ជាតិ
ការសិក្សា​៖ កូ​វីដ​-១៩ អាច​កាត់បន្ថយ​លទ្ធភាព​បង្ក​កំណើត​របស់​បុរស​
29, Jan 2021 , 5:29 pm        
រូបភាព
រូបថត 3D របស់កូរ៉ូណាវីរុសដែលបង្កជាជំងឺកូវីដ-១៩ ។ រូបថត Xinhua
រូបថត 3D របស់កូរ៉ូណាវីរុសដែលបង្កជាជំងឺកូវីដ-១៩ ។ រូបថត Xinhua
​ការសិក្សា​មួយ​បង្ហាញថា ជំងឺ​កូ​វីដ​-១៩ បំផ្លាញ​គុណភាព​មេជី​វិត និង​កាត់បន្ថយ​លទ្ធភាព​បង្កើត​របស់​មនុស្ស​ប្រុស​។ លទ្ធផល​នៃ​ការសិក្សា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែមករា បានមកពី​ការសិក្សា​លើ​បុរស​កើត​ជំងឺ​កូ​វីដ​-១៩ ធៀប​នឹង​បុរស​ដែលមាន​ជំងឺ​នេះ​។​

 
​ជំងឺ​កូ​វីដ​-១៩ ដែល​អុកឡុក​ពិភពលោក​ជាង​មួយឆ្នាំ​មកហើយ​នោះ នៅ​មិនទាន់​ទៅណា​ឡើយ​។ អ្នកវិទ្យាសាស្ត្រ នាំគ្នា​ស្រាវជ្រាវ​ពី​ឥទ្ធិពល​របស់​ជំងឺ​នេះ​លើ​មនុស្ស​នៅ​រយៈពេល​វែង​។ ការសិក្សា​ពី​ផលប៉ះពាល់​នានា ក៏ត្រូវ​បានធ្វើ​ឡើង​ជាប​ន្ត​បន្ទាប់​ដើម្បី​វាយតម្លៃ​ពី​ផលវិបាក​លើ​ប្រព័ន្ធ​នានា​ក្នុង​រាងកាយ​មនុស្ស​រាប់ទាំង​ការបន្ត​ពូជ​ផងដែរ​។​
 
​បើតាម​លទ្ធផល​ស្រាវជ្រាវ​ដែល​ផ្សាយ​លើ​ព្រឹ​ត្ត​ប​ត្រ​សុខភាព បន្ត​ពូជ (Reproduction) នៅ​ថ្ងៃទី​២៩ ខែមករា កូ​វីដ​-១៩ បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​លទ្ធភាព​បង្កើតកូន​របស់​បុរស​។ លទ្ធផល​បឋម​នៃ​ការសិក្សា​អះអាងថា ជំងឺ​នេះ អាច​បង្កើន​កម្រិត​មរ​ណ​ភាព​ស្ពែ​ម រលាក និង​ស្ត្រេ​ស ដែល​នឹង​នាំឱ្យមាន​ផលប៉ះពាល់​មិនល្អ​សម្រាប់​ការបង្កើត​កូន​។ 
 
«​ការរកឃើញ​នេះ​ផ្ដល់​ព័ស្តុតាង​ដំបូង​ថា ប្រព័ន្ធ​បង្ក​កំណើត​របស់​បុរស អាចជា​គោលដៅ និង​ត្រូវ​បំផ្លាញ​ដោយ​កូ​វីដ​-១៩​។​» នេះ​ជាការ​បញ្ជាក់​របស់​អ្នកនិពន្ធ​ដែល​ស្រង់​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​សាស្ត្រាចារ្យ Behzad Hajizadeh Maleki និង​សាស្ត្រាចារ្យ Bakhtyar Tartibian មកពី​សាកល​វិទ្យា​ល​មួយ​នៅ​អាល្លឺម៉ង់ បាន​សិក្សា​ពី​ឥទ្ធិពល​របស់​កូ​វីដ​-១៩ លើ​លទ្ធភាព​បង្ក​កំណើត​នេះ​។ ការវិភាគ ធ្វើឡើង​រៀងរាល់​១០​ម្ដង​អំឡុងពេល​៦០​ថ្ងៃ និង​លើ​បុរស​កើត​កូ​វីដ​-១៩ ៨៤​នាក់ ធៀប​នឹង​១០៥​នាក់​ដែលមាន​សុខភាព​ល្អ​។​
 
​អ្នកជំនាញ​ដែល​មិន​ចូលរួម​ក្នុងការ​សិក្សា​នេះ ស្វាគមន៍​លទ្ធផល​ខាងលើ ប៉ុន្តែ​ស្នើឱ្យ​មានការ​សិក្សា​បន្ថែម​ទៀត មុននឹង​ឈានដល់​ការសន្និដ្ឋាន​ចុងក្រោយ​ដ៏​រហ័ស​។ លោក Alison Campbell អ្នកជំនាញ​ផ្នែក​អំប្រ៊ីយ៉ុង​វិទ្យា​នៅ​អង់គ្លេស ប្រាប់​ឱ្យ​បុរសៗ​កុំ​ជ្រួលច្របល់​ខ្លាំង​នឹង​ព័ត៌មាន​នេះ​។ លោកស្រី​អះអាងថា គេ​មិនទាន់មាន​ព័ស្តុតាង​រឹងមាំ​ដែល​បង្ហាញ​ពី​ផលប៉ះពាល់​រយៈពេល​វែង​របស់​កូ​វីដ​-១៩ លើ​ស្ពែ​ម ឬ​លទ្ធផល​បង្ក​កំណើត​របស់​បុរស​ឡើយ​។​
 
​បន្ថែម​ពី​នោះ អ្នកជំនាញ​ខ្លះទៀត ក៏​លើកឡើង​ពី​កត្តា​ផ្សេង​ដែល​ប៉ះពាល់​លទ្ធផល​បង្កើតកូន​រប​ស់បុ​រស​នេះ​អំឡុងពេល​មាន​កូ​វីដ​-១៩ ។ ទាក់ទង​រឿងនេះ លោកស្រី Campbell លើកឡើងថា អ្នកជំងឺ​កូ​វីដ​-១៩ ភេទ​ប្រុស​ដែល​សះស្បើយ ត្រូវ​ប្រើ​ថ្នាំ​ផ្សេង​ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ដូចជា​ថ្នាំ corticosteroids ឬ​ថ្នាំ​ប្រឆាំង​វីរុស​។ ចំណែក​លោក Allan Pacey អ្នកជំនាញ​ផ្នែក​បន្ត​ពូជ​របស់​បុរស​ប្រចាំ​សាកលវិទ្យាល័យ Sheffield និយាយថា កត្តា​គួបផ្សំ​ផ្សេងទៀត​អាចជា​ការ​លើស​ទម្ងន់រ​បស់​អ្នកជំងឺ​ទៀតផង​។​
 
​លោក​បន្ថែមថា ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​សុខភាព​របស់​អ្នកជំងឺ​កូ​វីដ​-១៩ ក៏​ជា​កត្តា​មួយ​ដែរ​។ ត្រង់នេះ​លោក​ពន្យល់ថា ឱ្យតែ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ទោះ​បង្ក​មិន​អ្វី​ក៏ដោយ ក៏​ប៉ះពាល់​ផលិតកម្ម​ទឹក​ស្ពែ​ម​ដែរ​៕
 
 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com