ជាតិ
វីដេអូ
ក្នុងផ្ទះបាយ ស្ទើរតែឈប់ប្រើ ខ្នោសកោសដូង និងប្រដាប់ឈូសបន្លែបែបបុរាណ ខ្នោសកោសដូងដែលធ្វើពីឈើ និងមានផ្លែដែក អាយុកាលប្រមាណ៥០ឆ្នាំ។
× កំពង់ចាម៖ ខ្នោសកោសដូងដែលធ្វើពីឈើ និងផ្លែដែក គឺជាសម្ភារផ្ទះដែលចាំបាច់បំផុតនៅក្នុងផ្ទះបាយខ្មែរ កាលគ្រាដើម នៅពេលដែលត្រូវការស្លសម្លរដែលត្រូវប្រើខ្ទិះដូង តួយ៉ាងសម្លការី, ម្ជូរខ្ទិះ ឬសម្លម្ជូរគ្រឿងជាដើម។ ប្រដាប់ឈូសបន្លែធ្វើពីឈើ និងផ្លែដែក ក៏ឧបករណ៍មួយប្រភេទទៀត ដែលស្ទើរតែលែងត្រូវបានប្រើប្រាស់នៅក្នុងផ្ទះបាយទៅហើយដែរ ដ្បិតបច្ចុប្បន្នគេប្រើម៉ាស៊ីនសម្រាប់កោសពូតយកខ្ទិះដូង និងឈូសបន្លែជំនួសសម្ភារៈផ្ទះបាយបុរាណ ដែលប្រើប្រាស់កម្លាំងដៃ។
អ្នកស្រី ទា ស៊ិហ្គី ដែលជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតានង់២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម លែងប្រើខ្នោសកោសដូង និងប្រដាប់ឈូសហើយ។ អ្នកស្រី ទា ស៊ិហ្គី បានអះអាងថា៖ «ឥឡូវសុទ្ធតែម៉ាស៊ីនទាំងអស់! »។ ដ្បិតលែងប្រើប្រាស់ ប៉ុន្តែស្ត្រីរូបនេះ នៅតែរក្សាទុកឧបករណ៍បុរាណ និងមានអនុស្សាវរីយ៍ទាំងនេះ នៅក្នុងគេហដ្ឋាន។ បើតាម អ្នកស្រី ទា ស៊ិហ្គី ខ្នោសកោសដូងនោះ គឺស្វាមីរបស់គាត់បានធ្វើកាលពីប្រមាណ ៥០ឆ្នាំមុន កាលពីគាត់នៅរស់។ ចំណែកឯ ប្រដាប់ឈូសនោះវិញ ជាវត្ថុបន្សល់ទុកពីស្នាដៃឪពុកក្មេកដែលកាត់បានធ្វើកាលពីប្រមាណ៥០ឆ្នាំមុនដូចគ្នា។ ចំពោះផ្លែដែកនៃខ្នោសកោសដូង និងប្រាប់ឈូសបន្លែ សុទ្ធតែអាចដកចេញ ទៅសំលៀងបាន។ ទាំងខ្នោសកោសដូង ទាំងប្រដាប់ឈូសនោះ មានប្រវែងប្រមាណ ៦០សង់ទីម៉ែត្រ និងកម្ពស់ប្រមាណ ៣០សង់ទីម៉ែត្រ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
តាំងពីយូរណាស់មកហើយ ទូទាំងពិភពលោក ចុងភៅប្រើប្រដាប់កោស ឬឈូសប្រភេទផ្សេងៗ។ តាំងពីសតវត្សទី១៩ ប្រដាប់កោសឈូសខ្លះ មានប្រព័ន្ធបង្វិល ដែលប្រើកម្លាំងដៃដូចគ្នា ប៉ុន្តែដែលត្រូវការតែមូលម៉ានីវែលប៉ុណ្ណោះ។ វិស័យឧស្សាហកម្ម ក៏ត្រូវការកោស និងឈូសបន្លែ និងផ្លែឈើដែរ។ ឆ្នាំ១៨៦៧ នៅឯប្រទេសបារាំង គេបង្កើតរោងចក្រដំបូងគេបង្អស់ដែលកោសបន្លែ។ នាសម័យបច្ចុប្បន្នវិញ លែងមានរោងចក្របែបនេះហើយ។ គ្រាន់តែជាផ្នែកមួយក្នុងរោងចក្រប៉ុណ្ណោះ ឧទាហរណ៍ដូចរោងចក្រស្ករស ដែលយកជាតិស្ករពីបន្លែ៕
ប្រដាប់ឈូសបន្លែ ធ្វើពីឈើ និងមានផ្លែដែក អាយុកាលប្រមាណ៥០ឆ្នាំ។
© រក្សាសិទ្ធិដោយ thmeythmey.com