អន្តរជាតិ
អង្គការសហប្រជាជាតិ​៖ អ៊ីតាលី​អាច​សង្គ្រោះ​ជនអន្តោប្រវេសន៍​ដែល​លង់ទឹក ២០០ នាក់​បាន តែ​មិន​ធ្វើ​
28, Jan 2021 , 7:59 pm        
រូបភាព
ដោយ: VOA
​រូបតំណាង​៖ ជនភៀសខ្លួន​រង់ចាំ​ការជួយ​ពី​អង្គការ​អេ​ស្ប៉ា​ញ​មួយ ខណៈដែល​ពួកគេ​រត់​ភៀសខ្លួន​តាម​ទូក​ពី​ប្រទេស​លី​ប៊ី ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧​។​

 
​អ៊ីតាលី​បាន​បរាជ័យ​ក្នុងការ​ការពារ​ជីវិត​ជនអន្តោប្រវេសន៍​ជាង ២០០ នាក់​នៅលើ​ទូក​មួយគ្រឿង​ដែល​បាន​លិច​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​កាលពី​ឆ្នាំ ២០១៣​។ នេះ​បើតាម​ការរកឃើញ​រប​ស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​។​
 
​គណៈកម្មាធិការ​នោះបាន​រកឃើញថា អ៊ីតាលី​«​បាន​បរាជ័យ​ក្នុងការ​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​ការហៅ​ទូរស័ព្ទ​ឲ្យ​ជួយ​ពី​ទូក​ដែល​កំពុង​លិច​នោះ ដែល​ដឹក​មនុស្ស​វ័យ​កណ្ដាល​និង​កុមារ​ជាង ៤០០ នាក់​»​។ 
 
​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នោះបាន​ឲ្យ​ដឹង​ទៀតថា អ៊ីតាលី​«​ក៏បាន​បរាជ័យ​ក្នុងការ​ពន្យល់​ពី​ការពន្យារពេល​ក្នុងការ​បញ្ជូន​នាវា​កងទ័ពជើងទឹករ​បស់​ខ្លួន​ដែលមាន​ឈ្មោះ ថា ITS Libra ទៅកាន់​កន្លែងកើតហេតុ ដែល​ស្ថិតនៅ​ចម្ងាយ​ត្រឹមតែ​ប្រមាណ ១​ម៉ោង​ពី​កន្លែង​នោះ​តែប៉ុណ្ណោះ​»​។​
 
​ជនជាតិ​ស៊ី​រី​បីនាក់ និង​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ ដែល​បាន​រស់រាន​ជីវិត​ពី​ហេតុការណ៍​នោះ​ប៉ុន្តែ​បាន​បាត់បង់​សមាជិកគ្រួសារ​របស់ខ្លួន បាន​ប្ដឹង​រួមគ្នា​ទៅកាន់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នេះ​។​
 
​គណៈកម្មាធិការ​នេះ​មាន​អ្នកជំនាញ​ឯករាជ្យ​ចំនួន ១៨ នាក់​ដែលមាន​ភារកិច្ច​ត្រួតពិនិត្យ​ការអនុវត្តន៍​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ​។​
 
​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៣​។ ទូក​នោះ​ចេញដំណើរ​ពី​កំពង់ផែ​នេសាទ Zuwarah នៃ​ប្រទេស​លី​ប៊ី ដែល​ដឹក​មនុស្ស​ភាគច្រើន​រត់​ភៀសខ្លួន​ពី​ប្រទេស​ស៊ី​រី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com