RFI
សុខភាព
អន្តរជាតិ
តើអ្វី​ទៅ​ជា​ដំណេក​​បណ្តុះ​គំនិត?
19, May 2024 , 8:30 am        
រូបភាព
សំរាន្តថ្ងៃ អាចជួយផ្តល់គំនិតល្អៗ និងបែបច្នៃប្រឌិត
សំរាន្តថ្ងៃ អាចជួយផ្តល់គំនិតល្អៗ និងបែបច្នៃប្រឌិត
ដោយ អៀង សុខម៉ិញ/RFI ខេមរភាសា
 
គេង​ថ្ងៃ មិន​ត្រឹម​តែ​អាច​ជួយ​ប្រមូល​កម្លាំង​និង​បំពេញ​កង្វះ​ខាត​ផ្នែក​ដំណេកកាលពី​យប់ តែ​អាច​ជួយ​ខួរ​ក្បាល​ ការ​ចង​ចាំ និង​បណ្តុះ​គំនិត​ថ្មីទៀត​ផង។ តើ​ត្រូវ​​គេងថ្ងៃ​យ៉ាងណា​ទើប​អាច​ទាញ​យក​ប្រយោជន៍​ទាំងអស់​នេះ​? សូម​ស្តាប់​បទអត្ថាធិប្បាយ​របស់​អៀង សុខម៉ិញ​ដូច​តទៅ។

ដំណេក​គ្រប់គ្រាន់ និង​ត្រឹម​ត្រូវ​តាម​​ក្បួន​វេជ្ជសាស្ត្រ គឺ​ត្រូវ​សំរាន្ត​​ពី​ ៧ ទៅ ៨​ ម៉ោង​ ជាមធ្យម ក្នុង​មួយ​ថ្ងៃ​។ ដូច​លោក​អ្នក​នាង​បាន​ជ្រាប​​ក្នុង​កម្មវិធី​សុខភាព​មុនៗ ដែល​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​​នៃការ​​ទទួល​ទាន​ដំណេក​មិន​គ្រប់​គ្រាន់​។ មាន​ការ​សិក្សាច្រើន​​​ណាស់​ដែលបង្ហាញ​ឱ្យ​​​ឃើញ​ថា ការ​ទទួល​ទាន​ដំណេក​រយៈ​ពេល​ខ្លី​ពេក ផ្តល់​ផល​អាក្រក់​​ដល់​សុខភាព ៖ បង្កើន​គ្រោះ​កើតជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង ធាត់​ជ្រុល​ចុក​ខ្លាញ់ ប្រព័ន្ធ​ការ​ពារ​ខ្លួន​ចុះ​ខ្សោយ បាត់បង់​ការ​ចងចាំ​ និង​ភាព​ប្រុង​ប្រយ័ត្ន​ធ្លាក់​ចុះ​ ​កើត​រោគ​ព្រួយ​ និង​​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ។
ល។ និង​។ល។ ដោយ​មិន​​ភ្លេច​ឡើយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ងាយ​កើត​ឡើង​បាន​ពេល​អ្នក​បើកបរ​នឿយហត់​ គេង​មិន​ឆ្អែត អត់​ងងុយ ​ ឬ​ងងុយ​គេង។
 
ក្រោម​៦​ម៉ោង ចាត់​ទុក​ថា​ “ជា​ដំណេក​មិន​គ្រប់​គ្រាន់” ហើយ។ ដូច្នេះ​ដើម្បី​អាច​បំពេញ​កង្វះ​ខាត​នេះ​បាន​ខ្លះ ដំណោះស្រាយ​តែ​មួយ​គឺ​ការ​ គេង​ថ្ងៃ បង្គ្រប់។ ​ការ​សិក្សាកាន់​តែ​ច្រើន​ឡើងៗ បាន​​បញ្ជាក់​អំពីគុណប្រយោជន៍​នៃ​ការ​សំរាក​ថ្ងៃ។ សម្រាប់​ក្រសែ​ភ្នែក​អ្នក​វិទ្យាសាស្ត្រ​​សំរាន្ត​ថ្ងៃ​មិនមែន​ជា​សញ្ញា​នៃ​ភាព​ខ្ជិល​ច្រអូស​ ដូច​ការ​គិត​របស់​មនុស្ស​ជំនាន់​មុន​មួយ​ចំនួន​ទេ។​
 
ការ​សំរាក​ថ្ងៃ មាន​ផល​ប្រយោជន៍​ច្រើនណាស់ ៖ អ្នក​ដែល​មាន​កាលវិភាគ​ការ​ងារ​មមាញឹក ជាប់​រដឹក​​ដល់​យប់​ជ្រៅ ការ​សំរាក​ពេល​ថ្ងៃ​បន្តិច​បន្តួច​សោះ​ អាច​នឹង​ជួយបំពេញកង្វះ​ខាត​ផ្នែក​​​​ដំណេក​ពេល​យប់​បាន។ គេង​ថ្ងៃ​អាច​កាត់​បន្ថយ ​Stress អាច​ជួយ​រក្សា និង​ឱ្យ​មាន​​​​ការ​​ចងចាំ​​ល្អ និង​អាច​ផ្ទង់​អារម្មណ៍​បាន​នឹង​ ក្នុង​ការ​បញ្ចេញ​សកម្មភាព​ការងារ​ ឬ​គំនិត​ផ្តួច​ផ្តើម​ល្អ​ និង​ធ្វើ​ឱ្យ​មុខ​ងារ​ប្រព័ន្ធ​ប្រសាទ​មាន​លំនឹង​ល្អ​ឡើង​វិញ។ មិន​តែ​ប៉ុណ្ណោះ សម្រាក​ថ្ងៃ អាច​នឹង​ធ្វើ​ឱ្យ​យើង​ស្ថិត​នៅ​ជា​មនុស្ស​មាន​​សភាព​រហ័ស​រហួនវាង​វៃ​ជានិច្ច​។
 
អ្នក​វិទ្យា​សាស្ត្រ​អួត​អាង​ច្រើន​អំពី​គុណប្រយោជន៍​នៃ​ការ​សម្រាក​ថ្ងៃ ចុះ​តើ​មាន​ក្បួន​សម្រាកថ្ងៃ​ដែរឬទេ? តើ​ត្រូវ​សម្រាក​ប៉ុន្មាន​ម៉ោង​ ប៉ុន្មាន​នាទី ទើប​ចាត់​ទុក​ថា​ការ​សម្រាក​ថ្ងៃ​ដែល​ផ្តល់​គុណប្រយោជន៍​ល្អ​ឥតខ្ចោះ? បើ​គេង​យូរ​ពេក​ឬ​ឆាប់​ពេក​ អ្នក​ខ្លះ​ភ្ញាក់​បែរ​ជា​ស៊ើងមមើង ញាក់​ញ័រ​ខ្លួន​ទៅ​វិញ។ បើ​ដូច្នេះ​សួរ​ថា​​​តើ​ត្រូវ​ប្រើ​រយៈ​ពេល​ប៉ុន្មាននាទី​​ និង​គេង​នៅ​ពេល​ម៉ោង​ណា ទើប​ចាត់​ទុក​ថា​ជា​ការ​គេង​ថ្ងៃ​ដ៏​ល្អ​បំផុត​នោះ? តើ​មាន​កំរិត​ស្តង់ដារ និង​អនុសាសន៍​ណែនាំ​ដែលអ្នក​ជំនាញ​វេជ្ជសាស្ត្រ​​ទើប​រក​ឃើញថ្មី​ទេ?
 
២០នាទី​ដើម្បី​ខួរក្បាល

គ្មាន​ទេ​ក្បួន​ខ្នាត ឬ​វេជ្ជ​បញ្ជា​ពិសេស​ ប្រាប់​ពី​ រយៈ​ពេល​នៃ​ការ​គេង​ថ្ងៃ ! រយៈពេល​ដ៏​ប្រពៃ គឺ​អាស្រ័យទៅ​តាម​ពេល​វេលា​របស់​បុគ្គល​ម្នាក់ៗ។ រយៈ​ពេល​​គេង​ថ្ងៃ​កំរិត​ស្តង់ដារ និង​ជា​គោល ដែល​គេ​ធ្លាប់​ឮ​កន្លង​មក គឺ ២០​នាទី។ ដំបូន្មាន​នេះ​នៅ​តែ​មាន​តម្លៃ​ជា​និច្ច។
 
​អ្នក​ស្រី​វេជ្ជបណ្ឌិត Sylvie Royant-Parola គ្រូពេទ្យ​ឯកទេស​ចិត្តសាស្ត្រ​ដំណេក​ ក៏​ឯកភាព​នឹង​អនុសាសន៍​ខាង​លើ​ដែរ និង​បានផ្តល់​សេចក្តី​ណែនាំ​បន្ថែម​ទៀត​ថា ត្រូវ​សំរាន្ត​ថ្ងៃ នៅ​ពេល​ថ្ងៃ កុំ​ចាំ​ដល់​ពេល​បាក់​រសៀល​ ព្រោះ​វា​អាច​នឹង​ទៅ​រំខាន​ដំណេក​នៅ​ពេលយប់។ ពេល​វេលា​ដ៏​ល្អ​ប្រពៃ​នៃ​ដំណេក​ថ្ងៃ គឺ​នៅ​កណ្តាល​ថ្ងៃ។ ចំណែក​រយៈ​ពេល​វិញ វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​មនុស្សម្នាក់ៗ។ បើ​អ្នក​មាន​ពេល​សំរាន្ត​យប់​ខ្លី មិន​គ្រប់​គ្រាន់​ខ្លាំង អ្នក​អាចចំណាយ​ពេលដេក​ថ្ងៃ​ ​​ពីរ​ទៅ​បី​ម៉ោង ដើម្បី​ឱ្យ​សរីរាង្គកាយ​អាច​ស្រូប​សាក​ថាមពល​បំពេញ​កង្វះ​ខាត​ដំណេក​នៅ​ពេល​យប់​បាន។
 
ប៉ុន្តែ​បើ​អ្នក​មាន​ដំណេក​ពេល​យប់​ធម្មតាទេ រយៈពេល​ដ៏​ល្អ​ប្រពៃ​បំផុត​សម្រាប់​សុខភាព គឺ​​២០នាទី​។ សំងំ​សម្រាក​ខួរក្បាលតែ​​២០នាទី​ ទើប​មិន​សូវ​រំខាន​ដល់​ដំណេក​នាពេល​យប់ តែ​គ្រប់​គ្រាន់​សម្រាប់​សរីរាង្គកាយ​ ក្នុង​​បំពេញ​ថាមពល​និង​ប្រមូល​ភាព​ប្រុង​ប្រយ័ត្ន​បាន​យ៉ាង​ពេញ​លេញ​វិញ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី​វេជ្ជបណ្ឌិត​ដដែល។
 
១នាទី​ ដើម្បីគំនិត​ថ្មី

ជាង​នេះ​ទៅទៀត ប្រសិន​បើ​អ្នក​ខ្លាច​ជ្រុល​ លង់​ដំណេក​ខក​ ដែល​នាំ​ការ​សម្រាក​ថ្ងៃ​វែង​ជ្រុល​ ជម្រើស​មួយ​ទៀត គឺ​ការ​សំរាក​ថ្ងៃ​តែ​មួយ​ស្រលេត ឬ​ធ្មេញ​ឱ្យ​លក់​មួយ​នាទី ដូច​អ្នក​ប្រាជ្ញ អាល់ប៊ែរ អាំងស្តាញ​ទៅ។ មួយ​ឬ​ពីរ​នាទីយ៉ាង​ច្រើន​នេះ​ គ្រប់​គ្រាន់​សម្រាប់​ប្រមូល​​អារម្មណ៍មក​​ផ្ចង់ធ្វើ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​​បន្ត​ទៀត​បានផង និង​ជួយ​បណ្តុះ​គំនិត​ថ្មីៗ​ផង។ ការ​គេង​ថ្ងៃ​ដ៏​ខ្លី​បែប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ដំណេក​ប្រឌិត​គំនិត​​ ឬ​ដំណេក​អឺរ៉េកា។ អ្នក​ប្រាជ្ញ អាល់ប៊ែរ អាំងស្តាញ អ្នក​វិទ្យាសាស្ត្រ​ ថូម៉ាស អេឌីសាន់ ឬ វិចិត្រករ​គំនូរ​ សាល់វ៉ាដរ ដាលី និយម​ដេក​ថ្ងៃ​អឺរ៉េកា​ណាស់ និង​ជាពិសេស​នៅពេល​ណា​លោក​ត្រូវការ​រិះគិត​រក​ដំណោះស្រាយ​ ឬ​បង្កើតវត្ថុ​​អ្វី​មួយ។
 
តើ​​ដំណេក​អឺរ៉េកាប្រព្រឹត្ត​ទៅ​យ៉ាង​ដូចម្តេច? ជា​ឧទាហរណ៍ អ្នក​វិទ្យាសាស្ត្រ​អាមេរិក ថូម៉ាស អេឌីសាន់ ទៅ​សំរាន្ត​ថ្ងៃ ដោយ​ក្តាប់​គ្រាប់​ប៊ូល​ធ្វើ​ពីលោហៈ ហើយ​ត្រដាង​ដៃ​ឱ្យ​ផុត​ពី​គ្រែ។ 

នៅពេល​គាត់​ចាប់​លង់​លក់​ ដៃ​របស់​គាត់​នឹង​រលា ហើយ​ធ្លាក់​គ្រាប់​ប៊ូល​ពី​ដៃ គាត់​ក៏​ភ្ញាក់ ដូច​គេ​ដាស់ រួច​ចាប់​ផ្តើម​ធ្វើការ​វិញ​ ដោយ​លេចនូវ​​គំនិត​ថ្មីជា​ទី​គួរ​កត់​ត្រា​ទុក។ លោក សាល់វ៉ាដរ ដាលី និង​អាំងស្តាញ​ ក៏​ដូច​គ្នាបេះ​ដាក់​នេះ​ដែរ តែ​គាត់​កាន់​ស្លាបព្រា និង​ដាក់​ដាស​ដែក​ពី​ក្រោមនៅផ្ទាល់​ដី។ នៅពេល​ធ្លាក់​ស្លាបព្រា​លើ​ថាសដែក​ គាត់​ងើប​មក​សម្រេច​ការងារ​ដែល​គិត​មិន​ចេញ​ពី​មុន។
 
នេះ​ជា​ទម្លាប់​របស់​អ្នក​ប្រាជ្ញ​ អាច​ចាត់ទុក​ថា​ជា​ករណី​ពិសេស​​របស់​មនុស្ស​ពិសេស។ ឯ​មនុស្សធម្មតា​ដូច​យើង​រាល់​គ្នា​ប្រហែល​មិន​អាច​យក​ជា​ការ​បាន​ទេ។ ដើម្បី​ជម្រះ​មន្ទិល​នេះ អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថានជាតិ​ផ្នែក​​សុខភាព​និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង បាន​សិក្សា​វិភាគ​បទ​ពិសោធន៍​របស់​អ្នក​ប្រាជ្ញ​នេះ​ឡើង​វិញ តាម​បែប​វិទ្យាសាស្ត្រ។ ដំណាក់កាលទីមួយ អ្នក​ចូល​រួម​​ត្រូវ​សាក​ល្បង​ដោះស្រាយ​ប្រស្នា​មួយ តាម​កុំ​ព្យូទ័រ ដោយ​អាច​ផ្តល់​ចម្លើយ​ច្រើន​ ទៅ​តាម​សមត្ថភាព​និង​លទ្ធ​ភាព​ម្នាក់ៗ។ ដំណាក់កាលទីពីរ បេក្ខជន​អាច​ទៅ​គេង​សម្រាកលើ​កៅអី​ ដោយ​មាន​កាន់​ដប​ទឹក និង​ដាក់​ដៃ​ឱ្យ​ហួស​ពី​ភ្នាក់កៅអី។
 
អ្នក​ស្រាវជ្រាវ​បាន​បំពាក់​​អេឡេចត្រូត និង​ប្រដាប់​ចាប់​សញ្ញា​លើ​ខ្លួន​​បេក្ខជន​ទាំង​នោះ ដើម្បី​ដឹង​ថា​តើ​ពេល​ណា​ពួកគេ​ហៀប​នឹង​លក់​។ នៅពេល​បេក្ខជន​ចាប់​លង់លក់ ពួកគេ​ធ្លាក់​ដប​ទឹក​ពី​ដៃ ហើយ​ភ្ញាក់។ ពោល​គឺ​ដូច​ទម្លាប់​សម្រាក​ថ្ងៃ​របស់​អ្នក​ប្រាជ្ញយ៉ាង​ដូច្នោះ។ ជា​លទ្ធផល​ អ្នក​បាន​សម្រាក​អឺរ៉េកា ​​​ហាក់​មាន​លទ្ធភាពរក​ចម្លើយ​ឃើញ​បាន​ល្អ​ដល់​ទៅ​បី​ដង​លើស​បេក្ខជន​ដែល​មិន​គេង​សម្រាក​សោះ។​ អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​តើ​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​មនុស្ស​នា​ពេល​នោះទេ​។ ប៉ុន្តែ​​​​ដំណាក់​កាល​អន្តរកាល ចន្លោះ​ពេល​ភ្ញាក់​និង​ពេល​គេង​ គឺ​ជា​ពេលរៀប​ចំ​ការ​ចង​ចាំ​ឡើង​វិញ ជា​ពិសេស​ការ​ចង​ចាំ​ផ្នែក​ភាសា​ ទើប​អាច​ជួយ​ឱ្យ​ខួរ​ក្បាល​ឱ្យ​រក​ដំណោះស្រាយ​ប្រស្នា​ និង​មាន​គំនិត​ច្នៃប្រឌិត​ថ្មី​លេច​ឡើង​។
 
ថ្វី​បើ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​អាច​កំណត់​បាន​នូវ​និយម​ន័យ​រួម​តែ​មួយ​សម្រាប់​ហៅ ការ​សម្រាក​ពេល​ថ្ងៃ​មួយ​ភ្លែត​ខ្លី ត្រឹម​មួយ​នាទី ឬ​បួន​ដប់​វិនាទីមែន តែ​​មាន​ការ​សិក្សា​ច្រើន​ណាស់​ផ្តោត​ជុំ​វិញ​បញ្ហា​នេះ ព្រោះ​​គេ​បាន​យល់​កាន់​តែ​ច្បាស់​ឡើងៗ​ថា​ការ​ដេក​ថ្ងៃ​ មាន​ឥទ្ធិពល​លើ​​សកម្មភាព​ប្រចាំ​ថ្ងៃយ៉ាងណា។ ការ​ងងោកងងុយ ​ អាច​រំខាន​ការ​ងារ​ពេញ​មួយ​រសៀល ឬ​តែ​មួយ​ប៉ប្រិច​ភ្នែក​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​ផង​ក្នុង​ស្ថានភាព​ខ្លះ ប៉ុន្តែបើ​បាន​​ធ្មេញ​ភ្នែក​មួយ​ភ្លែត សម្រាក​មួយ​ស្រលែត​វិញ នោះ​កម្លាំងពលំ​ថាមពល​ក៏បាន​ពេញ​វិញ ហើយ​អាច​ផ្ចង់​ស្មារតី គិត​អ្វី​ក៏​ចេញ​។

ការ​សម្រាក​ថ្ងៃ​មួយ​ឬ​ពីរ​នាទី​នេះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​សម្គាល់​ឃើញ​ថា​ជាការ​​បំប៉ន​គំនិត​បែប​ច្នៃ​ប្រឌិត​ខ្លាំងណាស់​។
 
ការ​ដក​ពិសោធន៍​នេះ ជា​សាក្សី​បង្ហាញ​ឱ្យ​ឃើញ​ថា​ដំណេក​ជា​អាហារ​ដ៏​ចាំបាច់​សម្រាប់​ឱ្យ​មានការ​ចង​ចាំ​ល្អ​។  ចង់​មាន​ការ​ចង​ចាំ​ល្អ​ត្រូវ​គេង​ឱ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​​ពេល​ដេក ជា​ពេល​វេលា​ថត​ផ្តិត​ព័ត៌មានទុក។ អីចឹង​ហើយ​បាន​ជា​គេ​ណែនាំ​ឱ្យ​អាន​សៀវភៅ​ ឬ​អាន​រំលឹក​មេរៀន​ឡើង​វិញ នៅ​ពេល​រៀប​ចូល​គេង ទើប​ចាំ​រឿង​នោះ​បាន​ល្អ៕

Tag:
 (នាទីសុខភាពនិងអនាម័យ)
© រក្សាសិទ្ធិដោយ thmeythmey.com