អន្តរជាតិ
នាយករដ្ឋមន្រ្តីវៀតណាម នឹងបរិច្ឆាគសរីរាង្គទៅអ្នកដទៃក្រោយទទួលមរណភាព នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិន។ រូបភាព Vietnam Express
× នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ នៅថ្ងៃទី១៩ ខែឧសភា បានចុះឈ្មោះបរិច្ចាគសរីរាង្គ នៅពេលទទួលមរណភាព និងអំពាវនាវឱ្យប្រជាជនស្ម័គ្រចិត្តធ្វើសកម្មភាពដូចលោកដែរ ដើម្បីជួយជីវិតប្រជាជន។ មេដឹកនាំរូបនេះ បានលើកសរសើរពីជំនាញវះកាត់ផ្ទេរសរីរាង្គមនុស្សនៅវៀតណាម។
នៅក្នុងយុទ្ធនាការរៀបចំដោយក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី១៩ ខែឧសភា ដើម្បីលើកទឹកចិត្តឱ្យប្រជាជនបរិច្ចាគសរីរាង្គ លោក ផាម មិញឈិញ ប្រមុខរដ្ឋាភិបាលវៀតណាម អំពាវនាវឱ្យប្រជាជនចូលរួមក្នុងយុទ្ធនាការបរិច្ចាគសរីរាង្គ ក្រោយបាត់បង់ជីវិត ដើម្បីជួយសង្រ្គោះប្រជាជនផ្សេងទៀត។
«សរីរាង្គ និងជាលិកា ជាអំណោយដ៏មានតម្លៃបំផុត ដែលមនុស្សម្នាក់អាចផ្តល់ឱ្យអ្នកដទៃ»។ លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ។ លោក ផាម ក៏បានចុះឈ្មោះបរិច្ចាគសរីរាង្គរបស់លោក ក្រោយស្លាប់ ដើម្បីអាចជួយដល់ប្រជាជនផ្សេងទៀតផងដែរ។ នេះជាសកម្មភាពគំរូមួយ សម្រាប់ប្រជាជននៅក្នុងប្រទេស ក្នុងការបរិច្ចាគសរីរាង្គរបស់ខ្លួន។
ទោះទទួលស្គាល់ពីការវះកាត់ផ្លាស់ប្តូរសរីរាង្គតាមពីក្រោយបណ្តាប្រទេសក្នុងតំបន់មួយចំនួន និងពិភពលោក្តី លោក ផាម នៅតែសរសើរពីបច្ចេកទេសផ្លាស់ប្តូរសរីរាង្គនៅវៀតណាមថា អត្រារស់ក្រោយផ្លាស់ប្តូរសរីរាង្គ គឺខ្ពស់ ខណៈការចំណាយ គឺទាបជាងប្រទេសអភិវឌ្ឍមួយចំនួន។
ចាប់តាំងពីការផ្លាស់ប្តូរក្រលៀនលើកដំបូងនៅក្នុងឆ្នាំ១៩៩២ វៀតណាម បានវះកាត់ផ្លាស់ប្តូរសរីរាង្គមនុស្សប្រមាណ ៨៦០០ករណី ដោយក្នុងនោះមានដូចជា ក្រលៀន, សួត, បេះដូង, និងថើមជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។
នៅក្នុងពេលបច្ចុប្បន្ន ប្រជាជនវៀតណាម ដែលបានចុះឈ្មោះបរិច្ចាគសរីរាង្គក្រោយទទួលមរណភាពមានចំនួនច្រើនជាង ៨៦០០០នាក់។ យ៉ាងណាមិញ អាជ្ញាធរវៀតណាម បានបញ្ជាក់ថា ចំនួនខាងលើនៅតែទាប បើធៀបនឹងបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។
សូមបញ្ជាក់ថា វៀតណាមនៅតែជួបប្រទះបញ្ហាលំបាកមួយចំនួនដូចជា ការរឹតត្បិតគោលនយោបាយពាក់ព័ន្ធសរីរាង្គ, កង្វះបុគ្គលិកវេជ្ជសាស្រ្តផ្នែកសរីរាង្គ និងឧបករណ៍ប្រើប្រាស់ ខណៈមន្ទីរពេទ្យត្រឹមតែ ២៦កន្លែងប៉ុណ្ណោះនៅទូទាំងប្រទេស ទទួលបានអាជ្ញាប័ណ្ណវះកាត់ផ្លាស់ប្តូរសរីរាង្គ៕
© រក្សាសិទ្ធិដោយ thmeythmey.com