ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក រ៉ុង ឈុន ទទួលការវះកាត់ភ្នែកស្តាំដោយជោគជ័យ តែនៅតែមានការបារម្ភ
21, Sep 2021 , 7:59 pm        
រូបភាព
លោក រ៉ុង ឈុន ចូលរួមទាមទារអត្ថប្រយោជន៍ផ្សេងឲ្យកម្មករ កាលពីខែកក្កដា ឆ្នាំ២០២០ (មុនពេលចាប់ខ្លួន)។  រូបពី AFP
លោក រ៉ុង ឈុន ចូលរួមទាមទារអត្ថប្រយោជន៍ផ្សេងឲ្យកម្មករ កាលពីខែកក្កដា ឆ្នាំ២០២០ (មុនពេលចាប់ខ្លួន)។ រូបពី AFP
លោក រ៉ុង ឈុន មេសហជីព និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានទទួលការវះកាត់ភ្នែកស្តាំរួចរាល់ហើយ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះបើតាមអ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា។


អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ថា លោក រ៉ុង ឈុន មានឈាមកកក្នុងបាតភ្នែក។ អ្នកស្រី លើកឡើងថា ថ្វីដ្បិតលោក រ៉ុង ឈុន ឆ្លងកាត់ការវះកាត់ភ្នែកដោយជោគជ័យក្តី តែអ្នកស្រី និងអ្នកគោរពស្រឡាញ់លោក នៅតែបារម្ភពីភ្នែករបស់លោក។ ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជារូបនេះ ថ្លែងថា៖«យើង ខ្លាច [ភ្នែកគាត់] មានបញ្ហាទៅថ្ងៃក្រោយ»។  
 
អ្នកស្រី បារម្ភ ពីព្រោះថា លោក រ៉ុង ឈុន មិនត្រូវបានអនុញ្ញាតឲ្យសម្រាកនៅមន្ទីរពេទ្យឡើយ ដោយឆ្លងកាត់ការវះកាត់រួចនៅពេលព្រឹក លោក ក៏ត្រូវបញ្ជូនទៅពន្ធនាគារព្រៃសវិញ នៅពេលល្ងាច ក្នុងថ្ងៃតែមួយ។ ម្យ៉ាងទៀត បរិយាកាសចង្អៀតណែនក្នុងពន្ធនាគារ និងបញ្ហានៃការប្រើប្រាស់ ក៏ធ្វើឲ្យអ្នកស្រី បារម្ភពីការបង្កឲ្យភ្នែករបស់លោក រ៉ុង ឈុន អាចមានសភាពធ្ងន់ធ្ងរដែរ។ 
 
លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺថា ក្រោយវះកាត់រួច លោក រ៉ុង ឈុន ត្រូវបានអនុញ្ញាតឲ្យសម្រាកនៅប៉ុស្តិ៍សុខភាពរបស់ពន្ធនាគារ ដោយមិនទាន់បញ្ជូនលោក ចូលក្នុងបន្ទប់ឃុំឃាំងវិញភ្លាមៗនោះទេ។ លោក បញ្ជាក់ថា៖«អត់មានបញ្ហាអីទេ មានមន្រ្តីសុខាភិបាល មើលថែគាត់ហើយ»។ 
 
បើតាមមន្រ្តីជាន់ខ្ពស់ផ្នែកពន្ធនាគាររូបនេះ រាល់ការចំណាយទាំងអស់លើការព្យាបាលភ្នែករបស់លោក រ៉ុង ឈុន គឺជាបន្ទុករបស់រដ្ឋ។ 
 
អ្នកស្រី អ៊ុក ឆាយ៉ាវី ទទួលបានព័ត៌មានពីលោក រ៉ុង ឈុន តាមទូរស័ព្ទថា ក្រោយវះកាត់រួច ភ្នែកស្តាំរបស់លោក អាចមើលឃើញប្រមាណ៥០ភាគរយវិញហើយ។ អ្នកស្រី ទទួលបានព័ត៌មានទៀតថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ លោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យម្តងទៀត ដើម្បីលាងភ្នែកជាលើកទី២។ 
 
អ្នកស្រី ប្រាប់ថា តាមពិត លោក រ៉ុង ឈុន មានជំងឺភ្នែកតាំងពីមុនជាប់ឃុំម្ល៉េះ។ អ្នកស្រី បន្ថែមថា មុនជាប់ឃុំ ភ្នែកស្តាំរបស់លោក មិនមានបញ្ហាធ្ងន់ធ្ងរឡើយ ដោយសារលោក បានពិនិត្យនិងព្យាបាលទៀងទាត់ តាមកាលកំណត់របស់គ្រូពេទ្យ។ អ្នកស្រី បន្តថា ភ្នែកស្តាំរបស់លោក ចាប់ផ្តើមធ្ងន់ធ្ងរ នៅពេលលោក ជាប់ឃុំ ហើយខកខានទៅមន្ទីរពេទ្យ។ អ្នកស្រី អះអាងទៀតថា លោក នៅមានជំងឺផ្សេងទៀត ដូចជា ជំងឺលើសឈាមជាដើម។ 
 
លោក រ៉ុង ឈុន ដែលធ្លាប់ជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ត្រូវបានតុលាការភ្នំពេញ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ លោក ត្រូវចាប់ខ្លួន និងចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ ដោយសារអត្ថាប្បាយអំពើបញ្ហាព្រំដែន។ មុនចាប់ខ្លួន លោក បានចុះទៅពិនិត្យតាមតំបន់ព្រំដែន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋមួយចំនួននៅតំបន់នៅ បានបាត់ដីទៅខាងវៀតណាម។ មកដល់ខែកញ្ញា ឆ្នាំ២០២១នេះ លោក ជាប់ឃុំជាងមួយឆ្នាំហើយ។  
 
អ្នកស្រី អ៊ុក ឆាយ៉ាវី នៅតែទទូចឲ្យតុលាការដោះលែងលោក រ៉ុង ឈុន ដើម្បីឲ្យលោក មានឱកាសពេញលេញ ក្នុងការព្យាបាលជំងឺ៕ 
 

Tag:
 រ៉ុង ឈុន
  វះកាត់ភ្នែក
© រក្សាសិទ្ធិដោយ thmeythmey.com