អត្ថបទពាណិជ្ជកម្ម
បរិយាកាស​ការងារ ជា​គន្លឹះ​សំខាន់​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​
29, Jan 2021 , 4:19 pm        
រូបភាព
​លោក ម៉ិច សុទ្ធា ស្ថាបត្យករ​ជាន់ខ្ពស់ នៅ​សសរ ស្ថាបត្យកម្ម បាន​លើកឡើងថា​ស្មារតី​ក្រុម ពិតជា​ផ្នែក​មួយ​ដ៏​សំខាន់​ណាស់ ដើម្បី​ជំរុញ​ឱ្យ​រាល់​ការងារ​របស់ សសរ ស្ថាបត្យកម្ម សម្រេចបាន​ដោយ​ជោគជ័យ​។​
 
​ដើម្បី​ស្វែងយល់​កាន់តែច្បាស់ សូម​លោក​អ្នកនាង តាមដាន​កិច្ច​សម្ភាស រវាង​សារព័ត៌មាន​ថ្មីៗ និង​លោក ម៉ិច សុទ្ធា  ដូចតទៅ​៖ 
 
 
​សារព័ត៌មាន​ថ្មីៗ​៖ ហេតុអ្វី​បានជា​លោក សុទ្ធា ចាប់អារម្មណ៍​ធ្វើការ​នៅក្នុង​វិស័យ​ស្ថាបត្យកម្ម​?
 
​លោក ម៉ិច សុទ្ធា​៖ ចាប់តាំងពី​ខ្ញុំ​ធំ​ដឹងក្តី​មក ខ្ញុំ​ចាប់ផ្តើម​ចាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការ​ចាប់យក​អាជីព នៅក្នុង​វិស័យ​ស្ថាបត្យកម្ម ពីព្រោះ​ខ្ញុំ​បានកត់សម្គាល់​ឃើញថា វិស័យ​ស្ថាបត្យកម្ម​ដើរតួ​យ៉ាងសំខាន់ ហើយក៏​ជា​និមិត្តរូប​នៃ​ប្រទេសជាតិ ដែល​វា​អាច​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ និង​របៀប​រស់នៅ​រប​ស់​ប្រជាជន កាលពី​អតីតកាល​ដូចជា​៖ ប្រាសាទអង្គរវត្ត​ជាដើម​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ ហេតុអ្វី​បានជា​លោក សុទ្ធា ចាប់អារម្មណ៍​ធ្វើការ នៅ​ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម​?
 
​លោក ម៉ិច សុទ្ធា​៖ នៅ​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​រចនា​ផ្នែក​ខាងក្នុង​ជាច្រើន​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​ខ្ញុំ​បានសម្រេច​ចិត្ត ធ្វើការ​នៅ សសរ ស្ថាបត្យកម្ម ដោយសារតែ​ខ្ញុំ​ដឹង​ច្បាស់​ថា ក្រុមហ៊ុន​នេះ មានបទពិសោធន៍​ក្នុង​វិស័យ​ស្ថាបត្យកម្ម អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ​។ អ្វីដែល​ទាក់ចិត្ត​ខ្ញុំ​ខ្លាំង​បំផុត​នោះ គឺ​បរិយាកាស​ការងារ និង​វប្បធម៌ នៅក្នុង​ក្រុមហ៊ុន ដែល​ធ្វើឱ្យ​មិត្ត​រួម​ការងារ​ទាំងអស់ ព្រមទាំង​ខ្ញុំ មាន​អារម្មណ៍​កក់ក្តៅ​ដូចជា​គ្រួសារ​តែមួយ​។ 
 
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ​ជំនាញ និង​ចំណេះដឹង​អ្វីខ្លះ ដែល លោក សុទ្ធា ទទួលបាន​ពី​កន្លែងធ្វើការ​នេះ​?
 
​លោក ម៉ិច សុទ្ធា​៖ ធ្វើការ​នៅ​ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម ក្រៅពី​ជំនាញ និង​ចំណេះដឹង​ដែល​ខ្ញុំ​មាន​ស្រាប់ ខ្ញុំ​អាច​អភិវឌ្ឍ​ខ្លួនឯង និង​បង្កើន​វិជ្ជាជីវៈ នៅក្នុង​ខ្លួន​បន្ថែមទៀត​។ ពីមុន​តួនាទី​ខ្ញុំ​ត្រឹមតែ​ជា​អ្នក​រចនា​ធម្មតា បន្ទាប់មក​ខ្ញុំ​ត្រូវបាន​ដំឡើង​ជា​អ្នក​រចនា​ជាន់ខ្ពស់​។ ជាមួយនឹង​តួនាទី​នេះ ខ្ញុំ​ទទួលបាន​ជំនាញ​ជាច្រើន​ទៀត ដូចជា ការទំនាក់ទំនង ការដោះស្រាយ​បញ្ហា និង​ការគ្រប់គ្រង ក្នុងការ​ដឹកនាំ​គម្រោង​នីមួយៗ​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ​អ្វី​ដែលជា​បញ្ហា​ប្រឈម​បំផុត​សម្រាប់ លោក សុទ្ធា ពេលធ្វើការ​ក្នុង​វិស័យនេះ​? តើ​លោក​អាច​ដោះស្រាយ​វា ដោយ​របៀប​ណា​ឱ្យមាន​ប្រសិទ្ធភាព​?
 
​លោក ម៉ិច សុទ្ធ​៖ តាម​បទពិសោធន៍​របស់ខ្ញុំ ធ្វើការ​នៅក្នុង​វិស័យ​ស្ថាបត្យកម្ម មានការ​លំបាក​បន្តិច ព្រោះ​វា​ទាមទារ​ឱ្យ​យើង​ចេះ​បត់បែន និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​ជំរុញ​គម្រោង​នីមួយៗ ឱ្យទៅ​មុខ​ដោយ​រលូន​។ ឧទាហរណ៍​ថា មុនពេល​ខ្ញុំ​ដាក់​គម្រោង​ឱ្យ​អតិថិជន​ត្រួតពិនិត្យ ខ្ញុំ​ត្រូវតែ​ច្បាស់​ជាមួយ​ខ្លួនឯង និង​ប្រុងប្រយ័ត្ន ជាមួយនឹង​ការ​រចនា​ស្ថាបត្យកម្ម​ទាំងនោះ ។ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​សិក្សា​ពី​គម្រោង​នីមួយៗ ឱ្យបាន​ល្អិតល្អន់​។ 
 
​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ទាំងនេះ​ដោយ​ជោគជ័យ យើង​ត្រូវតែ​ខិតខំ​បន្ថែមទៀត ក្នុងការ​សិក្សា​ពី​តម្រូវការ​របស់​អតិថិជន និង​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​អាច​បញ្ចូល​ទៅក្នុង​ការ​រចនា​របស់​យើង​។ សំខាន់​ជាងនេះទៅទៀត ប្រសិនបើ​យើង ធ្វើ​ទៅលើ​គម្រោង​ធំៗ ខ្ញុំ​គិតថា​ស្មារតី​ក្រុម គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​យើង​ត្រូវការ ការសហការ​កាន់តែច្រើន​ពី​អតិថិជន និង​ក្រុមការងារ​របស់​យើង ដើម្បី​សម្រេចបាន​គម្រោង​ទាំងអស់នេះ​ជាមួយគ្នា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com