កីឡាអន្តរជាតិ
អន្តរជាតិ
មុនជួប Spurs គ្រូ Man City ថាមិនពិបាកយល់ទេ បើយើងចាញ់ យើងនឹងបាត់បង់ពាន
14, May 2024 , 9:29 pm        
រូបភាព
ការប្រជែងពានរង្វាន់ Premier League កំពុងតែស្ថិតក្នុងភាពប្រទាញប្រទង់ខ្លាំងរវាង Manchester City និង Arsenal ខណៈការប្រកួតខិតជិតសប្តាហ៍ចុងក្រោយ។ Man City ត្រូវតទល់ Tottenham Hotspur នាថ្ងៃទី១៤ ខែឧសភា ដែលជាការប្រកួតសំខាន់ ក្នុងការសម្រេចថានរណាជាជើងឯករដូវកាលនេះ។ លោក Pep Guardiola អះអាងថាមិនពិបាកយល់ទេ បើក្រុមចាញ់ នោះក្រុមនឹងបាត់បង់ពាន។



អ្នកចាត់សញ្ជាតិអេស្ប៉ាញ ទាមទារជ័យជម្នះចាំបាច់បំផុត ស្របពេលម្ចាស់ផ្ទះ Spurs ក៏ត្រូវការពិន្ទុក្នុងការប្រជែងកៅអី Champions League រដូវកាលក្រោយ។ Man City ចង់ឈ្នះការប្រកួតដើម្បីមានភាគរយខ្ពស់ក្នុងការប្រជែងជើងឯកលីគកំពូលអង់គ្លេស ជាមួយ  Arsenal។
 
ការប្រកួត ៧លើក ចុងក្រោយ Man City ឈ្នះជាប់ៗគ្នា ហើយមិនទាន់បរាជ័យក្នុងក្របខណ្ឌ Premier League ចាប់តាំងពីខែធ្នូ មកម្ល៉េះ។ ចំណែក Spurs យកឈ្នះលើក្រុម Burnley កាលពីសប្តាហ៍មុន ជាជ័យជម្នះលើកដំបូងនៅក្នុង ៥ប្រកួត ចុងក្រោយរបស់ពួកគេតែប៉ុណ្ណោះ។
 
ឈ្នះការប្រកួតជារឿងតែមួយគត់ដែល Man City ត្រូវការពេលនេះ ប៉ុន្តែបើពួកគេចាញ់ ឬស្មើ នោះពានរង្វាន់ Premier League នឹងមានភាគរយខ្ពស់ទៅក្នុងដៃ Arsenal។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ផ្តាំកូនក្រុមត្រូវតែឈ្នះដាច់ខាត។
 
ក្នុងសន្និសីទកាសែត​​មុនការប្រកួតទល់ Spurs លោក Pep Guardiola និយាយដោយខ្លីប្រាប់អ្នកកាសែតដូច្នេះថា៖«ជារឿងងាយស្រួលគិតនោះទេពេលនេះ ព្រោះថាបើយើងមិនឈ្នះ យើងនឹងអស់ពាន Premier League។ វាពឹងផ្អែកលើជម្រើសតែមួយប៉ុណ្ណោះ ឈ្នះការប្រកួត យើងនឹងបន្តធ្វើដំណើរទៅលើកពាន Premier League បន្តទៀត។»។
 
មកដល់បច្ចុប្បន្នក្រុមដឹកនាំដោយលោក Guardiola កំពុងស្ថិតក្នុងកាលៈទេសៈប្រហែលទៅនឹងរដូវកាល ២០១៨-១៩ និង ២០២១-២២ ដោយរាល់ការប្រកួតចុងរដូវកាល មិនដែលចាញ់សោះ ហើយលើកពានជាមួយនឹងគម្លាតពិន្ទុ ឃ្លាតពីក្រុមចំណាត់លេខ ២ ត្រឹមតែ ១ ឬពិន្ទុស្រដៀងគ្នានេះ។ កាលពីមុន Liverpool ដែលតែងប្រដេញតាមក្រុម Man City ក្នុងការប្រជែងពាន ហើយនៅការប្រកួតចុងក្រោយ Man City បានធ្វើឱ្យគូប្រជែងទាំងនោះខកចិត្ត។
 
លោក Guardiola បាននិយាយថា ភាពស្រដៀងគ្នាពីមុនដែល Man City បានឈ្នះពានដោយភាពតឹងតែងបានកើតឡើងជាថ្មីជាមួយ Arsenal សម្រាប់រដូវកាល ២០២៣-២៤។ 
«ខ្ញុំកំពុងមានអារម្មណ៍ថារឿងដដែលពីអតីតកំពុងតែកើតឡើងជាថ្មី ដែលយើងបានប្រជែងទល់ Liverpool ខ្ញុំនិយាយដដែល យើងឈ្នះ ឈ្នះ ឈ្នះ ឬក៏វាអាចនឹងត្រូវរលាយបាត់។ ពួកគេ(Arsenal) កំពុងតែធ្វើបានល្អខ្លាំងក្នុងការប្រជែងពាននៅរដូវកាលនេះ៕

Tag:
 Pep Guardiola
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com