ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកគ្រូស្ម័គ្រចិត្តវ័យក្មេង ៣រូប រួមសុខទុក្ខជិះទូកជាមួយគ្នាទៅបង្រៀនសិស្ស
18, May 2024 , 12:40 pm        
រូបភាព
ស្រុកឯកភ្នំ ខេត្តបាត់ដំបង៖ រស់នៅលើទឹកពីមួយជំនាន់ បន្តមកមួយជំនាន់ អ្នកភូមិបណ្ដែតទឹកភាគច្រើន  មិនចង់ចាកចេញទៅរស់នៅលើគោកនោះទេ។ ចាប់កំណើតលើជលាស័យ រហូតធំធាត់ពេញវ័យ អ្នកស្រុកទន្លេ បើកភ្នែក និងបិទភ្នែក ឃើញតែទឹក និងការនេសាទប៉ុណ្ណោះ។ អ្នកទន្លេ តែងតែធ្វើដំណើរទៅគ្រប់ទិសទីតាមទូក។

 
សំឡេងម៉ាស៊ីន «ស្មាច់» លឺលាន់កងរំពង  មិនដាច់ឆ្ងាយពីត្រចៀកឡើយ។ អ្នកទន្លេសាប មិនត្រូវការ ប័ណ្ណបើកបរ «ស្មាច់» ដូចអ្នកដីគោក បើកបរម៉ូតូនោះទេ។ លោកអ្នកប្រហែលគិតថា រស់នៅលើទឹកយូរឆ្នាំ អ្នកស្រុកទន្លេ មិនខ្លាចទូក លិចទឹកនោះទេ ប៉ុន្តែនារីៗភាគច្រើន នៅតែមានអារម្មណ៍ខ្លាចលិចទូក នាពេល ដែលមានកាប៉ាល់ធំៗ ឆ្លងកាត់។



សិស្ស ជិះទូកតូចៗទៅសាលារៀន ដែលសិស្សខ្លះ មានឪពុកម្ដាយជូនទៅសាលា និងខ្លះទៀត ត្រូវសុំអាស្រ័យដំណើរជាមួយមិត្តភ័ក្រ។ សិស្សានុសិស្ស នៅសហគមន៍បណ្ដែលទឹក មិនមានភាពងាយស្រួល ដូចអ្នកនៅលើ​ដីនោះទេ។ ពេលខ្លះទូកដ៏តូចច្រឡឹងទាំងនេះ ត្រូវជួបរលកធំៗទៀតផង។ ដើម្បីទទួលបានចំណេះដឹង និងចាកចេញពីរបរនេសាទ កុមារា កុមារី ទាំងនេះ ត្រូវតស៊ូ ពុះពារគ្រប់យ៉ាង។ 
 
មិនលំបាកតែសិស្សទេ លោកគ្រូ អ្នកគ្រូ ក៏យ៉ាប់យឺនដូចគ្នា។ ម៉េង សៀវអ៊ី សំណាង រ័ត្នថា និង កៃ ស្រីសុខ ជាគ្រូស្ម័គ្រចិត្តនៅសាលាបឋមសិក្សាព្រែកទាល់។ អ្នកគ្រូវ័យក្មេងទាំង៣នេះ ក៏តែងតែញាប់ញ័រអារម្មណ៍ម្ដងៗផងដែរ នាពេលជិះទូក ទៅ និងចេញពីសាលារៀន។ 
 
ជាអ្នករស់នៅដីគោក តែមកបង្រៀន និងរស់នៅលើទឹក

នៅពេលមានកប៉ាល់ធំៗ បើកឆ្លងកាត់ ទូកយ៉ាងតូច ត្រូវប្រឈមនឹងរលក ដែលអាចនឹងលិច។ ពេលខ្លះ ទឹកសាចមកលើទូក ធ្វើឱ្យទទឹកសម្ភារៈ និងសម្លៀកបំពាក់របស់អ្នកគ្រូថែមទៀតផង។ ប៉ុន្តែរឿងរ៉ាវទាំងនេះ ហាក់បីដូចជា ធម្មតាទេសម្រាប់អ្នកទន្លេ។ ផ្ទុយទៅវិញ អ្នកគ្រូ សំណាង រ័ត្នថា មិនមែនជាអ្នកទន្លេឡើយ។ ការណ៍នេះ អ្នកគ្រូតែងតែភ័យខ្លាចជាទីបំផុត។ 



«ខ្ញុំ មានអារម្មណ៍ថាប្លែកដែរ។ ខ្ញុំ មិនធ្លាប់រស់នៅលើទឹក ដូច្នេះពិបាក នាពេលដំបូងៗ។ នៅលើគោកចង់ទៅណា គ្រាន់តែជិះម៉ូតូទៅ តែនៅទីនេះ ពិបាក។ ហើយគ្មានផ្សារ គ្មានអ្វីទេ! ដូចខ្ញុំអ៊ីចឹង ខ្ញុំ គ្មានកាណូតប្រើផ្ទាល់ខ្លួនទេ។ ពេលមកដំបូង ចង់រត់ទៅស្រុកវិញដែរ។» អ្នកគ្រូ រ័ត្នថា រំលឹកអារម្មណ៍ដំបូងៗ នាពេលបានមករស់នៅលើទឹក ដល់អ្នកសារព័ត៌មានឌីជីថលថ្មីៗ។
 
សម្ដីស្រទន់ និងថ្នមៗ កញ្ញា រ័ត្នថា មានសំណាងបានស្គាល់គ្នាជាមួយអ្នកគ្រូស្ម័គ្រចិត្តទាំងពីររូបទៀត និងរាប់អានគ្នាដូចជាបងប្អូន។ លើសពីមិត្តរួមការងារ សម្លាញ់ សៀវម៉ី និងស្រីសុខ ជាស្ពានចម្លងផង ជាអ្នកដឹកជញ្ជួនគ្មានល័ក្ខខណ្ឌផង របស់អ្នកគ្រូវ័យក្មេង សំណាង រ័ត្នថា។ 
 
នាព្រឹកព្រហាម សូរិយាបញ្ចេញពន្លឺពណ៌មាសមកលើផ្ទៃទន្លេ អ្នកគ្រូ សៀវម៉ី ចេញទូកមកដឹកអ្នកគ្រូស្រីសុខ និងរ័ត្នថា។ ធ្វើដំណើរប្រមាណ ៣គីឡូម៉ែត្រ អ្នកគ្រូ សៀវម៉ី មិនហត់នឿយឡើយ ដើម្បីទៅទទួលសម្លាញ់ទាំងពីរ។ ជិះទូក ត្រូវចំណាយថ្លៃប្រេងច្រើន ជាងជិះម៉ូតូលើដី។ សម្លាញ់ទាំង៣រូប ជួយចេញថ្លៃសាំងរួមគ្នា។ 
 
ជ្រោមជ្រែងសហគមន៍​

តរុណីទាំង៣ សុទ្ធតែបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលអាចស្វែងរកការងារនៅតាមក្រុមហ៊ុនបាន ប្រសិនបើពួកគេ ចង់ចាកចេញពីទីកំណើត។ ប៉ុន្តែ ការជ្រើសរើសចាកចេញពីទន្លេ នៅតែមិនមែនជាជម្រើសដំបូងសម្រាប់អ្នកគ្រូ សៀវម៉ី និងស្រីសុខ។ អ្នកគ្រូទាំងពីរ មានបំណងដូចៗគ្នា គឺជួយជ្រោមជ្រែងសហគមន៍របស់ខ្លួនតាមរយៈការអប់រំ។ 



«មានតែការអបរ់ទេ ដែលអាចជួយយើងឱ្យផុតពីភាពល្ងង់បាន។ ខ្ញុំចង់ជួយសហគមន៍របស់ខ្ញុំ ឱ្យទទួលបានការអប់រំល្អ។ នៅពេលកុមារ អាចរៀនសូត្របាន និងអាចមានការងារធ្វើ ពួកគាត់ នឹងមិនពឹងផ្អែកលើរបរនេសាទមួយនោះទេ។» អ្នកគ្រូសំណាង រ័ត្នថា រៀបរាប់ដូច្នេះ។ 
 
លោក វន ពិសី នាយកសាលាបឋមសិក្សាព្រែកទាល់ បានបង្ហាញពីបន្ទប់សិក្សា បណ្ណាល័យ និងសកម្មភាពសាលា ដល់អ្នកសារព័ត៌មាន និងមន្រ្តីអង្គការ។ នៅលើអគារសាលាកម្ពស់៣ជាន់ មានបន្ទប់លក់នំចំណីមួយ សម្រាប់សិស្ស ដោយសារ នាខែទឹកឡើង អ្នកលក់ មិនអាចលក់នំចណីនៅខាងក្រោមបានទេ។
 
«អគារនេះ កើតឡើងតាមរយៈសប្បុរសជនទាំងអស់ ដែលជាភ្ញៀវទេសចរ។ សហគមន៍ថតសាលាកំពុងទ្រុឌទ្រោម បង្ហាញទេសចរ ដើម្បីរៃអង្គាសថវិកា។ ចំណាយពេលរៃអង្គាសរយៈពេល៥ឆ្នាំ ទើបបានលុយគ្រប់គ្រាន់។ អគារទាំងមូល ត្រូវបានចំណាយថវិកាសាងសង់អស់ ១៤ម៉ឺនដុល្លារ។» លោក វន ពិសី ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ។
 
ជាការពិត ទោះបីមានឧបសគ្គរាប់មិនអស់ក៏ដោយ កុមារ កុមារី លោកគ្រូ អ្នកគ្រូ មិនរួញរាបន្តិចឡើយ ដើម្បីអភិវឌ្ឍសហគមន៍របស់ខ្លួន។ រស់នៅលើទឹក​ ជាប្រពៃណីបន្តជំនាន់មក ប៉ុន្តែមិនមែន អ្នកជំនាន់ក្រោយ ចង់បន្តរបរនេសាទនេះរហូតនោះទេ ពោល គឺពួកគេ ក៏ចង់មានអនាគតត្រចះត្រចង់ និងមើលឃើញពិភពលោក បានឆ្ងាយជាងនេះផងដែរ។ ដូច្នេះហើយ ការអបរំ នៅសហគមន៍បណ្ដែតទឹក បឹងទន្លេសាប គឺពិតជាសំខាន់ណាស់ ដើម្បីអនាគតកម្ពុជា និយាយជារួម និងអនាគត អ្នកទន្លេ និយាយដោយឡែក៕

Tag:
 (បទយកការណ៍
  បឹងទន្លេសាប
  ការអប់រំ
  ព្រែកទាល់
  បាត់ដំបង)
© រក្សាសិទ្ធិដោយ thmeythmey.com