អន្តរជាតិ
លោក William Lai ស្បថចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ថ្មី
20, May 2024 , 3:59 pm        
រូបភាព
លោក William Lai ប្រធានាធិបតីតៃវ៉ាន់ (ឆ្វេង) និងអនុប្រធានាធិបតី លោកស្រីHsiao Bi-khim នៅថ្ងៃស្បថចូលកាន់តំណែងថ្ងៃទី២០ ខែឧសភា។ រូបភាព AFP
លោក William Lai ប្រធានាធិបតីតៃវ៉ាន់ (ឆ្វេង) និងអនុប្រធានាធិបតី លោកស្រីHsiao Bi-khim នៅថ្ងៃស្បថចូលកាន់តំណែងថ្ងៃទី២០ ខែឧសភា។ រូបភាព AFP
លោក William Lai ប្រធានបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកោះតៃវ៉ាន់ បន្តពីលោកស្រី Tsai Ing-wenហើយ នៅថ្ងៃទី២០ ខែឧសភា។ លោក William នឹងបន្តគោលនយោបាយរបស់មេដឹកនាំមុនដែលប្រឆាំងចិន។

 
បន្ទាប់ពីកាន់អំណាចរយៈពេល ៨ឆ្នាំ តំណែងប្រធានាធិបតីរបស់លោកស្រី Tsai Ing-wen ត្រូវបានជំនួសដោយលោក William Lai ដែលទទួលបានសំឡេងគាំទ្រក្នុងការបោះឆ្នោតនៅខែមករាកន្លងមក ប្រមាណជាង ៤០ភាគរយនៃចំនួនសរុប។ 
 
នៅចំពោះមុខរូបថតលោកស៊ុន យ៉ាត់សេន ស្ថាបនិករបបសាធារណរដ្ឋចិន (ROC) លោក William Lai បានស្បថចូលកាន់តំណែងជាប្រធានាធិបតីដែនកោះតៃវ៉ាន់ជាផ្លូវការ ខណៈលោកស្រី Hsia Bi-khim ជាអនុប្រធានាធិបតី។ ក្នុងអាណត្តិរបស់លោក រដ្ឋាភិបាលក្រុងតៃប៉ិ នឹងមានជំហរតឹងរ៉ឹងនៅចំពោះមុខចិន។ 
 
«តៃវ៉ាន់ នឹងមិនធ្វើសម្បទានប្រជាធិបតេយ្យ និងសេរីភាពឡើយ»។ លោក Lai បានសង្កត់ធ្ងន់បែបនេះ នៅចំពោះអ្នកចូលរួមនាវិមានប្រធានាធិបតី ក្នុងថ្ងៃទី២០ ខែឧសភា។ មេដឹកនាំតៃវ៉ាន់ បានអំពាវនាវឱ្យចិនបញ្ឈប់ការគំរាមសម្លុតតៃវ៉ាន់ ហើយផ្តោតលើសន្តិសុខ និងវិបុលភាពលើច្រកសមុទ្រតៃវ៉ាន់ជំនួសវិញ។ 
 
មិនតែប៉ុណ្ណោះ លោក Lai បានប្តេជ្ញាការពារសិទ្ធិមនុស្ស និងបង្ហាញពិភពលោកពីប្រជាធិបតេយ្យ និងសេរីភាព នៅចំពោះមុនចិន ដែលប្រកាន់យករបបកុម្មុយនីស្ត។ ស្របពេលពិភពលោកកាន់តែវិវដ្តយ៉ាងរហ័ស ប្រធានាធិបតីតៃវ៉ាន់ថ្មី បានលើកឡើងពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីធ្វើឱ្យសេដ្ឋកិច្ច យោធា កម្លាំងការងាររបស់តៃវ៉ាន់ កាន់តែខ្លាំងឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Taiwan News។ 
 
ក្នុងពិធីស្បថចូលកាន់តំណែងនេះ ប្រទេសចំនួន ២៩បានបញ្ជូនតំណាងរបស់ខ្លួនមក ដោយក្នុងមានប្រទេសនៅតំបន់សមុទ្រប៉ាស៊ីហ្វិក អាម៉េរិកកណ្តាល និងតំបន់ the Holy See។ អតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Mike Pompeo និងអតីតប្រធានាធិបតីលីទុយអានី ក៏ចូលរួមក្នុងកម្មវិធីនេះដែរ។​
 
ចំណែកប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានត្រឹមផ្ញើសារជូនពរ និងអបអរការឡើងកាន់តំណែងរបស់លោក Lai ជាប្រធានាធិបតី បន្តពីលោកស្រី Tsai ប៉ុណ្ណោះ។​ បើតាមលោកប្លីងខិន អាម៉េរិក រំពឹងធ្វើការជាមួយរដ្ឋបាលរបស់លោក Lai ដើម្បីពង្រឹងទំនាកទំនងភាគីទាំងពីរ និងថែរក្សាស្ថិរភាព និងវិបុលភាពលើច្រកសមុទ្រតៃវ៉ាន់។ 
 
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង មិនបានពេញចិត្តលោក Lai និងបក្សប្រជាធិបតេយ្យជឿនលឿនឡើយ ដោយសារទុកជាក្រុមអ្នកផ្តាច់ខ្លួន និងចង់ប្រកាសឯករាជ្យតៃវ៉ាន់។ ចិន ដែលចាត់ទុកតៃវ៉ាន់ជាដែនដីមួយរបស់ខ្លួន តែងព្រមានប្រើគ្រប់មធ្យោបាយទាំងអស់ បើដែនកោះមួយនេះ ហ៊ានប្រកាសឯករាជ្យ។ 
 
កើតនៅក្នុងឆ្នាំ ១៩៥៩ លោកLai មានឪពុកជាកម្មករជីករ៉ែប៉ុន្តែក្រោយមកបានទទួលមរណភាព។ អ្នកនយោបាយតៃវ៉ាន់រូបនេះ បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យជាតិ Cheng Kung និងសកលវិទ្យាជាតិតៃវ៉ាន់ មុនពេលបញ្ចប់ការសិក្សានៅសាលា Harvard ផ្នែកសុខាភិបាលសាធារណៈ នៅអាម៉េរិក។ 
 
លោក Lai ធ្លាប់ជាប់ឆ្នោតជាសមាជិកសភានៅក្នុងឆ្នាំ១៩៩៦, ១៩៩៨, ២០០១, ២០០៤ និង២០០៨។ លោកក៏ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីផងដែរ នៅក្នុងឆ្នាំ២០១៧ ប៉ុន្តែបានលាលែងពីតំណែងនៅក្នុងឆ្នាំ២០១៩ ក្រោយបក្សប្រជាធិបតេយ្យជឿនលឿន ចាញ់ការបោះឆ្នោតថ្នាក់តំបន់។ នៅក្នុងឆ្នាំ២០២០ លោកស្រី Tsai Ing-wen បានជ្រើសជាអនុប្រធានាធិបតី៕ 
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com