ជាតិ
តារាល្បីៗ
បវរកញ្ញាអាមេរិកក្លាយជា Miss Grand International ខណៈកញ្ញា ជីលី ឈានដល់ Top 20
28, Mar 2021 , 7:59 am        
រូបភាព
ដោយ: រួបរួម
បវរកញ្ញាអាមេរិក Abena Akuaba Appiah បានក្លាយជាម្ចាស់មកុដបវរកញ្ញា Miss Grand International កាលក្នុងការប្រកួតនៅក្នុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែមីនា ខណៈកញ្ញា លីវ ជីលី បានក្លាយជាបវរកញ្ញាដំបូងតំណាងកម្ពុជា ជាប់ក្នុងតំណែង Top 20 ក្នុងចំណោមបេក្ខនារី៦៣នាក់ពីបណ្តាប្រទេសផ្សេងៗគ្នាលើពិភពលោក និងបានពានរង្វាន់ជាឯកត្តជនមួយចំនួនផងដែរ។





បង្កើតឡើងដោយក្រុមហ៊ុនថៃនៅឆ្នាំ២០១៣ ព្រឹត្តិការណ៍ប្រកួតសម្រស់ និងសមត្ថភាព Miss Grand International ឈានចូលដល់ឆ្នាំទី៨របស់ខ្លួននៅឆ្នាំ២០២០ ដែលដំបូងឡើយត្រៀមរៀបចំនៅប្រទេសវេណេស៊ុយអេឡា ប៉ុន្តែត្រូវបានលើកទៅធ្វើនៅក្រុងបាកកកនៅឆ្នាំ២០២១នេះវិញ ដោយសារតែវិបត្តិកូវីដ-១៩។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បវរកញ្ញាអាមេរិក Abena Akuaba Appiah បានក្លាយជាម្ចាស់មកុដ Miss Grand International 2020 ដោយស្នងតំណែងពីបវរកញ្ញាវេណេស៊ុយអេឡា Valentina Figuera។



បវរកញ្ញាឯករងទីមួយ បានទៅលើបវរកញ្ញាហ្វីលីពីន Samantha Bernardo រីឯបវរកញ្ញាហ្គាតេម៉ាឡា Ivana Batchelor បវរកញ្ញាឥណ្ឌូណេស៊ី Aurra Kharishma និងបវរកញ្ញាប្រេស៊ីល Lala Guedes ជាប់ចំណាត់ថ្នាក់ជាបវរកញ្ញាឯករងទីពីរ ទីបី និងទីបួន បន្តបន្ទាប់គ្នា។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ កញ្ញា លីវ ជីលី បានក្លាយជា Miss Grand Cambodia ដំបូងបំផុតដែលជាប់ក្នុងតំណែង Top 20 ក្នុងចំណោមបេក្ខនារី៦៣នាក់ពីទូទាំងពិភពលោក និងបានពាន Country’s Choice of the Year ដោយមានសំឡេងគាំទ្រលើសបវរកញ្ញាប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ និងឥណ្ឌូណេស៊ី។



ក្រៅពីនេះ កញ្ញា លីវ ជីលី បានក្នុងចំណោម Top 6 លើការស្លៀកពាក់ប្រពៃណីជាតិ (Best in National Costume) ជាប់ Top 10 សម្រាប់ឈុតហែលទឹក និងជាប់ Top 7 លើផ្នែកប្រជាប្រិយភាពតាមរយៈការបោះឆ្នោត (Miss Popular Vote) ហើយក៏ស្ថិតក្នុងចំណោមអ្នកឈ្នះលើការស្លៀកពាក់ឈុតប្រពៃណីថៃ (Dress up in Thai National Costume) និងការបរិភោគអាហារថៃ (Thai Food Challenge) ផងដែរ។



តាមពិតទៅបវរកញ្ញា លីវ ជីលី វ័យ២៤ឆ្នាំ ពីបន្ទាយមានជ័យ ជាបវរកញ្ញាឯករងទីពីរក្នុងព្រឹត្តិការណ៍ Miss Grand Cambodia 2020 ប៉ុន្តែបានទទួលឱកាសតំណាងឲ្យកម្ពុជា បន្ទាប់បវរកញ្ញា សេង រដ្ឋា មានបញ្ហាចម្រូងចម្រាសជាមួយក្រុមហ៊ុនផលិតកម្មវិធីនៅកម្ពុជា រីឯបវរកញ្ញាឯករងទីមួយ លឹម សុធាវី ក៏បានសម្រេចចិត្តបោះបង់តំណែង។


កន្លងមក ជីលី ទទួលរងនូវការរិះគន់មួយចំនួន ជាពិសេសសារវីដេអូដែលបានលើកឡើងត្រង់ចំណុចមិនឲ្យពលរដ្ឋចាប់អារម្មណ៍រឿងនយោបាយ។ អ្នកប្រើប្រាស់បណ្តាញ សង្គមួយចំនួន មានការខឹងសម្បារព្រោះការលើកឡើងនេះផ្ទុយស្រឡះនឹងបវរកញ្ញាមីយ៉ាន់ម៉ាដែលចង់ឲ្យ ពិភពលោកដឹងពីរឿងរ៉ាវនយោបាយក្នុងប្រទេសរបស់ខ្លួន។ ជីលី ក៏បានសូមទោស និងពន្យល់បកស្រាយពីមតិរបស់ខ្លួនផងដែរ។



សម្រាប់ការប្រកួតនៅក្រុងបាងកកនេះ ជីលី ស្ថិតក្នុងចំណោមបវរកញ្ញា៩នាក់ដែលទទួលបានឱកាសចូលរួមក្នុង Miss Grand International បើទោះបីជាមិនបានជើងឯកក្នុងប្រទេសខ្លួនក៏ដោយ។ បវរកញ្ញាគុយបា Jennifer Sanchez មានវត្តមានជំនួសបវរកញ្ញា Gcel Valiant ដែលមានកូវីដ-១៩ រីឯបវរកញ្ញាបូលីវី ឆេក អេក្វាឌ័រ ឥណ្ឌា ប៉េរូ ប៉ូឡូញ និងអេស្ប៉ាញ មានហេតុផលផ្សេងៗគ្នា។



បវរកញ្ញាគ្រីមៀ បង្ហាញវត្តមានជាលើកដំបូងក្នុងព្រឹត្តិការណ៍នេះ រីឯប្រទេសដែលបានសម្រេចចិត្តមិនចូលរួមមានដូចជា អាមេនី ហ្គាណា និងអៀរឡង់ខាងជើង ខណៈអូស្ត្រាលី អេស្តូនី ឡេតូនី លីបង់ អ៊ុយក្រែន និងកោះ Reunion បានដកខ្លួន ដោយហេតុផលភាគច្រើនពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា៕






















Tag:
 Miss Grand International
© រក្សាសិទ្ធិដោយ thmeythmey.com