ជាតិ
ទោះផ្អាកទទួលភ្ញៀវ តែសហគមន៍អូរសោមបន្តប្រឹងប្រែងរកវិធីសាស្ត្រពង្រឹងសេវាកម្មទេសចរណ៍
28, Mar 2021 , 8:29 am        
រូបភាព
ដោយ:
សហគមន៍អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់ មិនបានទទួលភ្ញៀវទេសចរឡើយ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ។ រដ្ឋបាលឃុំអូរសោម បានសម្រេចដូច្នេះ ដើម្បីទប់ស្កាត់ជាមុនការឆ្លងកូវីដ-១៩ ចូលសហគមន៍។  អ្នកនាំភ្ញៀវទេសចរ និងប្រជាជននៅឃុំអូរសាម បានឆ្លៀតឱកាសនេះ ពង្រឹងសេវាកម្មទេសចរណ៍របស់ខ្លួន និងស្វែងរកតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត។

 
ក្នុងបរិបទកូវីដ-១៩ រដ្ឋបាលឃុំអូរសោម សម្រេចផ្អាកទទួលភ្ញៀវទេសចរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ភ្ញៀវទេសចរពីខេត្តកោះកុង ក៏មិនអាចចូលអូរសោមបាន ហើយភ្ញៀវទេសចរពីខេត្តពោធិ៍សាត់ ក៏មិនអាចដើរកម្សាន្ត ក្នុងសហគមន៍មួយនេះបានដែរ។
 
លោក នួន លីម អ្នកនាំភ្ញៀវទេសចរក្នុងសហគមន៍អូរសោម អះអាងប្រាប់សារព័ត៌មាន ThmeyThmey25 ថា រដ្ឋបាលឃុំ មិនអាចកំណត់បានទេថា សហគមន៍អេកូទេសចរណ៍អួរសោម នឹងបើកទទួលភ្ញៀវជាថ្មីនៅពេលណា។ ប៉ុន្តែយ៉ាងណា ប្រជាជនក្នុងសហគមន៍ បានឆ្លៀតយកឱកាសនេះ ពង្រឹងសេវាកម្មទេសចរណ៍របស់ខ្លួន។ 


 
លោក នួន លីម បញ្ជាក់ដូច្នេះថា៖ « ប្រជាជននៅទីនេះ គាត់នៅតែបន្តបង្កើតកន្លែងស្នាក់នៅបន្ថែម ដូចជាផ្ទះស្នាក់ កន្លែងបោះតង់ ហើយអាហារដ្ឋានក៏បង្កើតច្រើនដែរ ភ្ញៀវទេសចរមកលេងលើកក្រោយ ឈប់ខ្វះកន្លែងគេង កន្លែងញាំហើយ»។ 
 
រដ្ឋបាលឃុំ និងប្រជាសហគមន៍ទីនោះ ក៏កំពុងស្វែងរកកន្លែងកម្សាន្ត បែបផ្សងព្រេងបន្ថែមទៀត នៅទឹកដីជួរភ្នំក្រវាញនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ក្រោយវិបត្តិកូវីដ-១៩ បានធូរស្បើយ។ នេះជាការបន្ថែមរបស់មគ្គទេសក៍ រូបនេះ។
 
ទោះស្ថិតនៅឆ្ងាយពីទីរួមខេត្ត សហគមន៍អូរសោមនេះ បានទាក់ទាញចិត្តទេសចរជាច្រើនឱ្យទៅកម្សាន្ត ដោយសារអាកាសធាតុត្រជាក់ស្ទើរគ្រប់រដូវ ដំណាំកសិកម្មសម្បូរបែប កន្លែងកម្សាន្តបែបផ្សងព្រេង ដូចជាស្ទឹងតាសុខ, ភ្នំខ្នងព្រះអង្គ,  ចម្ការស្រល់ និងភ្នំសំកុសជាដើម។ កន្លែងកម្សាន្តក្បែរឃុំអូរសោម ដូចជា ទឹកធ្លាកឆាយប្រុយ, ទឹកធ្លាក់ឆាយរការ ឆាយខ្ពស់ និងដែនជម្រកក្រពើភ្នំ ក៏ជាកត្តាជំរុញភ្ញៀវទេសចរផងដែរ៕
 





Tag:
 អូរសោម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com