ជាតិ
សេដ្ឋកិច្ច
៤ខែ កម្ពុជានាំទំនិញទៅកាន់ទីផ្សារពិភពលោក​បាន ៨០០០លានដុល្លារ
16, May 2024 , 9:29 am        
រូបភាព
រូបតំណាង៖​ អង្ករកម្ពុជា ដែលក្រុមហ៊ុន​ Amru Rice ត្រូវដឹកជញ្ជូនសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារអន្តរជាតិ។ រូបថត៖ Amru Rice
រូបតំណាង៖​ អង្ករកម្ពុជា ដែលក្រុមហ៊ុន​ Amru Rice ត្រូវដឹកជញ្ជូនសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារអន្តរជាតិ។ រូបថត៖ Amru Rice
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសដៃគូពិភពក្នុងលោក សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ១៦ ៦៧៩លានដុល្លារ នារយៈពេល៤ខែមកនេះ។ ក្នុងនោះ កម្ពុជាសម្រេចការនាំចេញបាន ៨០០០លានដុល្លារ កើនជាង១៥ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។​ នេះបើយោងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយបណ្តាដៃគូសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​។​

 
ស្ថិតិពីអគ្គនាយកដ្ឋានគយ បានបង្ហាញថា ប្រទេសដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ គឺសហរដ្ឋអាម៉េរិកមានតម្លៃដល់ជាង ២ ៦០០លានដុល្លារ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤​។ បន្ទាប់មកប្រទេសវៀតណាម នាំចូលទំនិញពីកម្ពុជា​ក្នុងទំហំ​ប្រមាណ១៧០០លានដុល្លារ ខណៈចិននាំចូលពីកម្ពុជាមានត្រឹមជាង៤៨០លានដុល្លារប៉ុណ្ណោះ។ 
 
សម្រាប់ប្រទេសជប៉ុន ជាទីផ្សារធំលំដាប់ទី៤របស់កម្ពុជា ដែលសម្រេចបាន៤៣៦លានដុល្លារ។ លំដាប់ទី៥ ជាប្រទេសថៃដែលកម្ពុជាសម្រេចបាននាំចេញបាន៣៣៧លានដុល្លារ។ ទីផ្សារធំលំដាប់ទី៦របស់កម្ពុជា គឺប្រទេសកាណាដាមានតម្លៃ ២៩៣លានដុល្លារ។
 
ប្រទេសអង់គ្លេសជាទីផ្សារធំលំដាប់ទី៧របស់កម្ពុជាដែលមានតម្លៃ២៦៣លានដុល្លារ,  ទីផ្សារលំដាប់ទី៨ ជាប្រទេសអេស្បាញ់មានតម្លៃ២៦០លានដុល្លារ។ ទីផ្សារលំដាប់ទី៩ ជាប្រទេសអាល្លឺម៉ង ដែលកម្ពុជាសម្រេចការនាំចេញបាន២៥៤លានដុល្លារ ខណៈប្រទេសហូឡង់ ជាទីផ្សារធំលំដាប់ទី១០របស់កម្ពុជា ដែលមានតម្លៃប្រមាណ១៨៩លានដុល្លារ ក្នុងរយៈពេល៤ខែមកនេះ។ 
 
ចំពោះទំនិញដែលកម្ពុជានាំទៅកាន់ទីផ្សារប្រទេសខាងលើ ភាគច្រើនជាទំនិញចាំបាច់ និងសម្ភារប្រើប្រាស់ ប្រចាំថ្ងៃ ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប​ សម្ភារធ្វើដំណើរ គ្រឿងឧបភោគបរិភោគ(អង្គរ គ្រាប់ធញ្ញជាតិ ផ្លែឈើត្រី សាច់...ជាដើម)៕ 

Tag:
 ពាណិជ្ជកម្ម
  នាំចេញ​
© រក្សាសិទ្ធិដោយ thmeythmey.com