អន្តរជាតិ
ប្រធានាធិបតីអុីរ៉ង់ និងប្រមុខការទូត សុទ្ធតែស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ
20, May 2024 , 12:05 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃទី២០ ខែឧសភា បានប្រកាសការស្លាប់របស់លោកប្រធានាធិបតី Ebrahim Raisi, រដ្ឋមន្រ្តីការបរទេស Hossein Amir-Abdollahian និងមន្រ្តីសំខាន់ៗផ្សេងទៀត នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។

 
ករណីធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី និងមន្រ្តីសំខាន់ៗអ៊ីរ៉ង់ បានកើតមាននៅក្បែរភូមិ Tavil ក្នុងខេត្ត Azerbaijan ខាងកើត ស្របពេលមានអាកាសធាតុមិនល្អ បន្ទាប់ពីដឹកប្រធានាធិបតីមកពីកម្មវិធីមួយជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់។ 
 
មនុស្សមានវត្តមានលើឧទ្ធម្ភាគចក្រ ដែលភាគច្រើនសុទ្ធសឹងជាមន្រ្តីសំខាន់ៗ បានទទួលមរណភាពទាំងអស់ ខណៈសាកសពត្រូវឆេះ និងដុតរោលយ៉ាងខ្លាំង។ លោក Ebrahim Raisi បានទទួលមរណភាពនៅត្រឹមវ័យ ៦៣ឆ្នាំ។ 
 
«ប្រធានាធិបតី Raisi, ប្រមុខការទូត និងអ្នកដំណើរទាំងអស់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ»។ មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប បានបញ្ជាក់បែបនេះ។
 
តាមរដ្ឋធម្មនុញ្ញអ៊ីរ៉ង់ នៅពេលប្រធានាធិបតីស្លាប់ក្នុងពេលកាន់តំណែង អនុប្រធានាធិបតី នឹងទទួលបន្ទុកបន្ត ក្រោយមានការអនុម័តពីមេដឹកនាំកំពូល។ លោក Mohammad Mokhber ដែលជាអនុប្រធានាធិបតីទី១ នឹងក្លាយជាប្រធានាធិបតីស្តីទី ប្រសិនបើលោក Ayatollah Khomeini មេដឹកនាំកំពូលអ៊ីរ៉ង់ឯកភាព។
 
ការបោះឆ្នោតនឹងត្រូវរៀបចំដោយក្រុមប្រឹក្សាមួយដែលមានប្រធានាធិបតីស្ដីទី ប្រធានតុលាការ និងប្រធានសភា ក្នុងរយៈពេល ៥០ថ្ងៃ។
 
តាមការចុះផ្សាយរបស់សារព័ត៌មាន CNN ឧទ្ធម្ភាគចក្រ ដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ទំនងជាប្រភេទ Bell 212 ដែលមានវ័យចំណាស់ ហើយបានប្រតិបត្តិការចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មក៕ 

Tag:
 អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com