនទាន់ឈប់។ ជាក្ដីព្រួយបារម្ភ គឺពិបាកសង្ឃឹមថាប៉ា នឹងត្រឡប់មកដូចដើមវិញ ព្រោះប៉ាមិនអាចនិយាយបាន ហើយក៏មិនអាចមើលឃើញ ដៃជើងក៏លើកមិនបាន មានន័យថាគាត់ដូចជាមនុស្សរុក្ខជាតិ»។ 
 
កូនស្រីទី៧រូបនេះ អះអាងថាឪពុករបស់ខ្លួន មានជំងឺវង្វេងប្រចាំកាយច្រើនឆ្នាំមកហើយ ហើយប្រមាណ៣ថ្ងៃចុងក្រោយនេះ លោកពិសារអាហារបានតិចតួច។ គ្រូពេទ្យបានបញ្ជាក់ថា ដោយសារព្រឹទ្ធាចារ្យមានជន្មាយុចាស់ជរា ហើយអាការជំងឺធ្ងន់ធ្ងរខ្លាំង ពុំអាចព្យាបាលដោយការវះកាត់បានឡើយ។ តែអាចព្យាបាលដោយការប្រើថ្នាំ។ 
 
«ឥឡូវហ្នឹងគាត់បើកភ្នែកបាន តែគាត់និយាយអត់រួចទេ។ ដៃជើងខាងឆ្វេង អាចកម្រើកបានតិចតួច ប៉ុន្តែខាងស្ដាំកម្រើកមិនបានសោះតែម្ដង។ ភ្នែកគាត់អាចមើលឃើញប្រហែល២០ភាគរយទេ គាត់មើលមិនស្គាល់ពួកខ្ញុំជាកូនទេ។ ពេលនេះដៃជើងគាត់កន្ត្រាក់ម្ដងៗ។ ពេទ្យថាវះកាត់មិនបានទេ ដូច្នេះពេទ្យសម្រេចថា សុំព្យាបាលដោយប្រើថ្នាំសិន»។ អ្នកស្រី ផល្លី បញ្ជាក់។
 
ព្រឹទ្ធាចារ្យ វ៉ែន សុន មានកូនចំនួន៨នាក់ស្រី៥ ហើយកូនទាំងអស់របស់លោក ពុំមាននរណាម្នាក់ចាប់ជំនាញសិល្បៈ ឬជំនាញតែងនិពន្ធឡើយ។ ព្រឹទ្ធាចារ្យ បានខកខានតែងនិពន្ធ ប្រមាណ៧ទៅ៨ឆ្នាំមកហើយ ដោយសារលោកធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយវះកាត់ពោះវៀនដុះខ្នែង កាលពីក្នុងជន្មាយុ៨១ឆ្នាំ។ បច្ចុប្បន្នព្រឹទ្ធាចារ្យ មានជន្មាយុ៨៦​ ឈានចូល៨៧ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី សុផល្លី។
 
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ វ៉ែន សុន គឺជាកវីនិពន្ធជំនាន់ទសវត្សរ៍ឆ្នាំ១៩៦០។ ព្រឹទ្ធាចារ្យ វ៉ែន សុន មានជំនាញខាងនិពន្ធទំនុកច្រៀង និពន្ធកំណាព្យ ជាសិល្បករផ្នែកតន្ត្រី និងជាអ្នកនិពន្ធរឿងខ្លីអប់រំកុមារផងដែរ។ ព្រឹទ្ធាចារ្យធ្លាប់ជាទីប្រឹក្សាកណ្ដាល សមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ និងជាសាស្ត្រាចារ្យបង្រៀននៅ មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ។
 
ក្នុងជីវិតជាកវីនិពន្ធ ព្រឹទ្ធាចារ្យ វ៉ែន សុន ធ្លាប់ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស និងទទួលបានពានរង្វាន់មេដាយមាស ផ្ដល់ជូនដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះស្នាដៃរបស់លោក ដែលបានចំណាយពេលនិពន្ធចងក្រង សៀវភៅកំណាព្យជាច្រើនក្បាល។ 
 
បន្ថែមពីនោះ លោកក៏ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេសមួយទៀត ចំពោះស្នាដៃនិពន្ធរឿងចំណងជើង “ឋានសួគ៌ក្នុងសុបិន”។ កវីនិពន្ធរូបនេះ ក៏បានទទួលពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ កាលពីឆ្នាំ២០១០ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ នៅឆ្នាំ២០១៣ លោកបានទទួលពានរង្វាន់កវីអាស៊ាន ក្នុងចំណោម១០ប្រទេស ដែលរៀបចំដោយប្រទេសថៃ៕

Tag:
 កវី
  សិល្បៈ
  អ្នកនិពន្ធ
 
© រក្សាសិទ្ធិដោយ thmeythmey.com