ជាតិ
រដ្ឋបាលស្រុក​មង្គល​បូរី ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន ក្រោយ​ទឹក​ស្ទឹង​មង្គល​បូរី ហក់​ឡើង​ខ្លាំង​
21, Sep 2021 , 3:29 pm        
រូបភាព
ទឹក_ស្ទឹង_មង្គល_បូរី_។ រូបភាព_ពី_ហ្វេសប៊ុក_ Sokhom Sek
ទឹក_ស្ទឹង_មង្គល_បូរី_។ រូបភាព_ពី_ហ្វេសប៊ុក_ Sokhom Sek
ភ្នំពេញ៖ រដូវ​វស្សា​ចូលមក​ដល់ ភ្លៀង​ធ្លាក់​កាន់តែ​ច្រើន រួម​ផ្សំ​នឹង​ស្ថាន​ភាព​ទឹក​ហូរ​ធ្លាក់​ពី​ផ្នែក​ខាង​លើ​ តាម​បណ្ដោយ​ដងស្ទឹងនៃ​ស្រុក​បរវេល ខេត្ត​បាត់ដំបង និង​ទឹក​ហូរធ្លាក់​ពី​ស្រុក​ម៉ាឡៃ បាន​ធ្វើ​ឱ្យ​កម្រិត​ទឹក​ក្នុង​ស្ទឹង​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​ ហក់​ឡើង​ខ្លាំង។ ស្ថាន​ភាព​បែបនេះ អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ផ្ទះ​សម្បែង សត្វ និង​ផល​ដំណាំ​ផ្សេងៗ។


 
រដ្ឋបាលស្រុក​មង្គល​បូរី បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ក្រោយ​ស្ថាន​ភាព​ទឹក​ក្នុង​ស្ទឹង​មង្គល​បូរី មាន​ការ​ហក់​ឡើង​ខ្លាំង ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ។ ដើម្បី​បង្ការការពារនូវ​គ្រោះ​ទឹក​ជំនន់​ រដ្ឋ​បាល​ស្រុកមង្គល​បូរី អំពាវ​នាវ​ដល់​ពលរដ្ឋ ​ត្រៀម​ស្បៀង​ រួមទាំង​ថ្នាំសង្កូវ ក្នុង​ករណីមាន​ការ​ជន់​លិច​ផ្សេងៗ។ 
 
សេចក្ដី​ប្រកាសរបស់​​រដ្ឋ​បាល​ស្រុក​មង្គល​បូរី​ចេញ​ផ្សាយ​ថ្ងៃទី​២០ កញ្ញា បន្តថា ពលរដ្ឋ​ត្រូវ​រៀបចំ​ទុក​ឯកសារ​សំខាន់ៗ និង​ត្រៀម​មធ្យោបាយ​ដឹក​ជញ្ជូន ឬ​មធ្យោបាយ​ទុក​ជម្លៀស​នៅ​ពេល​ទឹក​ជំនន់​មកដល់។ ជាមួយ​គ្នានេះ ថែរក្សា​កុមារ​តូច និង​មិន​ត្រូវ​ឱ្យ​កុមារ​ចុះ​លេងទឹក​ តែម្នាក់​ឯង ដោយ​គ្មាន​មនុស្ស​ធំ​នៅ​ក្បែរ ពិសេស​ត្រូវ​ប្រុង​ប្រយ័ត្ន​សត្វ​អសិរពិស និង​ប្រព័ន្ធ​អគ្គិសនី។
 
សូម​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញានេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ព្យាករណ៍ថា រាជធានីភ្នំពេញ និង​ខេត្ត​ចំនួន១១ នឹង​អាច​រង​ជំនន់​ទឹក​ភ្លៀង​ ពី​ថ្ងៃទី​២២-២៨ កញ្ញ៕ 
 

Tag:
 អាកាសធាតុ
  ជំនន់
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com