ជាតិ
ដំណាំជាង២.៣ម៉ឺនហិកតា ដែលរងការយាយីពី«ដង្កូវហ្វូង»​​​ភាគ​ច្រើន​​អាច​​​ស្ដារ​វិញ​បាន
27, Jun 2024 , 4:18 pm        
រូបភាព
ដំណាំប្រហែល ២៣ ០០០ហិកតា ​ក្នុងខេត្តចំនួន១៥ បានរងផលប៉ះពាល់​ពីការផ្ទុះ​ឡើងនៃ​វត្តមាន«ដង្កូវហ្វូង»។ លោក ឃឹ​ម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់មកកាន់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៧ មិថុនានេះថា ដំណាំដែលរង​ផលប៉ះពាល់ពីសមាសភាពចង្រៃនេះ ភាគច្រើនប្រហែលអាចស្ដារឡើងវិញបាន និង​មិនបង្កឧបសគ្គដល់ការផលិត និងនាំចេញអង្ករកម្ពុជានោះទេ។

   
លោក ឃឹម ហ្វីណង់ បានប្រាប់ថា ទំហំផលប៉ះពាល់ចំពោះដំណាំនៅពេលនេះ មានត្រឹម១​ទៅ​​២ភាគរយប៉ុណ្ណោះ​ នៃផ្ទៃដីដាំដុះសរុបរបស់កម្ពុជា ហើយភាគច្រើនប្រហែលអាចស្តារ​ឡើង​វិញបាន ព្រោះថាក្រសួងកសិកម្ម បានអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងទាន់ពេលវេលា។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ មិនចាត់ទុកថា ដង្កូវហ្វូងជាឧបសគ្គរាំងស្ទះដល់ការ​ផលិត និងនាំចេញអង្ករកម្ពុជានោះទេ។
 
មកទល់ពេលនេះ មានដំណាំប្រហែល ២៣ ០០០ហិកតា បានរងផលប៉ះពាល់ដោយសារ «ដង្កូវហ្វូង» ក្នុងនោះមានស្រូវ ១៥ ០០០ហិកតា និងដំណាំឧស្សាហកម្មដូចជាពោត និង​ដំឡូងមីប្រហែល ៨ ០០០ហិកតា។ នេះបើតាមការវាយតម្លៃបឋមរបស់ក្រសួងកសិកម្ម។ 
 


លោក ឃឹម ហ្វីណង់ ប្រាប់ដូច្នេះថា៖«ទំហំ២៣ ០០០ហិកតានេះ ជាចំនួនរងផលប៉ះពាល់ មិនមែនជាទំហំខូចខាតនោះទេ។ ហើយប្រហែលជាអាចស្តារឡើងវិញបានភាគច្រើន ព្រោះ​យើងបានអន្តរាគមន៍ទាន់ពេលវេលា និងដំណាំភាគច្រើន ទើបស្ថិតក្នុងដំណាក់កាល​អាច​លូតលាស់ឡើងវិញបាន ក្រោយដង្កូវហ្វូងត្រូវបានកម្ចាត់ ជាពិសេសប្រសិនបើមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់»។ 
 
«ដង្កូវហ្វូង»កើតឡើងដោយសារការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យថយចុះចំនួន​សត្វ​មានប្រយោជន៍ និងផ្ទុះ​សត្វបំផ្លាញចង្រៃទាំងនេះ។ ​ដើម្បីបង្ការ និងទប់ស្កាត់ការរាត​ត្បាតរបស់«ដង្កូវហ្វូង» ​នៅឆ្នាំបន្តបន្ទាប់ទៀត ក្រសួង​កសិ​កម្ម នឹងបន្តតាមដាន និងផ្តល់ព័​ត៌មានដល់កសិករឱ្យ​បានលឿន​ជាងមុន​តាម​រយៈ​មន្ត្រី​កសិកម្មឃុំ។ ​លោក ឃឹម ហ្វីណង់ ​ប្រាប់​​បែប​នេះថា៖«បញ្ហាប្រែប្រួលអាកាសធាតុ អាចនឹងបន្តកើតមាន ប៉ុន្តែដោយសារការផ្សព្វផ្សាយបានទូលំទូលាយក្នុងឆ្នាំនេះ ជឿជាក់ថា កសិករភាគច្រើន នឹងមានប្រុង ប្រយ័ត្នទុកជាមុននៅឆ្នាំក្រោយៗ ហើយក្រសួងក៏នឹងបន្តតាមដាន និងផ្តល់ព័ត៌មានបែប បុរេសកម្មជូនដល់កសិករយើង ឱ្យបានលឿនជាងមុនផងដែរ ជាពិសេសតាមរយៈ មន្ត្រី កសិកម្មឃុំរបស់យើង ដែលមានវត្តមាននៅជិតកសិករយើងស្រាប់»៕
 

Tag:
 កសិកម្ម
  ដង្កូវហ្វូង
  ឃឹម ហ្វីណង់
© រក្សាសិទ្ធិដោយ thmeythmey.com