អន្តរជាតិ
ប្រមុខ UN អំពាវនាវ​ឱ្យ​ពិភពលោក​គិតគូរ​ពីបទ​បញ្ញត្តិ​ដើម្បី​គ្រប់គ្រង​បណ្តាញ​សង្គម​
29, Jan 2021 , 8:29 pm        
រូបភាព
បណ្តាញសង្គម Facebook។រូបភាព៖ AFP
បណ្តាញសង្គម Facebook។រូបភាព៖ AFP
ដោយ:
​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) បាន​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​ពិភពលោក​គិតគូ​រៀបចំ​បទបញ្ញត្តិ​ក្នុងការ​គ្រប់គ្រង​បណ្តាញ​សង្គម​ដូចជា Facebook និង​Twitter ជាដើម​។ ការលើកឡើង​របស់​ប្រមុខ UN នេះ​ធ្វើឡើង​ក្នុង​បរិបទ​មួយ​ដែល​ក្រុមហ៊ុន​បណ្តាញ​សង្គម​កាន់តែ​មានអំណាច​ច្រើនជាង​មុន ក៏ដូចជា​ចោល​រោម​ដោយ​បញ្ហា​ដូចជា​ក្នុងការ​ផ្ទុក ការប្រើប្រាស់ និង​ការលក់​ទិន្ន័យ​អ្នកប្រើប្រាស់​ផងដែរ​។​

 
​អគ្គលេខាធិការ UN លោក អាន់​តូ​នី​ញ៉ូ ហ្គួ​តេ​រ៉េ​ស ជឿថា ក្រុមហ៊ុន​បណ្តាញ​សង្គម​មិនគួរ​មានអំណាច​ក្នុង​ការបិទ​គណនី​អ្នកប្រើប្រាស់​ឡើយ ហើយ​លោក​ក៏​លើក​ឧទាហរណ៍​ការបិទ​គណ​នី Twitter របស់​អតីត​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ លោក ហ្គូ​តេ​រ៉េ​ស និយាយថា គេ​គួរ​បង្កើត​យន្តការ​មួយ ដែលមាន​ក្រឹត្យក្រម​ច្បាប់​ត្រឹមត្រូវ​មុននឹង​ក្រុមហ៊ុន​បណ្តាញ​សង្គម​អាច​ចាត់វិធានការ​បែបណា​មួយ​លើ​អ្នកប្រើប្រាស់​។ 
 
«​ខ្ញុំ​មិន​គិតថា យើង​អាច​រស់ក្នុង​ពិភពលោក​មួយ​ដែល​អំណាច​ជាច្រើន​ត្រូវបាន​ប្រមូលផ្តុំ​ក្នុង​ដៃ​ក្រុមហ៊ុន​មួយ​ក្តាប់​តូច​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ្គូ​តេ​រ៉េ​ស ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃទី​២៨ ខែមករា​។ លោក បង្ហាញ​ក្ដីបារម្ភ​ពន់ពេក​ដែល​ក្រុមហ៊ុន​បណ្តាញ​សង្គម​មានអំណាច​យ៉ាងច្រើន​បែបនេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ។​
 
​បន្ថែម​ពីនេះ ប្រមុខ​UN លើកឡើង​ពី​បញ្ហា​ដែល​កើតឡើង​នៅលើ​បណ្ដាញ​សង្គម​ដូចជា​ការប្រើប្រាស់​ទិន្នន័យ​អ្នកប្រើប្រាស់​ពី​សំណាក់​ក្រុមហ៊ុន​បណ្តាញ​សង្គម កង្វះ​ការគ្រប់គ្រង​ដោយ​អ្នកប្រើប្រាស់​ចំពោះ​ទិន្ន័យ​របស់ខ្លួន ក៏ដូចជា​ការលក់​ព័ត៌មាន​ឯកជន​ឱ្យ​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ដទៃទៀត​។ លោក​សង្កត់ធ្ងន់ថា គំរូ​ពាណិជ្ជកម្ម​បែបនេះ​អាច​កែប្រែ​ចរិត និង​ទម្លាប់​របស់​អ្នកប្រើប្រាស់ ហើយ​អ្វីដែល​កាន់តែ​គ្រោះថ្នាក់ គឺ​ការប្រើប្រាស់​ក្នុង​ផ្លូវ​នយោបាយ​ដើម្បី​គ្រប់គ្រង​ពលរដ្ឋ​តែម្ដង​។​
 
​លោក ហ្គូ​តេ​រ៉េ​ស ទទូច​ឱ្យមាន​ការពិចារណា​ឱ្យបាន​ហ្មត់ចត់​លើ​បញ្ហា​ខាងលើ ហើយ​ស្នើឱ្យ​បញ្ចូល​ដំណោះស្រាយ​ទៅក្នុង​គម្រោង​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឌីជីថល (Roadmap for Digital Cooperation)​។ គម្រោង​នេះ បង្កើតឡើង​ក្នុង​បំណង​លើកកម្ពស់​ពិភពលោក​ឌីជីថល​ដែលមាន​សុវត្ថិភាព និង​ប្រកបដោយ​សមធម៌​។​

កម្មវិធីបណ្តាញសង្គម

​គម្រោង​ខាងលើនេះ លើកឡើង​ពី​ផែនការ​សកម្មភាព​គន្លឹះ​ចំនួន​៨ ដែល​ក្នុងនោះ​មានការ​ភ្ជាប់​ទំនាក់ទំនង​ជា​សាកល​នៅ​ឆ្នាំ​២០៣០ ការធានា​ការការពារ​សិទ្ធិមនុស្ស​ក្នុងសម័យ​ឌីជីថល គាំទ្រ​កិច្ចសហប្រតិបត្តិការ​ជា​សាកល​លើ​បញ្ញា​សិប្បនិម្មិត និង​បរិ​យា​ប័ន្ន​វិស័យ​ឌីជីថល​ដោយ​រួមបញ្ចូល​ក្រុម​ងាយ​រងគ្រោះ​បំផុត​ជាដើម​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល លោក ហ្គូ​តេ​រ៉េ​ស បន្ថែមថា បច្ចេកវិទ្យា​ឌីជីថល មិនសូវ​ត្រូវបាន​ពិភាក្សា​ក្នុង​របៀបវារៈ​នយោបាយ​ឡើយ​។ ប្រមុខ UN រូបនេះ ក៏​អំពាវនាវ​ឱ្យ​ពង្រឹង​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត តាមរយៈ​ការប្រមូលផ្តុំ​ក្រុម​ផ្សេងៗ​គ្នា​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​ដើម្បី​ពិភាក្សា​ពី​គោលនយោបាយ​សាធារណៈ​ទាក់ទង​នឹង​អ៊ីនធឺណិត សំដៅ​ឱ្យ​គោលនយោបាយ​ទាំងនោះ​អាចឆ្លើយតប និង​មាន​ភាព​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ឌីជីថល​នាពេល​បច្ចុប្បន្ន​៕

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com