ជាតិ
អគ្គស្នងការរងផែនចរាចរណ៍ អំពាវនាវឱ្យសិស្សានុសិស្សដែលជិះម៉ូតូ កង់ ពាក់មួកសុវត្តិភាព
27, Jun 2024 , 9:50 am        
រូបភាព
ភ្នំពេញ៖ លោក ចេវ ហាក់ អគ្គស្នងការរងទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំឱ្យសិស្សានុសិស្សទាំងអស់គោរពច្បាប់ចរាចរណ៍ ពិសេសពាក់មួកសុវត្ថិភាព ពេលជិះម៉ូតូ កង់ឬកង់អាគុយ។

 

អគ្គស្នងការរងរូបនេះ បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួន ដែលប្រើប្រាស់ម៉ូតូ កង់ និងកង់អាគុយជាដើម មិនបានពាក់មួកសុវត្ថិភាព។ ករណីនេះ លោកមិនចង់គួរឱ្យកើតមានបន្តទៀត ដោយសារវាបង្កើតជាទម្លាប់មិនគោរពច្បាប់ចរាចរណ៍។ 
 
ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២៥មិថុនា លើប្រធានបទ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លោក ចេវ ហាក់ បានលើកឡើងថា សព្វថ្ងៃគ្រឹះស្ថានសិក្សារដ្ឋជាច្រើន បានអនុវត្តវិធានការវិន័យនិងអប់រំឱ្យសិស្សគោរពច្បាប់ចរាចរណ៍ ពិសេសការពាក់មួកសុវត្ថិភាពពេលធ្វើដំណើរទៅសាលារៀន ប៉ុន្តែនៅមិនទាន់ទូលំទូលាយនៅឡើយទេ។ 
 
យ៉ាងណាក៏ដោយចំណុចនេះ លោក ចេវ ហាក់ មានទស្សនថា មន្រ្តីអនុវត្តច្បាប់ សាលារៀន អាណាព្យាបាល និងសិស្សានុសិស្សត្រូវមានស្មារតីរួមមួយ ក្នុងការយកចិត្តទុកដាក់ បណ្ដុះទម្លាប់គោរពច្បាប់។ 
 
លោក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបដោយ វតី 

 
«មានសាលារៀនច្រើនហើយបានអប់រំឱ្យសិស្សចាប់ពីកុមារទៅចេះគោរពច្បាប់ចរាចរណ៍ ដូចជាការពាក់មួកសុវត្ថិភាព សីលធម៌បើកបរ និងរបៀបដើរឆ្លងផ្លូវជាដើម ប៉ុន្តែបញ្ហានេះមិនទាន់ធ្វើបានទូលំទូលាយ។ នេះជាបញ្ហាទាំងអស់គ្នា ទាំងយើងជាអ្នកអនុវត្តច្បាប់ សាលារៀន ឪពុកម្ដាយ គឺត្រូវចូលរួមចំណែក។ យើងឃើញក្មេងៗជិះកង់ពេញផ្លូវ យើងបារម្ភណាស់ មិនទាន់គិតម៉ូតូ និងកង់អាគុយផង ព្រោះគាត់មិនសូវចាប់អារម្មណ៍ប្រុងប្រយ័ត្ន។ ដូច្នេះខ្ញុំស្នើសាលារៀនជួយណែនាំឪពុកម្ដាយសិស្សានុស្សិស ឱ្យគាត់ទិញមួកសុវត្ថិភាពឱ្យកូន ហើយជំរុញឱ្យពួកគេពាក់ឱ្យបានត្រឹមត្រូវ»។ នេះជាការលើកឡើងរបស់ អគ្គស្នងការរងទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ 
 
ពាក់ព័ន្ធនឹងការយល់ដឹងពីច្បាប់ចរាចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលជាបន្តបន្ទាប់ ក្នុងមេរៀនពាក់ព័ន្ធនឹងការលើកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ចំណែកក្រសួងមហាផ្ទៃ ក្រៅពីទទួលខុសត្រូវលើការងារជំរុញ និងអនុវត្តច្បាប់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានផ្ដួចផ្ដើមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ដើម្បីផ្ដល់ការអប់រំបន្ថែមដល់សាធារជន និងសិស្សានុសិស្សផងដែរ។
 
សូមជម្រាបថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបចំនួន១ ២៩៦ករណី ក្នុងនោះ៥៥ភាគរយកើតឡើងនៅពេលយប់។ ចំនួនអ្នកស្លាប់បានកើនឡើង៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ ។ មូលហេតុនៃគ្រោះថ្នាក់ មាន៤០ភាគរយ កើតឡើងដោយសារបើកហួសល្បឿន មិនគោរពសិទ្ធិអាទិភាពមាន២៤ភាគរយ មិនប្រកាន់ស្ដាំ៩ភាគរយ និងមិនប្រយ័ត្ន៨ភាគរយ។ បញ្ហាចរាចរណ៍ស្ថិតក្នុងចំណោមអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត៕
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com