អត្ថបទពាណិជ្ជកម្ម
ធនាគារពាណិជ្ជ ឈីហ្វ(ខេមបូឌា)ម.ក បន្តឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
01, Jun 2021 , 2:12 pm        
រូបភាព
ដោយ: ថ្មីៗ
ជំងឺរាតត្បាតសាកល កូវីដ-១៩ បានបង្កឱ្យពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ ជួបប្រទះនូវការខ្វះខាតស្បៀងអាហារ។ ក្នុងនាមវិស័យឯកជន ធនាគារ ឈីហ្វ បានបន្តចូលរួមផ្តល់អំណោយសប្បុរសធម៌ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដើម្បី ចូលរួម ចំណែក គាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩។ 
 
ប្រធាននាយកប្រតិបត្តិ ធនាគារ ឈីហ្វ លោក សឿង ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ថា៖«នេះជាសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ធនាគារ ឈីហ្វ ព្រោះថា ជាទូទៅ ក្នុងនាមវិស័យឯកជន យើងតែងតែចូលរួមចំណែកជួយសង្គមរបស់យើង តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យសង្គមយើងកាន់តែប្រសើរ»។


 
តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌យ៉ាងល្អប្រពៃនេះ ធនាគារ ឈីហ្វ មានកិត្តិយសឧបត្ថម្ភ អង្ករផ្កាម្លិះចំនួន ២៤០ បាវ ត្រីខកំប៉ុងចំនួន២០០យួរ មីចំនួន២០០កេះ ទឹកត្រី២០០យួរ និងម៉ាស់ចំនួន៥០០០ម៉ាស់ ដែលមានតម្លៃសរុបចំនួន ៤,៥១៤.៧១ ដុល្លារ (បួនពាន់ប្រាំរយដប់បួនដុល្លារចិតសិបមួយសេន)។ 
 
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅការិយាល័យកណ្តាល របស់ធនាគារ ឈីហ្វ ក្នុងខណ្ឌដូនពេញ។ មន្ដ្រីតំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ក៏បានសម្ដែងនូវក្ដីសោមនស្សរីករាយ ចំពោះអំណោយសប្បុរសធម៌នេះ។ 
 



ធនាគារ ឈីហ្វ មានវត្តមាននៅប្រទេសកម្ពុជា នៅឆ្នាំ ២០១៣ ដែលបានបង្កើតឡើងដោយប្រធានក្រុមប្រឹក្សាភិបាល ដែលគួរឲ្យគោរពស្រលាញ់របស់យើង លោក Chau Chung Kai Peter ដែលជាស្ថាបនិករបស់ ឈីហ្វគ្រុប ដែលមានអាយុកាលជាង ៤២ឆ្នាំ និងមានទីតាំងនៅទីក្រុងហុងកុង ហើយក៏ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយ នៅលើលោកផងដែរ ៕     
 







(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com