ក្លិបកីឡាបាល់ទាត់អាជីពធំៗចំនួននៅតំបន់អឺរ៉ុបត្រូវបានគេរំពឹងថានឹងបាត់បង់ប្រាក់ចំណូល ២,៤៣ ពាន់លានដុល្លារអាមេរិក នៅដំណាច់រដូវកាល ២០២០-២១ នេះ ដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺ COVID-19។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Deloitte ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស។
របាយការណ៍របស់ក្រុមហ៊ុន Deloitte ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែមករា បានរកឃើញថាក្លិបចំនួន២០បានបាត់បង់ប្រាក់ចំណូលសរុបប្រហែល ៩៧៦ លានផោន (១,៣ពាន់លានដុល្លារ) រួចមកហើយគិតត្រឹមចុងរដូវកាល ២០១៩-២០ ដែលធ្លាក់១២ភាគរយបើធៀបនឹងរដូវកាល ២០១៨-១៩។
ក្លិបទាំង២០ ដែលមកពីលីគកំពូលអឺរ៉ុបចំនួន៦ មានអង់គ្លេស អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ បារាំង និងរុស្ស៊ី។ អង់គ្លេសមាន៧ក្លិបដែលរងការខាតបង់ ខណៈ Barcelona ជាក្លិបដែលខាតប្រាក់ចំណូលច្រើនជាងគេ តាមពីក្រោយដោយ Real Madrid, Bayern Munich និង Manchester United។
ដោយសារតែជំងឺរាតត្បាតសកល ទើបធ្វើឲ្យក្លិបទាំងនោះរងការខាតបង់យ៉ាងច្រើន តាមរយៈការអាក់ខានរកចំណូលពីការចាក់ផ្សាយ ថ្លៃសំបុត្រក្នុងការប្រកួត និងការលក់សម្ភារផ្សេងៗរបស់ក្លិប។
ដោយមើលឃើញពីកម្រិតនៃវិបត្តិជំងឺ COVID-19 របាយការណ៍របស់ក្រុមហ៊ុន Deloitte (ក្រុមហ៊ុនប្រឹក្សាពន្ធនិងហិរញ្ញវត្ថុ) ថែមទាំងហ៊ានសន្និដ្ឋានថា ក្លិបទាំង២០ នឹងខាតចំណូលរហូតដល់ ២,៤៣ ពាន់លានដុល្លារអាមេរិកឯណោះ នៅដំណាច់រដូវកាល ២០២០-២១នេះ។
បើទោះជាក្លិបកីឡាបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេលើលោកកាលពីរដូវកាល ២០១៨-១៩ក្តី ប៉ុន្តែ Barcelona បានធ្លាក់ប្រាក់ចំណូលទៅវិញទេបើធៀបនឹងរដូវកាលមុនៗ។ Deloitte បង្ហាញថាក្លិបយក្សអេស្ប៉ាញមួយនេះ ធ្លាក់ចំណូលពី ១ពាន់លានដុល្លារ ទៅ ៨៥៤លានដុល្លារ ខណៈគូប្រជែង Real Madrid ធ្លាក់ចុះពី ៩០៩ លានដុល្លារ ទៅ ៨៥៤ លានដុល្លារ។ Bayern Munich ដែលខាតលំដាប់ថ្នាក់ទី៣ ធ្លាក់ចុះពី ៧៩២លានដុល្លារ ទៅ ៧៥៧ លានដុល្លារ, Manchester United ធ្លាក់ពី ៨៥៤លានដុល្លារ ទៅ ៦៩៣លានដុល្លារ។
Liverpool, Manchester City, Paris St-Germain, Chelsea, Tottenham Hotspur និង Juventus, Arsenal, Borussia Dortmund, Atletico Madrid, Inter Milan, Zenit St Petersburg, Schalke, Everton, Lyon, Napoli និង Eintracht Frankfurt ស្ថិតក្នុងលំដាប់ថ្នាក់បន្តបន្ទាប់៕