ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជានឹងបន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹមសូន្យ នៅឆ្នាំ២០៥០
17, May 2024 , 1:59 pm        
រូបភាព
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រូបពី ក្រសួងបរិស្ថាន
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រូបពី ក្រសួងបរិស្ថាន
ភ្នំពេញ៖ កម្ពុជា បានដាក់គោលដៅ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ត្រឹមសូន្យ ក្នុងឆ្នាំ២០២៥។ នេះបើតាមលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

 
ក្រសួងបរិស្ថាន បានសហការជាមួយមូលនិធិ W Foundation រៀបចំវេទិកា ស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ នាថ្ងៃទី១៦ ដល់១៧ ឧសភា ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាបង្កើនការយល់ដឹងអនាគតកម្ពុជា លើទស្សនៈទាន និងសកម្មភាពប្រែប្រួលអាកាសធាតុ អព្យាក្រឹត្យកាបូន រួមទាំងការធ្វើពាណិជ្ជកម្មឥណទានកាបូន នៅលើពិភពលោក។ 
 
ក្នុងកម្មវិធីនេះ លោក Kevin W Lee ប្រធានមូលនិធិ W Foundation បានលើកឡើងថា វេទិកានេះ ជាការនាំនូវគំនិតនុវានុវត្តន៍ ការផ្លាស់ប្តូរលទ្ធផលសិក្សាស្រាវជ្រាវ ការកសាងភាពជាដៃគូថ្មីៗ ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការឆ្លើយតបដោយប្រសិទ្ធភាព ការប្រែប្រួលអាកាសធាតុ នៅលើសាកលលោក និងនៅប្រទេសកម្ពុជា។ 
 
ចំណែកលោក អ៊ាង សុផល្លែត ក៏បានចាត់ទុកការប្រែប្រួលអាកាសធាតុ ជាផលប៉ះពាល់មួយផ្នែកធំ លើជីវភាពប្រចាំថ្ងៃ និងសេដ្ចកិច្ចសង្គមជាតិ។ ក្នុងនាមជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបានកំណត់ទិសដៅការងារជាអាទិភាព ក្នុងការលើកកម្ពស់ការយល់ដឹង និងបន្សាំការចូលរួមរបស់ប្រជាពលរដ្ឋ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ 
 
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងពីការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកកម្ដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន ,បរិស្ថាន និងការបាត់បង់ជីវចម្រុះ។ 
 
លោក អ៊ាង សុផល្លែត ក៏បានសង្កត់ធ្ងន់ថា៖ «កម្ពុជាបានកំណត់យកកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឱ្យបានអតិបរិមានៅសូន្យ នៅឆ្នាំ២០៥០ តាមរយៈការបង្កើនគម្របព្រៃឈើ ឱ្យបាន៦០ភាគរយ ដោយបណ្តុះ និងចែកកូនឈើ ឱ្យបាន ១លានដើមជូនដល់សាធារណជន ដាំដោយឥតគិតថ្លៃ ការប្រើប្រាស់ថាមពលករកើតឡើងវិញ ការប្រើប្រាស់រថយន្តអគ្គិសនី និងការណែនាំពីបច្ចេកវិទ្យាថ្មីៗជាដើម»។ 
 
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់វិធានប្រតិបត្តិ តាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់ដោះស្រាយបញ្ហាប្រឈម ដោយប្រសិទ្ធភាព ជាពិសេសជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com