ជាតិ
សុខភាព
​«នគរទេព» ជាមន្ទីរពេទ្យថ្មីទី២ បានត្រៀមរួចរាល់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
27, Mar 2021 , 10:21 pm        
រូបភាព
ភ្នំពេញ៖ «នគរទេព» ជាមន្ទីរពេទ្យថ្មីទី២ បន្ទាប់ពីសណ្ឋាគារ The Great Duke ដែលបានក្លាយជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងកូវីដ-១៩(COVID-19)។ បើតាមទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត  មន្ទីរពេទ្យថ្មីនេះ បានចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៧មីនា ឆ្នាំ២០២១។ 
 


លោក ហ៊ុន ម៉ាណែត បានលើកឡើងថា បន្ទាប់ពីការរៀបចំមន្ទីរពេទ្យថ្មីនេះរួច ក្នុងរយៈពេល១៦ថ្ងៃកន្លងមក  ក៏បានហាត់សម ដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើសកម្មភាពអនុវត្តនិតិវិធី និងបទដ្ឋានប្រតិបត្តិទាំងផ្នែកវេជ្ជសាស្ត្រ និងរដ្ឋបាល សំដៅធានាប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ និងផ្តល់សុវត្ថិភាពខ្ពស់ដល់ក្រុមការងារស្ម័គ្រចិត្ត ព្រមទាំងក្រុមគ្រូពេទ្យប្រតិបត្តិជួរមុខផងដែរ។ 
 
មន្ទីរពេទ្យថ្មីទី២សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩នេះ គឺមានកំពស់៥ជាន់ ស្ថិតនៅលើផ្ទៃដីទំហំជាង១ហិកតា ដែលមានប្រព័ន្ធ ទឹក ភ្លើងល្អបំពាក់ដោយប្រព័ន្ធសូឡា(solar) និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញនេះ អាចដាក់គ្រែសម្រាប់អ្នកជំងឺប្រមាណ៥០០គ្រែ ដោយក្នុងនោះ មាន៨០គ្រែ ស្ថិតនៅផ្នែកសង្គ្រោះបន្ទាន់ និង៤២០គ្រែទៀត  សម្រាប់អ្នកជំងឺធម្មតា។
 
បន្ទាប់បានរៀបចំមន្ទីរពេទ្យនេះសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ បានរួចរាល់ហើយនោះ សម្តេច ហ៊ុន មានបំណងទិញមន្ទីរនេះ ធ្វើជាកម្មសិទ្ធរបស់រដ្ឋ ផងដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានFresh News នារសៀលថ្ងៃទី២៧មីនានេះ  សម្តេច ហ៊ុន សែន នឹងយកប្រើថវិការរដ្ឋដើម្បីទិញយកមន្ទីរពេទ្យនេះ ហើយនឹងប្តូរឈ្មោះថា មន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។
 
សូមជម្រាបថា មន្ទីរពេទ្យស្ត្រីនគរទេពសាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប។ 
 
មកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប២,១៤៧នាក់។ ក្នុងនោះមាន ១,៦២២នាក់ ពាក់ព័នន្ធនឹងព្រឹត្តិការន៍សហគមន៍២០កុម្ភៈ។ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ សរុប មាន១,១៣២ ជាសះស្បើយ និងមាន៩នាក់ បានស្លាប់៕

© រក្សាសិទ្ធិដោយ thmeythmey.com