សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ នឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់ក្នុងមួយកម្រិតទៀតនៅឆ្នាំ២០២៥។ លោក លី គួឈីង (Ly Kouqing) នាយកក្រុមបេសកកម្មនៃការិយាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានបង្ហាញសុទិដ្ឋិនិយមបែបនេះ ចំពោះសេដ្ឋកិច្ចកម្ពុជា ដោយរំពឹងថា អតិផរណាបន្តមានកម្រិតទាបត្រឹម២,៥ភាគរយ។
លោក លី គួឈីង បានដឹកនាំក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) មកវាយតម្លៃបឋមលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល២សប្តាហ៍។ នាថ្ងៃទី៨ឧសភា លោកបានជួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបានបង្ហាញពីភាពវិជ្ជមានពីការងើបឡើងវិញនៃ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។
លោកបានលើកឡើងថា ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា នៅបន្តរក្សាបានកំណើនល្អ ដោយការរំពឹងទុកភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកលនិងតំបន់។ ការណ៍នេះ នឹងបន្តគាំទ្រដល់វិស័យមួយចំនួន ជាពិសេសវិស័យកាត់ដេរ និង កម្មន្តសាលមិនមែនកាត់ដេរ ខណៈវិស័យទេសចរណ៍ នឹងនៅតែបន្តនិន្នាការកើនឡើង។
បើតាមលោក លី គួឈីង កំណើនសេដ្ឋកិច្ចល្អនៅក្នុងឆ្នាំ២០២៣ និង ឆ្នាំ ២០២៤ បានចូលរួមចំណែកយ៉ាងសំខាន់ពីកែលម្អស្ថានភាពហិរញ្ញវត្ថុសាធារណៈឱ្យមានចីរភាព, មានភាពរឹងមាំ និងបង្កើនលម្អ សម្រាប់ការធ្វើអន្តរាគមន៍ចាំបាច់នានា ខណៈស្ថានភាពវិស័យខាងក្រៅ (External Position)ក៏មានភាពប្រសើរឡើងវិញ។ លោកបានបញ្ជាក់ថា៖ « និន្នាការនេះនឹងបន្តធ្វើឱ្យកម្ពុជាអាចសម្រេចបានកំណើនកាន់តែប្រសើរសម្រាប់ឆ្នាំ ២០២៥ និងរយៈពេលមធ្យមទៅមុខ»។
(ឆ្វេង)លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ដៃជាមួយ លោក លី គួឈីង (Ly Kouqing) នាយកក្រុមបេសកកម្មនៃការិយាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣។ រូបថត៖ MEF
យ៉ាងណាមិញ លោក ក៏បានកត់សម្គាល់លើភាពមិនប្រាកដប្រជា និងហានិភ័យចម្បងៗមួយចំនួន ទាំងក្នុង និងក្រៅប្រទេស ដែលកម្ពុជាត្រូវយកចិត្តទុកដាក់តាមដាន និងដាក់ចេញជាវិធានការត្រៀមខ្លួននានា។ ជាពិសេស កម្ពុជាត្រូវកសាងទ្រនាប់ថវិកាឡើងវិញ ដើម្បីភាពធន់នៃហិរញ្ញវត្ថុសាធារណៈ, ការធានាឱ្យបាននូវស្ថិរភាពវិស័យហិរញ្ញវត្ថុ, ការពង្រឹង ការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីបង្កើនពិពិធកម្ម និងពង្រឹងភាពប្រកួតប្រជែង នាពេលកម្ពុជាចាកចេញពីក្រុមប្រទេស ដែលមានការអភិវឌ្ឍតិចតួច(LDC)។
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកឡើងពីនិន្នាការនៃការយល់ឃើញស្របគ្នា អំពីការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសកល, តំបន់ និងនៅកម្ពុជា។ ជាពិសេស ក្នុងស្ថានភាពដែលមិនទាន់វិលត្រលប់ទៅរកប្រក្រតីភាពទាំងស្រុង រួមជាមួយហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ។
«សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាកំណើនល្អ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដោយសារការបន្តអនុវត្តប្រកបដោយឆន្ទៈនយោបាយខ្ពស់ នូវក្របខណ្ឌគោលនយោបាយនានា ដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។ លោករដ្ឋមន្ត្រីសេដ្ឋកិច្ច បាននិយាយបែបនេះ ។
តាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានក្នុងកំណើន៦,៦ភាគរយ សម្រាប់ឆ្នាំ២០២៤ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប(ផ.ស.ស)កើនដល់ ៣៥ ១៦៨លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវរំពឹងកើនដល់ ២ ០៧១ដុល្លារ ធៀបនឹងឆ្នាំ២០២៣ មានប្រមាណ ១ ៩១៧ដុល្លារ៕