សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ខុនដូចាស់ៗកណ្តាលក្រុងតូក្យូកំពុងត្រូវប៉ាន់ ដោយសារប្រាក់យ៉េនធ្លាក់ថ្លៃ
13, May 2024 , 10:59 am        
រូបភាព
អគារនៅទីក្រុងតូក្យូ ។ រូបភាព​ ៖ AFP
អគារនៅទីក្រុងតូក្យូ ។ រូបភាព​ ៖ AFP
តម្លៃ​ខុនដូ​ដែល​មាន​អាយុ​ច្រើន​ជាង​មួយ​ទសវត្សរ៍​ នៅ​កណ្តាល​ទីក្រុង​តូក្យូ​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង ខណៈ​អ្នក​វិនិយោគ​បរទេស​ប្រញាប់​ប្រញាល់​ទិញ ​នៅពេល​ប្រាក់​យ៉េន​ធ្លាក់​ថ្លៃ។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១១ ខែឧសភា។

 
ទិន្នន័យពីក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Tokyo Kantei បានបង្ហាញថា អាផាតមិននៅកណ្តាលទីក្រុងតូក្យូក្នុងខែមីនាមានតម្លៃជាមធ្យម ១០ ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះជាតម្លៃខ្ពស់បំផុត និងកើនឡើង ១៣,១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ តំបន់កណ្តាលទីក្រុងតូក្យូ ដែលបានស្ថិតិរួមមានសង្កាត់ Chiyoda, Chuo, Minato, Shinjuku, Bunkyo និង Shibuya។ ទន្ទឹមនេះ តម្លៃ​អាផាតមិន​ចាស់ៗ ​នៅ​កណ្តាល​ទីក្រុង​តូក្យូ​បាន​ឡើង​ថ្លៃខ្ពស់ ​ខណៈ​អ្នក​វិនិយោគ​បរទេស​ សម្រុក​ចូល​ទិញនៅពេលប្រាក់យ៉េនធ្លាក់ថ្លៃ។
 
លោក Joe Rigby ប្រធានក្រុមហ៊ុន Husing Japan ដែលជំនាញក្នុងការលក់អាផាតមិនដែលមានស្រាប់ នៅកណ្តាលក្រុងតូក្យូដល់ជនបរទេសបានបញ្ជាក់ថា ប្រតិបត្តិការជាមួយអតិថិជនបរទេសបានចាប់ផ្តើមរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីជំងឺកូវីដ-១៩ បានថយចុះ។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei ។ 
 
ដោយសារប្រាក់យ៉េនបន្តធ្លាក់ចុះ តម្លៃនៃការលក់អចលនទ្រព្យនៅទីក្រុងតូក្យូ គិតជាប្រាក់ដុល្លារមិនកើនថ្លៃនោះទេ។ ក្នុងខែមករា ឆ្នាំ២០២១​ ​មួយ​ដុល្លារអាចទិញបាន ១០៣ ឬ ១០៤ យ៉េន ខណៈឆ្នាំនេះ ​មួយដុល្លារ អាចប្តូរបានរហូតដល់ ១៦០យ៉េន។ 
 
បើផ្អែកលើការលក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចុប្បន្នខុនដូចាស់ៗ មានតម្លៃប្រហែល៣ដង នៃតម្លៃដែលត្រូវបានដាក់លក់។ យោងតាមក្រុមហ៊ុន Tokyo Kantei អាផាតមិននៅជុំវិញស្ថានីយ៍រថភ្លើង Shin-Ochanomizu នៅលើខ្សែរថភ្លើង Chiyoda របស់ Tokyo Metro មានតម្លៃជាមធ្យម ២៤ ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលកើនឡើងពីជិត ៨ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីមួយទសវត្សរ៍មុន។
 
គម្រោង Waterras Tower Residence ដែលបានបញ្ចប់នៅឆ្នាំ២០១៣ ជាមួយនឹងតម្លៃជាមធ្យម ៦៥០ ០០០ដុល្លារក្នុងមួយយូនីត បច្ចុប្បន្នតម្លៃបានឡើងដល់ជាមធ្យមជិត ១,៨លានដុល្លារ​ក្នុងមួយយូនីត។ ទន្ទឹមនឹងនេះ គម្រោង Ark Hills Sengokuyama Residence ផ្ទះ១ខ្នងតម្លៃដើម ១,២លានដុល្លារ ឥឡូវនេះត្រូវបានលក់ក្នុងតម្លៃ ២,៣លានដុល្លារ។ 
 
ទោះយ៉ាងណាក៏ដោយ តម្លៃអចលនទ្រព្យនៅទីក្រុងតូក្យូជារួម នៅទាបជាងទីក្រុងសិង្ហបុរី និងញូវយ៉ក។ តាមការគណនាដោយវិទ្យាស្ថានអចលនទ្រព្យជប៉ុន កាលពីខែតុលា ឆ្នាំ​២០២៣ តម្លៃខុនដូជាមធ្យម ក្នុងទីក្រុងហុងកុង និងទីក្រុងឡុងដ៍ គឺមានចំនួន ២,៦ដង និង ២ដងរៀងគ្នា នៃអគារប្រណីតនៅតំបន់ Minato របស់ទីក្រុងតូក្យូ។
 
ទីក្រុងតូក្យូ ជាបណ្តុំនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម​ វប្បធម៌ និងនយោបាយដែលម្រមូលផ្តុំទៅដោយមនុស្ស បណ្តាលឲ្យតម្រូវការផ្ទះមានការកើនឡើងខ្លាំង។ យោងតាមព័ត៌មានដែលបានចេញផ្សាយកាលពីខែមេសា ដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងជប៉ុន ទីក្រុងតូក្យូ ជាកន្លែងតែមួយគត់ក្នុងចំណោមខេត្តចំនួន៤៧ ដែលចំនួនប្រជាជនបានកើនឡើងខ្លាំងក្នុងឆ្នាំនេះ។ 
 
ក្រៅពីខុនដូចាស់ៗ ទីផ្សារអាផាតមិនថ្មីៗ ក៏មានភាពរស់រវើកដែរ។ តម្លៃជាមធ្យមនៃអាផាតមិនថ្មីនៅកណ្តាលទីក្រុងតូក្យូ ដែលដាក់លក់នៅលើទីផ្សារកាលពីឆ្នាំមុន បានកើនឡើង​លើសពី ៦៤១ ០០០ដុល្លារជាលើកដំបូង។ យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យជប៉ុន តម្លៃបានកើនឡើង ៣៩,៤ភាគរយ បើធៀបនឹងឆ្នាំ២០២២។ 
 
បន្ទាប់​ពី​បរិត្តផរណា​រាប់​ទសវត្សរ៍ និង​កំណើនសេដ្ឋកិច្ច​នៅ​ទ្រឹង ជប៉ុន​កំពុង​មើល​ឃើញ​ការ​ងើប​ឡើង​វិញ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ខ្លួន។ យោងតាម ​​Reuters បន្ថែមពីលើអត្រាការប្រាក់ទាប តម្លៃអាផាតមិនក៏កំពុងកើនឡើង​ដែរ ដោយសារតែអ្នកទិញបរទេស ទាញយកអត្ថប្រយោជន៍ពីប្រាក់យ៉េនទន់ខ្សោយ។ ទន្ទឹមនេះ វិនិយោគិនមួយចំនួន កំពុងបង្វែរដើម​ទុនចេញពីចិន ខណៈប្រទេសនេះ កំពុងជួបវិបត្តិអចលនទ្រព្យ៕ 

Tag:
 តូក្យូ ​
  អចលនទ្រព្យ
  ប្រាក់យ៉េន​
  ខុនដូ
© រក្សាសិទ្ធិដោយ thmeythmey.com