ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបការងាររវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតUAE ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី១៣ឧសភា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញនៅថ្ងៃទី១៥ឧសភា ភាគីទាំងពីរជួបគ្នា គឺដើម្បីពិភាក្សាអំពីមធ្យោបាយនានា ក្នុងការពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣។
ភាគីទាំងពីរប្រទេសបានអះអាងថា៖ «កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក»។
ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា និងលោក Obaid Saeed Obaid Bintaresh Aldhaheri ក៏បង្ហាញនូវការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៤។ សេចក្តីប្រកាសព័ត៌មានព័ត៌មានរបស់ក្រសួងការបរទេស បន្តរៀបរាប់ថា ភាគីនៃប្រទេសទាំងពីរប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងទ្វេភាគី និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
ក្រៅពីការប្តេជ្ញារួមគ្នានោះ លោក សុខ ចិន្តាសោភា និងលោក Obaid Saeed Obaid Bintaresh Aldhaheri ក៏បានផ្លាស់ប្ដូរយោបល់ទៅវិញទៅមក អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ផងដែរ។
ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី១៣ឧសភា លោក Aldhaheri បានបញ្ជាក់ពីបេសកកម្មការទូតរបស់លោកនៅកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់មួយចំនួន។ ក្នុងនោះមាន បង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។
នាជំនួបនោះ សម្តេចបានបង្ហាញពីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រដ្ឋាភិបាលក្នុងការសម្រេចបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន់ និងបរិយាបន្ន។ នេះបើយោងតាមការចុះផ្សាយរបស់សម្តេច ដែលបានបញ្ជាក់ថា៖ « ជាក់ស្ដែង ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្ន កម្ពុជាបានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន៦២ភាគរយ នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០ភាគរយ ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ »។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលត្រូវបានដាក់ចេញនូវវិធានការជាកញ្ចប់ សម្រាប់លើកទឹកចិត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ផងដែរ។ សម្តេច ជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-UAE ចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀតរវាងប្រទេសទាំងពីរ។
សម្តេច ក៏បានលើកទឹកចិត្តដល់លោកឯកអគ្គរាជទូត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នកម្ពុជា ជាពិសេសបន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗទៀត។
គួររំឭកថា កម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខាលើព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(CEPA) ដោយលោក ប៉ាន សូរស័ក្ត អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិក្រោមអធិបតីភាព សម្តេច ហ៊ុន សែន កាលពីថ្ងៃទី៨មិថុនាឆ្នាំ២០២៣។
រដ្ឋាភិបាលប្រទេសទាំងពីរសម្រេចបង្កើតកិច្ចព្រមព្រៀងនេះឡើង ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវលំហូរពាណិជ្ជកម្មទំនិញនិងសេវា វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម។ ជាពិសេស គឺជំរុញការវិនិយោគ, បង្កើនការធ្វើពាណិជ្ជកម្មឌីជីថល, ការពារកម្មសិទ្ធិបញ្ញា, និងបង្កើនការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈការអនុវត្តប្រកបដោយតម្លាភាព ជាមួយនឹងឧបាស្រ័យពាណិជ្ជកម្ម និងយន្តការដោះស្រាយវិវាទ។
Cambodia-UAE CEPA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី៣ ក្នុងកម្រិតទ្វេភាគី បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលបានចូលធរមានកាលពីថ្ងៃទី១មករា ឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េខាងត្បូង កាលពីថ្ងៃទី១ធ្នូ ឆ្នាំ២០២២៕