ជាតិ
សុខភាព
ហេតុអ្វីបានជាត្រូវបំបៅកូន ដោយទឹកដោះម្តាយ?
20, Mar 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ ក្រោយពីកូនកើតមកបានមួយម៉ោង ម្តាយត្រូវបំបៅទឹកដោះដំបូងដើម្បីឲ្យកូនទទួលបានសារធាតុចិញ្ចឹមសំខាន់ៗ និងជួយបង្កើតប្រព័ន្ធការពារសុខភាព។ សម្រាប់ទារកក្នុងវ័យនេះ គ្មានអាហារណាដែលល្អជាងទឹកដោះម្តាយឡើយ។



គ្មានអ្វីប្រសើរជាងទឹកដោះម្តាយសម្រាប់ឲ្យកូនមានកម្លាំងមាំមួន និងសុខភាពល្អឡើយ។ ទឹកដោះម្តាយ សម្បូរទៅដោយអង់ទីករ(អង្គបដិបក្ខ) សម្រាប់ទប់ទល់ ឬប្រឆាំងនឹងមេរោគទាំងឡាយ ព្រមទាំងជំងឺផ្សេងៗ។ លើសពីនេះ ទឹកដោះអ្នកម្តាយស្អាត ហើយមានគ្រប់ពេល និងមានកម្រិតកម្តៅត្រឹមត្រូវ ដែលអាចជួយទប់ស្កាត់ការរាករូស និងបញ្ហាផ្លូវដង្ហើម។ អ្វីដែលសំខាន់ ទឹកដោះម្តាយមិនចាំបាច់ចំណាយប្រាក់។


 
ប៉ុន្តែ បើម្តាយមិនមានទឹកដោះ ឬមានការងារចាំបាច់មិនអាចនៅបំបៅកូនបានយូរ ម្តាយឪពុកអាចជ្រើសរើសបំបៅកូនដោយទឹកដោះគោ។ ទារកម្នាក់ៗអាចនឹងបៅក្នុងបរិមាណខុសៗគ្នា តែម្តាយឪពុកកំណត់ចំនួននៃការបំបៅទឹកដោះគោកូនទៅតាមអាយុកូនដូចជា៖ អាយុចន្លោះពី ០ ទៅ១ខែ ឲ្យបៅតាមឃ្លាន ឬ៦ ទៅ៨ដង ក្នុងមួយថ្ងៃ។ អាយុចន្លោះពី១ ទៅ២ខែ ឲ្យបៅ ៥ ទៅ ៧ដង ក្នុងមួយថ្ងៃ។ អាយុចន្លោះពី២ ទៅ៣ខែ ឲ្យបៅ ៤ ទៅ៧ដង ក្នុងមួយថ្ងៃ។ អាយុចន្លោះពី៣ ទៅ៤ខែ ឲ្យបៅ៤ ទៅ៦ ដង ក្នុងមួយថ្ងៃ។
 
សូមជម្រាបថា កុំឲ្យអ្វីទៅទារក ក្រៅអំពីទឹកដោះរបស់អ្នកម្តាយ នៅ ៦ខែដំបូង។ ការបៅទឹកបបរ ឬទឹកបាយ ទឹកដោះគោ ទឹកស្ករ អាចបណ្តាលឲ្យទារករាគរូស ឬឆ្លងមេរោគ ឬលូតលាស់មិនបានល្អ ដោយសារទឹកដាំពុះមិនបានយូរ ឬសម្ភារសម្រាប់ទារកប្រើប្រាស់លាងសម្អាតមិនបានត្រឹមត្រូវ។ នេះបើតាមសៀវភៅ បំណិនជីវិត ការថែទាំផ្ទៃពោះ របស់អង្គការស៊ីប៉ា៕


 

Tag:
 ស៊ីប៉ា
  ខ្ញុំចង់ដឹង
  បំណិនជីវិត ការថែទាំផ្ទៃពោះ
© រក្សាសិទ្ធិដោយ thmeythmey.com