កីឡាអន្តរជាតិ
អន្តរជាតិ
Palmer៖ កីឡាករ Chelsea ស្រលាញ់ និងចង់ប្រយុទ្ធដើម្បីលោក Pochettino
16, May 2024 , 5:19 pm        
រូបភាព
កីឡាកររបស់ Chelsea ទាំងអស់ពិតជាស្រលាញ់ និងចង់ប្រយុទ្ធដើម្បីលោក Mauricio Pochettino ក្នុងការប្រជែងទាំងក្នុងក្របខណ្ឌ Premier League និងពានរង្វាន់អឺរ៉ុបផ្សេងៗ។ នេះជាការលើកឡើងរបស់ Cole Palmer ក្រោយក្រុមរហស្សនាមតោខៀវ ត្រូវប្រជែងកៅអីអឺរ៉ុប UEFA Europa League និង Europa Conference League។



ហៀបបញ្ចប់រដូវកាល ២០២៣-២៤ សម្រាប់ Premier League កិច្ចសន្យារបស់លោក Pochettino ស្ថិតក្នុងក្រុមតោខៀវ នៅសល់រយៈពេល ១ឆ្នាំ ចុងក្រោយ សម្រាប់តំណែងអ្នកចាត់ការទូទៅ។
 
Palmer ខ្សែប្រយុទ្ធដែលផ្ទេរពីក្រុម Manchester City តាំងពីដើមរដូវកាល បាននិយាយគាំទ្រដល់ការដឹកនាំរបស់លោក Pochettino ក្នុងក្រុម Chelsea ដែលកែប្រែស្ថានកាក្រុមវិលត្រឡប់មកភាពល្អប្រសើរឡើងវិញ​នៅចុងរដូវកាល។
 
«ចំណាត់ថ្នាក់លេខ ៦ ស្ថិតក្នុងដៃយើង។ Chelsea ជាក្លិបដ៏ធំមួយ ហើយគ្រប់គ្នាចង់ប្រយុទ្ធ ដើម្បីបញ្ចប់ចំណាត់ថ្នាក់ខ្ពស់មួយ ជាជាងលេខ ៦ ប៉ុន្តែអ្នកក៏ត្រូវមើលថាតើយើងស្ថិតនៅទីណា តាំងពីពេលចាប់ផ្តើមរដូវកាលមក។ ខ្ញុំផ្តល់គុណសម្បត្តិដល់អ្នកចាត់ការ កីឡាករគ្រប់គ្នាស្រលាញ់ អ្នកចាត់ការ និងចង់ប្រយុទ្ធដើម្បីគាត់។»។ នេះបើសម្តីរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Cole Palmer។
 
កាលពីសប្តាហ៍មុន Chelsea រកបាន ៣ពិន្ទុ បន្តក្តីសង្ឃឹមប្រជែងកៅអី Europa League និងមានឱកាសខ្ពស់បានកៅអីលំដាប់ទី៣អឺរ៉ុប Conference League រដូវកាលក្រោយ ក្រោយយកឈ្នះលទ្ធផល ២-១ លើក្រុម Brighton & Hove Albion។ Cole Palmer រកបានគ្រាប់បាល់ ១គ្រាប់ នៅការប្រកួតនោះ ដែលជាគ្រាប់បាល់ទី២២ របស់គេប្រចាំរដូវកាល។ 
 
ចាប់តាំងពីត្រូវបានតែងតាំងកាលពីខែឧសភា ឆ្នាំ ២០២៣ លោក Pochettino អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន បានជួយនាំ Chelsea ឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន EFL Cup ដោយពេលនោះបានចាញ់ក្រោមថ្វីជើង Liverpool លទ្ធផល ១-០។ Chelsea រដូវកាលនេះ ក៏ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup ដោយត្រូវបានក្រុម Man City ទម្លាក់ក្នុងលទ្ធផល ១-០៕

Tag:
 Chelsea
  Cole Palmer
© រក្សាសិទ្ធិដោយ thmeythmey.com